ដោយ៖រ៉ាម៉ន / ភ្នំពេញ៖ លោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោក តំណាងខ្ពង់ខ្ពស់ឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ធ្នូនេះបានជួបសំណេះសំណាល និងផ្តល់គ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនដល់ កងកម្លាំងប្រជាការពារ និងភ្នាក់ងារបរិស្ថានខណ្ឌ ដើម្បីដោះស្រាយជីវភាពប្រើប្រាស់ប្រចាំថ្ងៃក្នុងអំឡុងពេលកូវីដ-១៩។
សកម្មភាពទាំងនេះធ្វើឡើងដើម្បីជាការលើកទឹកចិត្តដូចជាការតបស្នងចំពោះ កងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្តទាំងការថែរក្សាសណ្ដាប់ធ្នាប់ សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ណាស់ចំពោះកងកម្លាំងនិងប្រជាពលរដ្ឋទូទៅ គឺទីណាមានការលំបាក សម្តេចតែងបានជួយដោះស្រាយជានិច្ច។ ជាក់ស្តែងសំរាប់ដំណាក់កាលកូវីដ-១៩នេះ សម្តេចបានផ្តល់ជូននូវគ្រឿងឧបភោគបរិភោគ ដល់កងកម្លាំងប្រជាការពារ និងភ្នាក់ងារបរិស្ថាននៅរាជធានីភ្នំពេញ បានផ្តល់ម៉ាស មករដ្ឋបាលរាជធានីភ្នំពេញចំនួន៣លានម៉ាស់ ដើម្បីចែកជូនប្រជាពលរដ្ឋនៅសហគមន៍ក្រីក្រ ដែលមិនមានលទ្ធភាពទិញម៉ាសយកមកប្រើប្រាស់ ចែកអ្នកដំណើរតាមដងផ្លូវ។
បន្ថែមពីលើនេះទៀតកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងពិធីបើកការដ្ឋានសាងស និង កែលម្អផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាប ខេត្តសៀមរាប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឧបត្ថម្ភថវិការបស់រាជរដ្ឋាភិបាល ជូនបងប្អូនប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័កទាំងអស់នៅរាជធានីភ្នំពេញ ដោយក្នុង១គ្រួសារទទួលបានថវិកាចំនួន ៣០ម៉ឺនរៀល សំរាប់រយៈពេល១៥ថ្ងៃ មានន័យថា ក្នុង១ថ្ងៃ២ម៉ឺនរៀលថែមទៀត៕