ដោយ:តារារិទ្ធ/ភ្នំពេញ:រយៈពេលជាង១១ខែបន្ទាប់ ពីរកឃើញករណី នាំ ចូលដំបូង នៃ ជំងឺ កូវីដ ១៩ ប្រទេសកម្ពុជាបាន ឈាន មក ដល់ដំណាក់កាល ថ្មី ដែលកម្ពុជាមានការបារម្ភបំផុតហើយ ព្យាយាមទប់ស្កាត់បំផុតនោះបានមកដល់គឺ ការចម្លង នៅ ក្នុង សហគមន៍ ។ ស្តិតក្នុងស្ថានភាពនេះរាជរដ្ឋាភិបាលកម្ពុជាពិតជាត្រូវការជាចាំបាច់នូវការចូលរួមរបស់ប្រជាពលរដ្ឋពិសេសនោះគឺការសំដែងចេញនូវភាពស្មោះត្រង់អស់ពីបេះដូងក្នុងការផ្តល់កិច្ចសហការជាមួយអាជ្ញាធរ ឬអ្នកជំនាញពាក់ព័ន្ធ។
ឥឡូវ នេះមនុស្ស រាប់ ម៉ឺននាក់ កំពុង ដាក់ ខ្លួន ឲ្យ នៅ ដាច់ ដោយ ឡែកបន្ទាប់ ពី បាន ប្រាស្រ័យទាក់ទងដោយផ្ទាល់និង ដោយប្រយោលជាមួយក្រុមគ្រួសារលោក ឆែម សាវុធ ដែល រកឃើញ ថាមាន ផ្ទុក កូវីដ ១៩ ។ ប្រមុខ រដ្ឋាភិបាល កម្ពុជា បាន ព្រមានថាបើគ្មានការ ស្មោះត្រង់ក្នុងការផ្តល់ចម្លើយបាន ទាន់ពេលវេលា ទេសភាព ការណ៍ នឹង ពិបាក ស្រោចស្រង់ ។ ក្នុង បរិបទ នេះពលរដ្ឋ ម្នាក់ ៗ ដើរតួសំខាន់ណាស់ក្នុងការផ្តល់កិច្ចសហ ការដោយភាពស្មោះត្រង់ជាមួយនិងអាជ្ញាធរដើម្បី បង្ការ មិន ឲ្យ កូវីដ ១៩ រីករាលដាលកាន់តែធំទៅ ក្នុង សហគមន៍ ។
“ការអៀនខ្មាស់,ការលាក់លៀម”ចរិតលក្ខណៈរបស់ពលរដ្ឋខ្មែរដែលគេសង្កេតឃើញមានជាយូរមកហើយ។នៅក្នុងការផ្តល់ចម្លើយរបស់អ្នកវិជ្ជមានកូវីដ១៩ត្រូវបានមន្ត្រីជំនាញពិនិត្យឃើញថាមានចំណុចខ្លះគឺការឆ្លើយមិនមានភាពស្មោះត្រង់មិនអស់សេចក្តី។អ្នកវិជ្ជមានទាំងនោះនៅមានការលាក់លៀមចំណុចខ្លះដែលគេ ជឿថាជារឿងផ្ទាល់ខ្លួនដែលពួកគេគិតថាជាសិទ្ធិរបស់ពួកគេក្នុងការមិនចាំបាច់ឆ្លើយ ។ រឿងផ្ទាល់ខ្លួននេះចរិកលក្ខណៈខ្មែរមិនចង់ឲ្យអ្នកណាដឹងទេព្រោះជារឿង ដែលគេនិយមហៅថា “លួចស៊ីក្រៅ” មិនអាចប្រាប់ឲ្យអ្នកណាម្នាក់បានដឹងទេ សូម្បីតែប្រពន្ធកូន ឪពុកម្តាយ។ កុំថាមនុស្សប្រុសសូម្បីមនុស្សស្រីក៏ដូចគ្នានេះហើយ ជាចំណុចដែលពិបាកបំផុតក្នុងការឆ្លើយ។ក៏ប៉ុន្តែពេលនេះត្រូវតែហ៊ានបញ្ចេញមកត្រូវហ៊ានកាត់កេរ្តិ៍កាត់ខ្មាស់ដើម្បីប្រយោជន៍ជាតិនិងភាពសុខសាន្តរបស់ជាតិ ។ ប្រសិនជាមិនមានចម្លើយប្រកបដោយភាពស្មោះត្រង់ត្រឹមត្រូវទេវាជាគ្រោះថ្នាក់បំផុតដែលពិបាកនឹងស្រោចស្រង់ខ្លាំងណាស់។ ព្រោះក្រុមអ្នកស្រាវជ្រាវស្វែងរកអ្នកដែលមានការប៉ះពាល់ផ្ទាល់និងដោយប្រយោលជាមួយអ្នកមានវិជ្ជមានកូវីដ១៩មិនត្រូវបានរកឃើញ ,ហើយការរកមិនឃើញនេះវានិងធ្វើឲ្យមេរោគកូវីដ១៩ចេះតែ បន្តរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតកាន់តែធំឡើងៗ ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការអំពាវនាវ ចំពោះ អ្នក ដែលមានវិជ្ជមានកូ វីដ ទាំង ២៩ នាក់ សូមឱ្យមានការ ស្មោះត្រង់ ឆ្លើយ ឲ្យ ត្រង់ហើយ ពេលវេលា នេះ ជាពេល វេលា ចាំបាច់ បំផុត ដែល ត្រូវ បំភ្លឺ ឲ្យ បានច្បាស់លាស់ គឺ មិនអាច ប្រើ វិធី តាមបែប ចង់ ឆ្លើយ ក៏ ឆ្លើយ មិន ចង់ ឆ្លើយ ក៏ ហី គឺ មិន អាចធ្វើ យ៉ាង ដូច្នេះ ទេ , វា ជា មហន្តរាយ សម្រាប់ សុខភាព សាធារណៈ ។ វា ជា មហន្តរាយ សម្រាប់ ខ្លួន យើង ផង សម្រាប់ ក្រុមគ្រួសារ យើង ផង និង សម្រាប់អ្នកដទៃ ផង ។យើងត្រូវការចម្លើយ ដែលជា ក់លាក់ ច្បាស់លាស់ តើ បន្ទាប់ រយៈពេល កន្លងទៅ នេះ បាន ជួប អ្នកណាខ្លះ ? បានធ្វើ អ្វីខ្លះ ? ហើយ បាន ទៅ ទីណា ខ្លះ ? ព្រោះ បញ្ហា នេះ គឺជា ពន្លឺ សំខាន់ សម្រាប់ ការរុករក និង ផ្ដាច់ ឬ សគល់ នៃ ការឆ្លង ចូល សហគមន៍ ។
ពិតមែនហើយ មកដល់ពេលនេះ អ្វីដែល ហៅថា ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា ដែល គេមិន ចង់និយាយ ដល់ ឈ្មោះលោក ឆែម សាវុធនិងក្រុមគ្រួសារក៏ប៉ុន្តែព្រឹត្តិការណ៍នេះវាមិននៅតែហ៊ុំព័ទ្ធនៅក្នុងកម្រិតគ្រួសារលោកឆែមសាវុធនិងអ្នកមានការពាក់ព័ន្ធជាមួយលោកឆែមសាវុធតែប៉ុណ្ណោះទេក៏ប៉ុន្តែវាក៏បានរីកសាយទៅដល់ក្រុមបុគ្គលិកនៅហាងលក់ស្បែកជើងនិងកាបូបម៉ាកប៉េត្រូ ហើយដែលគេបានរកឃើញថាមានចំនួន៧ នាក់ មានវិជ្ជមានកូវីដ១៩ ។
នៅ ក្នុង បរិបទ កម្ពុជា សព្វ ថ្ងៃពលរដ្ឋ ត្រូវតែហ៊ានសំដែងចេញនូវភាពស្មោះត្រង់សហការជាមួយអាជ្ញាធរមានសមត្តកិច្ច និង ចេះការពារ ខ្លួនពីការឆ្លងកូវីដ១៩ ព្រោះ សូម កុំ ភ្លេច ថាជំងឺ កូវីដ ១៩ នេះឆ្លង ដោយ ពុំ រើស មុខ ទេ ។ ពលរដ្ឋ ខ្មែរ ត្រូវ យល់ ថាក្ដី ព្រួយ បារម្ភ និង ភាព ភ័យ ខ្លាច របស់ ខ្លួនពុំ មាន អ្វី ខុស ប្រក្រតី ទេប៉ុន្តែ ជា រឿង ត្រឹម ត្រូវ ទៅវិញដើម្បី កុំ ឲ្យ ឆ្លង ជំងឺ ដ៏ កាច សាហាវ នេះ ទៅ ក្នុងសហគមន៍ ខ្មែរដែលដំបូងបំផុតក្រុមគ្រួសាររបស់ខ្លួន។
គេត្រូវចងចាំថាបញ្ហាចំពោះមុខនាពេលនេះគឺការស្រាវជ្រាវរកមនុស្សដែលពាក់ព័ន្ធដោយផ្ទាល់និងដោយប្រយោលជាមួយអ្នកដែលមានវិជ្ជមានកូវីដ១៩ យកមក ពិនិត្យសំណាកនិងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ដែល ការងារ នេះ តម្រូវ ឲ្យ ពលរដ្ឋ ទូទៅ ចូល រួមសហការ ជាមួយ អាជ្ញាធរ ។ការចូលរួម សំខាន់ បំផុតនៅពេលនេះ គឺអ្នកមាន វិជ្ជមានកូវីដ១៩ ត្រូវផ្តល់ចម្លើយពិតស្មោះត្រង់អំពីសកម្មភាពរបស់ខ្លួនមុនពេលមានមេរោគកូវីដ១៩ ៕