Home ព័ត៌មានជាតិ សុខាភិបាល ក្រសួង​ប្រកាស...

ក្រសួង​ប្រកាសៈ​ប្រភពដើម​នៃ​ការចម្លង​ចូល​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​គឺ​ដោយសារ​បុគ្គល​ពីរ​នាក់​

ដោយៈ​មុនីរ័ត្ន​/​ភ្នំពេញៈបុគ្គល​២​នាក់​គឺ​ឈ្មោះ​ឆែម​សូ​នី​តា​និង​ឈ្មោះ​តាំង​សេ​វិ​ន​អាប់​គឺជា​ប្រភព​ដំបូង​នៃ​ការចម្លង​ចូល​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​ដែល​អាចជា​ករណី​នាំចូល​តាំងពី​ខែតុលា​ឆ្នាំ​២០២០​មកម្ល៉េះ​។​នេះ​បើ​យោង​តាម​សេចក្តីប្រកាស​ព័​ត៌មា​ន​របស់​ក្រសួងសុខាភិបាល​នៅ​រសៀល​ថ្ងៃទី​៥​ខែធ្នូ​នេះ​។​

​ប្រភព​ដដែល​បញ្ជាក់ថា ក្រោយពី​ក្រសួង បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការ​ស្រាវ​រក​ប្រភព​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​នា​ថ្ងៃទី​៣​ខែធ្នូ​រួចមក​ក្រុមការងារ​អន្តរក្រសួង​ទទួលបន្ទុក​រុករក​ស្រាវជ្រាវ​រួមគ្នា​ជាមួយនឹង​ក្រុមការងារ​របស់​ក្រសួងសុខាភិបាល បាន​ខិតខំ​ធ្វើការ​ស្រាវជ្រាវ​រក​ប្រភព​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ នេះ ជា​បន្តទៀត​។​
​តាម​ការពិភាក្សា ក្នុង​ក្រុមការងារ​ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល ក្រុម​ស្រាវជ្រាវ​ចម្រុះ​នៃ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ជាមួយនឹង​អ្នកជំនាញការ​អង្គការ​សុខភាព​ពិភពលោក និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ព្រឹក​ថ្ងៃទី​៥ ខែធ្នូ និង​ដោយ​យោងតាម​ព័ត៌មាន ទទួលបាន​ពី​ការធ្វើ​សម្ភាស​ផ្ទាល់​ជាមួយ​ករណី​ពាក់ព័ន្ធ​ការសិក្សា​អេ​ពី​ដេ​មី​សាស្ត្រ​និង​ការសិក្សា​ផ្នែក​មន្ទីរពិសោធន៍​តាមបែប​វិទ្យាសាស្ត្រ របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា លើ​ប្រភេទ​វីរុស​កូ​វីដ​-១៩ ដែល​អាច​ចម្លង​មកពី​ក្រៅប្រទេស និង​នៅក្នុង​ប្រទេស​កម្ពុជា សម្រាប់ «​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​» ក្រុមការងារ​អាច​ទាញ​ការសន្និដ្ឋាន​ជា​បន្តទៀត ដោយ​ផ្អែកលើ​៖

១. លំដាប់លំដោយ​នៃ​ការចេញ​រោគសញ្ញា និង​ហេតុការណ៍​សកម្មភាព​ទំនាក់ទំនង​គ្នា​ក្នុងសង្គម​
២. ការវិវត្ត​នៃ​ចំនួន​មេរោគ​តាមបែប​ភី​ស៉ី​អែរ (PCR Test)
៣. ទំនាក់ទំនង​ទទួលបាន​ពី​ការវិភាគ​វត្ថុ​សំណាក់​អ្នកជំងឺ​បែប​បំបែក​បន្តៗ​គ្នា (Sequencing Covid-19 virus sample)
៤. តាម​ការពិចារណា​ដោយ​ហ្មត់ចត់​នៃ​អង្គ​បដិបក្ខ (Antibody) ដោយ​ពិនិត្យ​លើ​វត្ថុ​សំណាក​ឈាម​របស់​អ្នកជំងឺ​។​
​លទ្ធផល​នៃ​ការពិភាក្សា ត្រូវបាន​បង្ហាញជូន​ដូចតទៅ​៖ បុគ្គល ២​នាក់ គឺ​ស្ត្រី​ឈ្មោះ ឆែម សុនី​តា អាយុ ៣០​ឆ្នាំ និង បុរស​ឈ្មោះ តាំង សេ​វិ​ន​អាប់ អាយុ ៤២​ឆ្នាំ អាច​ឆ្លង​វីរុស​កូ​វីដ​-១៩ មុនគេ និង​ជា​ករណី​ជាសះស្បើយ ក្រោយ​ការបង្ក​រោគ​ហើយ​និង​ដែល​អាចជា​ប្រភព​ទី​១ នៃ​ការចម្លង​សម្រាប់​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា ពី​ករណី​នាំ​ចូលមក​កម្ពុជា​ក្នុង​កំឡុង​ខែតុលា ឆ្នាំ​២០២០​។​
. បុគ្គល ៧​នាក់ (​ស្ត្រី​ឈ្មោះ ហេង គង់ អាយុ ៥៦​ឆ្នាំ បុរស​ឈ្មោះ ឆែម សាវុធ អាយុ ៥៧​ឆ្នាំ កុមារា​ឈ្មោះ កែវ រតនៈ​បញ្ញា អាយុ ១២​ឆ្នាំ ស្ត្រី​ឈ្មោះ លឹម លម្អ អាយុ ២៤​ឆ្នាំ ស្ត្រី​ឈ្មោះ អ៉ី​វ ប៊ុន​សូលី​ដា អាយុ ៣៦​ឆ្នាំ បុរស​ឈ្មោះ អែម សាន អាយុ ៣៦​ឆ្នាំ និង​បុរស​ឈ្មោះ សេង ឆាយា អាយុ ៣០​ឆ្នាំ​) កំពុងមាន​ជំងឺ​ស្ថិតនៅក្នុង​ដំណាក់កាល​ក​ណ្តា​ល ឆ្ពោះទៅរក​ការ​ជាសះស្បើយ​។​

. បុគ្គល ៤​នាក់ (​ស្ត្រី​ឈ្មោះ ឆែម សុភាព អាយុ ៣៦​ឆ្នាំ ស្ត្រី​ឈ្មោះ អ៊ុ សុវណ្ណារ៉ា អាយុ ៦៤​ឆ្នាំ ស្ត្រី​ឈ្មោះ សេង លីន អាយុ ២១​ឆ្នាំ និង​បុរស​ឈ្មោះ ឡាយ សេង​លី អាយុ ២៣​ឆ្នាំ​) កំពុងមាន​ជំងឺ​ក្នុងដំណាក់កាល​ដំបូង​នៃ​ការឆ្លង​រោគ​។​

. បុគ្គល ៤​នាក់ (​បុរស​ឈ្មោះ លឹម ស្នែ​គំនិត អាយុ ៣១​ឆ្នាំ បុរស​ឈ្មោះ អេង ហាក់​សេង អាយុ ៣២​ឆ្នាំ ស្ត្រី​ឈ្មោះ អេង គឹម​ហៀក អាយុ ៥៦​ឆ្នាំ និង​បុរស​ឈ្មោះ ស៊ឹម សុផាន់​ណា​រ៉ាត់ អាយុ ៣៥​ឆ្នាំ​) អាច​មិន​ឆ្លង ឬក៏​កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​មេរោគ​សម្ងំ​នៅឡើយ (Incubation period) ដោយ​រក​មិនឃើញ​អង្គ​បដិបក្ខ (Antibody) និង​មិនទាន់​ឃើញ​មាន​វីរុស​កូ​វីដ​-១៩ (​ដែល​ត្រូវ​រងចាំ​ពិនិត្យ​តេស្ត​លើក​ទី​ពីរ​ទៀត​)​។​
​ ការរៀបរាប់​ខាងលើ គឺជា​សម្មតិកម្ម ដែល​ក្រុមការងារ​ទទួលបាន​ពី​កិច្ចពិភាក្សា​នៅ​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២០ ដែល​បាន​បង្ហាញថា មាន​បុគ្គល ២​នាក់ (​គឺ​ស្ត្រី​ឈ្មោះ ឆែម សូ​នី​តា អាយុ ៣០​ឆ្នាំ និង​បុរស​ឈ្មោះ តាំង សេ​វិ​ន​អាប់ អាយុ ៤២​ឆ្នាំ​) ជា​ករណី​ឆ្លង​ដំបូង​គេ​នៃ ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា ដែល​ពួកគាត់​អាច​ឆ្លង​បន្ត​ពី​ករណី​នាំចូល​វីរុស កូដ​-១៩ ពី​ក្រៅប្រទេស​។​
​សូម​អានសេចក្តីប្រកាស​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular