ដោយៈ អង្គារ៍ហេង/ភ្នំពេញៈ នគរបាលប៉ុស្តិ៍ រដ្ឋបាលសង្កាត់ឃ្មួញ បានឃាត់ខ្លួន យុវជនម្នាក់ ករណីហិង្សា យកកាំបិតបុ័ងតោ កាប់បុរសម្នាក់ទៀត ឲ្យរងរបួសធ្ងន់ធ្ងរ (របួសក្បាល បបូរមាត់) ។ ករណីឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
នគរបាលប៉ុស្តិ៍ រដ្ឋបាលសង្កាត់ឃ្មួញ បានប្រាប់ឱ្យដឹងថាៈ ជនសង្ស័យ ឈ្មោះ ចាន់ កី អាយុ៤២ឆ្នាំ មុខរបរ បើកឡានក្រុមហ៊ុន ទេសចរណ៍ អង្គរសេវិន ស្នាក់ផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
លោក ញាណ នន នាយនគរបាលប៉ុស្តិ៍ឃ្មួញ បានឲ្យដឹងថាៈ ជនសង្ស័យ ឈ្មោះ ចាន់ កី អាយុ៤២ឆ្នាំ (គ្មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះ ឈ្មោះ អ៊ូច សុភា អាយុ៤៥ឆ្នាំ ។ បុរសពីរនាក់នេះ មានមុខរបរ បើកឡាន ក្រុមហ៊ុនទេសចរណ៍ អង្គរសេវិន ជាមយយគ្នា និងស្នាក់ផ្ទះសង់ថ្មី ផ្លូវបេតុង ក្នុងភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដូចគ្នា។ អ្នកទាំងពីរ មានទំនាស់ពាក្យសម្តី ក្នុងវង់ផឹកស៊ី ទើបបង្កជាហិង្សាបែបនេះ ។
លោកបានបន្តថា ក្រោយពីទទួលបានដឹណឹងនេះភ្លាម លោកបានបញ្ជាឲ្យកម្លាំងចុះទៅ ដល់កន្លែងកើតហេតុ ឃាត់ខ្លួនបានជនបង្កតែម្តង និងដកហូតបានកាំបិតបុ័ងតោ ១ ។ បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីអនុវត្ត តាមនីតិវិធី៕PC