ប្រែសម្រួល : កញ្ញាដាលីស/តូក្យូ ៖ មន្ត្រីទីភ្នាក់ងារអវកាសជប៉ុននិយាយថា យានអវកាសជប៉ុនមួយគ្រឿងកំពុងស្ថិតនៅលើគន្លងរបស់វាខណៈវាខិតជិតផែនដីដើម្បីបញ្ជូនបំពង់មួយផ្ទុកនូវសំណាកអាចម៍ផ្កាយ ដែលអាចផ្តល់ជាតម្រុយអំពីប្រភពដើមនៃប្រព័ន្ធសុរិយគតិនិងជីវិតនៅលើផែនដី។
យាន Hayabusa2 បានចាកចេញពីអាចម៍ផ្កាយ Ryugu ដែលស្ថិតនៅចម្ងាយប្រហែល ២៩០ លានគីឡូម៉ែត្រកាលពីមួយឆ្នាំមុន។ បំពង់នេះនឹងត្រូវព្រលែងចេញនៅចម្ងាយ ២២០.០០០គីឡូម៉ែត្រពីទីអវកាស និងចុះនៅតំបន់ដាច់ស្រយាលពុំសូវមានប្រជាជនរស់នៅក្នុងតំបន់វូមឺរ៉ានៃប្រទេសអូស្ត្រាលីនៅថ្ងៃអាទិត្យទី៦ធ្នូ។
លោកយូអ៊ីឈី ស៊ូដា
លោកយូអ៊ីឈី ស៊ូដា ប្រធានគម្រោងនៅទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) បាននិយាយនៅឯសន្និសីទខ្លីមួយនៅមុនពេលការផ្តាច់ខ្លួនរបស់បំពង់ផ្ទុកសំណាកចេញពីយានអវកាសនៅថ្ងៃសៅរ៍នេះ យ៉ាងដូច្នេះថា យាន Hayabusa2 កំពុងហោះមកផែនដីតាមការគ្រោងទុកយ៉ាងរលូន។
លោកនិយាយថា “យើងបានហ្វឹកហាត់ខ្លួនយើងហើយឥឡូវនេះយើងបានត្រៀមខ្លួនរួចរាល់ហើយ។ ដូច្នេះខ្ញុំគ្រាន់តែបន់ឱ្យឧបករណ៍ដែលមិនទាន់ប្រើនៅឡើយ នឹងដំណើរការល្អហើយសូមឱ្យមានអាកាសធាតុល្អនៅក្នុងប្រទេសអូស្ត្រាលី។ យើងរំភើបណាស់”។
នៅព្រឹកព្រលឹមថ្ងៃអាទិត្យ បំពង់ដែលបំពាក់ប្រព័ន្ធការពារកម្តៅ នឹងប្រែទៅជាដុំភ្លើងមួយភ្លែត នៅពេលវាចូលក្នុងបរិយាកាសផែនដីនៅកម្ពស់ ១២០ គីឡូម៉ែត្រពីលើផែនដី។ នៅកម្ពស់ប្រហែល ១០ គីឡូម៉ែត្រពីលើផែនដី ឆត្រយោងនឹងបើកដើម្បីពន្យឺតល្បឿននៃការធ្លាក់ចុះរបស់វា ហើយភ្លើងសញ្ញានឹងបញ្ជូនចេញដើម្បីបង្ហាញពីទីតាំងរបស់វា។
បុគ្គលិក JAXA បានរៀបចំថាសផ្កាយរណបនៅទីតាំងជាច្រើនក្នុងតំបន់គោលដៅដើម្បីទទួលសញ្ញា ខណៈកំពុងរៀបចំផងដែរនូវរ៉ាដាលើសមុទ្រ ដ្រូន និង ឧទ្ធម្ភាគចក្រដើម្បីជួយក្នុងការរុករកនិងស្វែងរកឱ្យឃើញនូវបំពង់រាងពងក្រពើ ដែលមានអង្កត់ផ្ចិត ១៥ អ៊ីញ៕
យាន Hayabusa2 នឹងទម្លាក់បំពង់ផ្ទុកសំណាកអាចម៍ផ្កាយមកលើប្រទេសអូស្ត្រាលីនៅព្រឹកថ្ងៃអាទិត្យ ក្រោយយកសំណាកសារធាតុមកពីអាចម៍ផ្កាយRyugu