Home ព័ត៌មានអន្តរជាតិ អ្នកជំងឺ​កូវី...

អ្នកជំងឺ​កូវី​ដ​១៩​សញ្ជាតិ​ក្រូ​អាស៊ី​អាយុ​៩៩​ឆ្នាំ​លើក​មេដៃ​អរគុណ​គ្រូពេទ្យ ក្រោយ​គាត់​យកឈ្នះ​លើ​ជំងឺ​រាតត្បាត​ដ៏​សាហាវ​នេះ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ លោកយាយក្រូ​អាស៊ី​អាយុ​៩៩​ឆ្នាំ​ម្នាក់​បាន​លើក​មេដៃ​អរគុណ​ដល់​ក្រុមគ្រូពេទ្យ ក្រោយ​ផ្តួល​វីរុស​កូរ៉ូណា​បាន​សម្រេច​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣​ធ្នូ​។​

​លោកយាយ ម៉ា​ហ្គា​រ៉េតា ក្រាន់​ហ្សិក ដែល​រស់នៅ​មណ្ឌល​មនុស្ស​ចាស់​ក្នុង​ទីក្រុង​កា​ឡូ​វ៉ាក់ បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាលពី​ចុង​ខែ​តុលា បន្ទាប់​ពី​តេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩​។

​លោកយាយ​បាន​ចំណាយពេល​៣​សប្តាហ៍​នៅ​មន្ទីរពេទ្យបង្អែក​អូ​ហ្គូ​លីន មុនពេល​គេ​អនុញ្ញាត​ឱ្យ​ចាកចេញ ហើយ​និយាយ​ថា​គាត់​ឥឡូវ​មាន​សុខភាព​ល្អ​ប្រសើរ​ឆ្ងាយ​ណាស់​។

​លោកយាយ​បាន​ប្រាប់​កាសែត Vecernji List ថា “​វា​ចប់​ហើយ​។ ខ្ញុំ​មាន​អារម្មណ៍​ល្អប្រសើរ​ឥឡូវនេះ​”​។​

​លោកយាយ​ក្រាន់​ហ្សិ​កមិន​អាច​ក្រោ​ករួច​ពី​គ្រែ​បានទេ ដោយសារ​វ័យ​ជរា និង​ទន់ខ្សោយ ប៉ុន្តែ​គ្មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​នោះទេ​ហើយ​តាម​ដឹង​លោកយាយ​ទើបតែ​មក​មណ្ឌល​ចាស់ជរា​កាលពី​​ប៉ុន្មាន​ខែ​មុន​ប៉ុណ្ណោះ​។

​យោង​តាម​វេបសាយ Croatia Week លោកយាយ​ក្រាន់​ហ្សិក ធ្លាប់​រួច​រស់​ជីវិត​ពី​សង្គ្រាម​២​ដង ហើយ​មក​ទល់​ពេល​ថ្មីៗ​នេះ​សឹងតែ​មិន​ដែល​ទៅ​ជួប​គ្រូពេទ្យ​។​

​លោកយាយ​ធ្លាប់​វះកាត់​ម្តងគត់​កាលពី​៤០​ឆ្នាំមុន ហើយ​លេប​តែ​ថ្នាំ​ទប់​កុំឱ្យ​លើសឈាម​ប៉ុណ្ណោះ ក្រៅពី​នេះ​សុខភាព​ល្អ​ទាំងអស់​៕

​លោកយាយ ម៉ា​ហ្គា​រ៉េតា ក្រាន់​ហ្សិក លើក​មេដៃ​អរគុណ​គ្រូពេទ្យ ខណៈ​គាត់​ជាសះស្បើយ​ពី​កូវី​ដ​១៩​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular