Home ព័ត៌មានជាតិ សន្តិសុខ រថយន្ត​វ៉ា​ជែ...

រថយន្ត​វ៉ា​ជែង​ទាំង​កម្រោល​ទៅបុក​ម៉ូតូ​ដាច់​ពីរ​កំណាត់ ស្លាប់​មនុស្ស​ម្នាក់​

ដោយ​៖ ប​.​ជ័យ / បន្ទាយមានជ័យ​: រថយន្ត​១​គ្រឿង ត្រូវ​អ្នកបើកបរ​បើក​វ៉ា​ជែង​ទាំង​កម្រោល​ទៅបុក​ពេញទំហឹង​លើ​ម៉ូតូ បណ្តាល​ឲ្យ​ដាច់​ជា​ពីរ​កំណាត់ ហើយ​បង្ក​របួស​ធ្ងន់ធ្ងរ​បុរស​ម្នាក់ រួច​បន្ទាប់មក​បាន​ស្លាប់​។ គ្រោះថ្នាក់​នោះ​ម៉ោង​៩​យប់ ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥៨ នៅ​ភូមិ​ទំនប់​ដាច់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ឯក សែ​ស វិបុល អធិការនគរបាល​ស្រុក​អូរជ្រៅ បាន​ឲ្យ​ដឹងថា​៖ ជនរងគ្រោះ​មាន ឈ្មោះ ឡក់ រ៉េត ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ លំនៅ​ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​

​សមត្ថកិច្ច​បន្តថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​បើកបរ​ម៉ូតូ​ពី​លិចទៅ​កើត​។ ពេលមកដល់​ចំណុចកើតហេតុ ក៏មាន​រថយន្ត​ម៉ាក​កា​ម៉ា​រី​សេរី​ឆ្នាំ​១៩៩៥ ពណ៌​ស្លែ ពាក់​ផ្លាកលេខ កំពង់ចាម 2A ០៩៧៥ បើកបរ​ច្រាសទិស​គ្នា​ក៏បាន​ឡើង​ជែង​រថយន្ដ​មួយ​ផ្សេងទៀត ក៏​ជ្រុល​បុក​ម៉ូតូ​ពេញទំហឹង​ដាច់​ជា​២​កំណាត់ ហ​លយ​បង្ក​អ្នកបើក​ម៉ូតូ​របួសធ្ងន់ បន្ទាប់មក​បាន​ស្លាប់​។​

​អ្នកបើកបរ​រថយន្ត​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ឃើញថា មានឈ្មោះ​សែម រុន ភេទ ប្រុស​អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​

​អ្នកបើកបរ​នេះ បាន​រត់គេចខ្លួន​។ តែ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​និង​ស្រុក​អូរជ្រៅ បាននិងកំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​អ្នកបើកបរ​រថយន្ត​នោះ ដើម្បី​បានរៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular