ដោយៈ សុខុម/ស្ទឹងត្រែងៈ គួរអោយអាសូរណាស់ ក្មេងប្រុសម្នាក់ បានវារធ្លាក់ចូលឆ្នាំងបបរ តាំងពីនៅអាយុ ៥ ទៅ ៦ ខែមកម្ល៉េះ។ ឥឡូវនេះ ក្មេងប្រុសនោះ មានអាយុជាង ២ ខួបហើយ ក៏ប៉ុន្តែបានពិការមួយកំណាត់ក្រោម ពិបាកក្នុងការរស់នៅ។
គ្រួសារខ្វះខាតនោះ រស់នៅលើតំបន់ដីកោះ ដាច់ស្រយាល ស្ថិតក្នុងភូមិកោះហិប ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ឪពុកក្មេងនោះ ឈ្មោះ លិប វាសនា ម្ដាយឈ្មោះ សារឿនតូច មានកូនចំនួន ២ នាក់ គឺស្រីម្នាក់ ប្រុសម្នាក់។ កូនស្រី គឺជាកូនច្បង រីឯក្មេងដែលរលាកទឹកបបរ ពិការគឺជាកូនប្រុសពៅ។
លោក សៃ វាសនា គឺជាគ្រូពេទ្យ កំពុងបម្រើការងារ នៅមណ្ឌលសុខភាព ព្រះរំកិល ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ សព្វថ្ងៃ បានប្រាប់ឲ្យដឹង នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២០នេះថាៈ ពីដំបូងឡើយ ក្រុមគ្រូពេទ្យ បានចុះតាមមូលដ្ឋាន ដើម្បីផ្ដល់សេវាថ្នាំបង្កា តាមភូមិឆ្ងាយដាច់ស្រយាល ហើយបានធ្វើដំណើរ ដែលមានចម្ងាយប្រមាណជា ៣០ គីឡូម៉ែត្រ តាមផ្លូវទឹក ទៅដល់ភូមិកោះហិប ក៏បានជួបគ្រួសារក្រីក្រមួយ ដែលមានកូនតូច ពិការភាព ដោយសារធ្លាក់ចូលឆ្នាំងបបរ។
ពេលនោះ គ្រូពេទ្យ វាសនា ពិតជាអាណិត ក្មេងប្រុសនោះខ្លាំងណាស់ ដោយសារតែ ការរស់នៅ របស់ក្មេង ពិបាកខុសជាងក្មេងដទៃទៀត នៅក្នុងភូមិ។ ក្មេងនោះ កើតនៅ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ហើយបានធ្លាក់ចូលឆ្នាំងបបរ ខណៈពេលម្ដាយ កំពុងតែ សំរាន្តនៅលើផ្ទះតូចមួយ។ កាលនោះ ក្មេងប្រុសនេះ ទើបតែមានអាយុ ៥ ទៅ ៦ ខែប៉ុណ្ណោះ ដែលចេះវារតិចតួច ហើយបានធ្លាក់ចូលឆ្នាំងបបរ រហូតពិការ។ ឥឡូវនេះ ក្មេងប្រុសនោះ មានអាយុជាង ២ ខួបទៅហើយ ប៉ុន្តែពិតជាពិបាក គួរឱ្យអាណិតណាស់។
លោកគ្រូពេទ្យ បានបញ្ជាក់ទៀតថាៈ បើសិនជាចង់ជួបក្មេងនោះ ទាល់តែធ្វើដំណើរ ដោយផ្ទាល់ទើបបាន។ ពីព្រោះថា ពីទីប្រជុំជន ទៅកោះហិប មិនមានសេវាទូរស័ព្ទ ទំនាក់ទំនងគ្រប់គ្រាន់ឡើយ។
អ្នករស់នៅក្នុងភូមិ សុំអង្វរដល់សប្បុរសជន ជួយដល់ក្មេងប្រុសនោះផង ក្រែងមានសង្ឃឹម ព្យាបាលដល់ក្មេងនោះ អាចមានលក្ខណៈប្រសើរ បានដូចក្មេងដទៃទៀត៕PC