ដោយៈ ទេព មង្គល-វណ្ណៈ/ព្រះសីហនុៈ អគ្គិភ័យមួយ បានឆាបឆេះ ផ្ទះលក់ប្រេង និងជួសជុលរថយន្ត នៅវេលាម៉ោង ១និង៣០នាទី រសៀល ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ នេះ នៅជិតរង្វង់មូល ក្នុងភូមិ២ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បណ្ដាលឱ្យបុរសម្នាក់ ដែលជាសមាជិកគ្រួសារ នៃផ្ទះរងគ្រោះ បានរងរបួស រលាកភ្លើងធ្ងន់ធ្ងរ ។
លោក ថៃ គឹមសាន មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានបញ្ជាក់ថា ភ្លាមៗនេះ លោកមិនអាចបកស្រាយ ជុំវិញគ្រោះអគ្គិភ័យនេះ ថាបណ្ដាល មកពីអ្វីនោះទេ ដោយសារលោក បានកំពុងតែសហការ ជាមួយអាជ្ញាធរ ប្រជាពលរដ្ឋ និងសមត្ថកិច្ចដទៃទៀត ដើម្បីជួយអន្តរាគមន៍ ពន្លត់អគ្គិភ័យនេះ និងជួយសង្គ្រោះពលរដ្ឋ ដែលបានរងគ្រោះ។
ក៏ប៉ុន្តែបើតាមប្រភព ពីប្រជាពលរដ្ឋ នៅតំបន់ដែលរងគ្រោះអគ្គិភ័យនោះ បានឲ្យដឹងថា អគ្គិភ័យនេះ បានឆាបឆេះ ចេញពីកន្លែងជួសជុលរថយន្ត ដែលគេដាក់ការសង្ស័យថា អាចបណ្ដាលមកពី ការឆ្លងចរន្តអគ្គិសនីរថយន្ត ទើបបង្កឲ្យមានអគ្គិភ័យឆាបឆេះឡើង យ៉ាងដូច្នេះ ។
ក្រោយពីកងកម្លាំងចម្រុះ បានចុះជួយអន្តរាគមន៍ ជួយពន្លត់អគ្គិភ័យនេះ ឱ្យរលត់ទៅវិញរួចមក លោក ថៃ គឹមសាន បានបញ្ជាក់ថាៈ គ្រោះអគ្គិភ័យនេះ បានកើតឡើង ចំពោះផ្ទះធ្វើអាជីវកម្ម លក់ប្រេង និងជួសជុលរថយន្ត នៅជិតរង្វង់មូល ក្នុងឃុំអូរត្រេះ នេះ ។
មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកស្ទឹងហាវ រូបនេះ បានបញ្ជាក់ទៀតថាៈ នៅក្នុងហេតុការណ៍នេះ បានបណ្ដាលឱ្យបុរសម្នាក់ ដែលជាសមាជិកគ្រួសារ នៃផ្ទះរងគ្រោះ បានរងរបួស រលាកភ្លើងធ្ងន់ធ្ងរ ហើយត្រូវបាននាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ចំណែកដើមហេតុ បែបណានោះ សមត្ថកិច្ច កំពុងស្រាវជ្រាវបន្ត៕PC /V