ដោយៈ សរិទ្ធ/កណ្តាលៈ ហាងផឹកស៊ី ២ កន្លែង នៅក្រុងតាខ្មៅ ដែលមានបន្ទប់បិទជិត គឺ ហាង ឡូហ្ស៊ិក និង ហាង គោលដៅចាស់ លួចបើក ដោយមិនខ្លាច ការរីករាលដាល ជំងឺកូវីដ-១៩ ត្រូវបានសមត្ថកិច្ច សម្រេចបិទ ជាបណ្តោះអាសន្ន ។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានថ្លែងប្រាប់រស្មីកម្ពុជា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ នេះថា សមត្ថកិច្ចសម្រេចបិទហាងទាំង ២ នេះហើយ ដោយសារមិនគោរពតាមការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពាក់ព័ន្ធការបង្ការ ការទប់ស្កាត់ ការរីករាល ជំងឺកូវីដ-១៩ ។
លោកអធិការ បានបន្តថា សម្រាប់ហាងដទៃទៀត ដែលមិនគោរព តាមការណែនាំ និងការផ្សព្វផ្សាយ របស់សមត្ថកិច្ច ក៏ប្រឈមនឹងបិទផងដែរ ។
គិតត្រឹមថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ នេះ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា គឺ មានអ្នកឆ្លង ជំងឺកូវីដ-១៩ សរុបចំនួន ២៩ នាក់ ហើយ ៕PC