ដោយៈញ៉ែម សុផល/ភ្នំពេញ: គិតមកដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ ទឹកប្រាក់ដែលទទួលបានពីកម្មវិធី “រត់ដើម្បីសប្បុរសធម៌ជាមួយសាយ” មានចំនួន ជាង៤៣ម៉ឺនដុល្លារអាម៉េរិក។នេះបើយោងតាមមន្ទីរពេទ្យកុមារអង្គរនាថ្ងៃទី៥ធ្នូនេះ។
បន្ទាប់ពីមកពីព្រះវិហារ ឥឡូវនេះ «សាយ» បានមកដល់ស្ទឹងត្រែងហើយ ហើយនឹងបន្តទៅរតនគិរីនៅថ្ងៃស្អែក។រហូតមកដល់ពេលនេះ សាយរត់បានជាង១៦០០គីឡូម៉ែត្រហើយ។
សូមជម្រាបថា លោក អ៊ួន បឋម ឬ សាយ ត្រូវបានទទួលស្គាល់ជាទូទៅថា ជាសិល្បករប្រកបដោយទេពកោសល្យមួយរូប ដែលបានចូលប្រឡូកយ៉ាងសស្រាក់សស្រាំនៅក្នុងវិស័យសិល្បៈអស់រយៈពេលមួយទសវត្សរ៍មកហើយ។ ដោយឡែកពីការងារសិល្បៈ សាយក៏ចូលចិត្តកីឡា ជាពិសេសការរត់។ ក្នុងឱកាសគម្រប់ខួបអាយុ៣០ឆ្នាំ និងដើម្បីតបស្នងទៅសង្គមជាតិវិញ សាយបាននិងកំពុងរត់ជុំវិញប្រទេសកម្ពុជា ដើម្បីរៃអង្គាសមូលនិធិសម្រាប់ជួយដល់កុមារនៅមន្ទីរពេទ្យកុមារអង្គរ។ ការប្រមូលមូលនិធិនេះមិនមែនផ្ដោតតែទៅលើការរៃអង្គាសថវិកាតែប៉ុណ្ណោះទេ ប៉ុន្ដែវាត្រូវបានធ្វើឡើងក្នុងអត្ថន័យនិងគោលដៅទាញការចាប់អារម្មណ៍របស់សាធារណជនចំពោះការជួយកុមារនិងអនាគតរបស់ពួកគេ។
តាមរយៈកម្មវិធីនេះ សាយនឹងរត់ក្នុងរយៈពេល៩៩ថ្ងៃចេញពីរាជធានីភ្នំពេញ ទៅ២១ខេត្តក្រុងក្នុងប្រទេសកម្ពុជា ចាប់ផ្ដើមពីថ្ងៃទី០៦ ខែតុលា ដែលជាថ្ងៃកំណើតរបស់សាយផ្ទាល់ ដោយក្នុងមួយថ្ងៃតម្រូវឲ្យរត់ចម្ងាយប្រមាណ៤០គីឡូម៉ែត្រ។ រាល់មូលនិធិទាំងអស់ដែលទទួលបានពីសប្បុរសជនដែលគាំទ្រសកម្មភាពរត់របស់សាយនេះ នឹងត្រូវឧបត្ថម្ភដោយផ្ទាល់ជូនទៅមន្ទីរពេទ្យកុមារអង្គរ។
មន្ទីរពេទ្យកុមារអង្គរជាអង្គភាពមិនស្វែងរកប្រាក់ចំណេញ ដែលមានបេសកកម្មលើកកម្ពស់សុខុមាលភាពកុមារកម្ពុជាគ្រប់រូប។ មិនត្រឹមតែផ្តល់សេវាសុខាភិបាលដល់កុមារដោយឥតគិតថ្លៃតាំងពីឆ្នាំ១៩៩៩ប៉ុណ្ណោះទេ តែមន្ទីរពេទ្យកុមារអង្គរក៏ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវេជ្ជសាស្ត្ររបស់សិស្ស និស្សិត និងមន្ត្រីសុខាភិបាលផ្សេងទៀតផងដែរ។ នៅចំពោះមុខវិបត្តិជំងឺកូវីដ១៩ ការផ្ដល់មូលនិធិពីក្រៅប្រទេសដែលជាប្រភពហិរញ្ញវត្ថុដ៏សំខាន់របស់មន្ទីរពេទ្យកុមារអង្គរបានធ្លាក់ចុះយ៉ាងគំហុក ដែលបណ្ដាលឲ្យមន្ទីរពេទ្យដ៏សប្បុរសមួយនេះរងការប្រឈមយ៉ាងខ្លាំងក្នុងបេសកកម្មផ្តល់សេវាសុខភាពជួយសង្គ្រោះជីវិតកុមារកម្ពុជាដោយឥតគិតកម្រៃ ប្រកបដោយគុណភាពខ្ពស់និងក្តីមេត្តា យ៉ាងតិចណាស់ចំនួន៤០០នាក់ក្នុងមួយថ្ងៃៗ៕