ដោយៈ គង់ហេង/ត្បូងឃ្មុំៈ អាជ្ញាធរស្រុកមេមត់ បានដឹកនាំមន្ត្រីជំនាញ និងសមត្ថកិច្ច ពាក់ព័ន្ធ ចុះទប់ស្កាត់ និងហាមឃាត់សកម្មភាព ធ្វើអាជីវកម្មរុករករ៉ែលោហៈ ខុសច្បាប់ នៅតំបន់សំពៅលូ ឃុំជាំតាម៉ៅ គឺបានរកឃើញរណ្តៅដី ចំនួន ១០ ម្ចាស់ និងបានរឹបអូស វត្ថុតាង ចំនួន ប្រាំបួនមុខ រយ:ពេលពីរថ្ងៃ។ ប៉ុន្តែចាប់មិនបាន អ្នកជីករករ៉ែ ទាំងនោះទេ ដោយពួកគេ បានរត់គេចខ្លួន។
លោក ស្រេង លី អភិបាលស្រុកមេមត់ បានប្រាប់សារព័ត៌មានរស្មីកម្ពុជា នៅថ្ងៃទី៥ ខែធ្នូថាៈ ក្រោយពីបានទទួលបញ្ជាពីលោក ជាម ចាន់សោភណ្ឌ ជាអភិបាលខេត្តត្បូងឃ្មុំ លោកបាន ដឹកនាំកម្លាំង ចុះទៅទប់ស្កាត់ ហាមឃាត់សកម្មភាព ជីករករ៉ែលោហៈ គ្មានការអនុញ្ញាត ដែលមានទីតាំងខាងលើ នាថ្ងៃទី ៣ ដល់ថ្ងៃទី ៤ ខែធ្នូ ។
លោកអភិបាលស្រុកមេមត់ បានឱ្យដឹងទៀតថាៈ ជាលទ្ធផល យើងបានរកឃើញ អត្តសញ្ញាណ ម្ចាស់រណ្តៅដី ជីករករ៉ែខ្នាតធំ ចំនួន ១០ កន្លែង ស្ថិតក្នុងភូមិសំពៅលូ ឃុំជាំតាម៉ៅ ស្រុកមេមត់ ដោយម្ចាស់អាជីវកម្មខុសច្បាប់ទាំងនោះ បានគេចខ្លួនមុនពេល យើងទៅដល់ ហើយយើងបានរឹបអូស វត្ថុតាងរួមមាន ធុងខ្យល់ បួនគូ , ម៉ាស៊ីនកិនថ្មបំបែក ពីរគ្រឿង, ឧបករណ៍បំបែកថ្ម មួយគ្រឿង ម៉ាស៊ីនបូមទឹក បីគ្រឿង , ម៉ាស៊ីន ប្រាំពីរ គ្រឿង , ម៉ាស៊ីន និងឌីណាម៉ូ ពីរ គ្រឿង, ឌីណាម៉ូ មួយ គ្រឿង, ក្បាលទាញខ្សែកាប មួយ គ្រឿង និងកម្ទេចរ៉ែ មួយធុង។
លោក ស្រេង លី បានបន្តថាៈ វត្ថុតាងទាំងអស់ យើងបានដឹកជញ្ជូននាំយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកមេមត់ ដើម្បីរង់ចាំការសម្រេចពី លោកអភិបាលខេត្ត ត្បូងឃ្មុំ។
លោក ប៉ុន ប៊ុនធឿន ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តត្បូងឃ្មុំ បានឱ្យដឹងនៅថ្ងៃទី៤ ខែធ្នូថាៈ ទីតាំងរុករករ៉ែខុសច្បាប់នេះ ដើមឡើយ វាស្ថិតក្រោមការគ្រប់គ្រង របស់ក្រុមហ៊ុនរុករក រ៉ែមួយ មានការអនុញ្ញាត ពីរាជរដ្ឋាភិបាល។ មកដល់ចុងឆ្នាំ២០១៤ មិនដឹងថា ក្រុមហ៊ុននោះ ផុតសុពលភាពអាជ្ញាប័ណ្ណ ឬក្ស័យធន យ៉ាងណានោះទេ ក៏បានបោះបង់ទីនោះចោល និងក៏បានចាប់ផ្តើម មានសកម្មភាពអាជីវកម្ម ខុសច្បាប់ ដូចដែលបានបង្ក្រាប ខាងលើ។
លោកប្រធានមន្ទីរ បានបន្តថាៈ ពិសេសកន្លងមក តំបន់នោះ គឺពុំមានអ្នកគ្រប់គ្រង ច្បាស់លាស់ផង។ ប៉ុន្តែខាងលោក បានចុះទៅបង្ក្រាបជាហូរហែ និងណែនាំ ដល់ក្រុម អ្នកជីករ៉ែ ចន្លោះពី ៣០ ទៅជិត ១០០ ម៉ាស៊ីន ក៏មានដែរ។ ប៉ុន្តែមួយរយ:ចុងក្រោយ សកម្មភាពអនាធិបតេយ្យនេះ ហាក់រីកកើនឡើង ជាទ្រង់ទ្រាយធំ គឺជីកជារណ្តៅ ប្រើរំសេវបំផ្ទុះ តែយើងចុះបង្ក្រាប មិនទាន់ឃើញ តែស្នាមរណ្តៅបំផ្ទុះនោះ គឺគេប្រើរំសេវ មែន៕PC