ដោយ:ម៉េងឆៃ/ ភ្នំពេញ: ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែលជាការឆ្លងកូវីដពីម្នាក់ទៅម្នាក់ក្នុងក្រុមគ្រួសារ បន្តដល់អ្នកធ្វើការធនាគារ និងហាងលក់ទំនិញ សរុបកើនឡើង ២៩នាក់ ហើយជាងមួយម៉ឺននាក់ ធ្វើតេស្តរកមេរោគកូវីដ១៩ គិតត្រឹមថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ គឺជាព្រឹត្តិការណ៍ជាតិសំខាន់ នៅក្នុងសប្តាហ៍ ដើមខែធ្នូនេះ។ ខាងក្រោមនេះ ជាព្រឹត្តិការណ៍ជាតិសំខាន់ៗ ដែល រស្មីកម្ពុជា សូមលើកបង្ហាញ ជាបន្តបន្ទាប់ ដូចតទៅ៖
ថ្ងៃទី៣០ ខែវិច្ឆិកា សម្ដេចអគ្គមមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ផ្លូវ ៣៨ ខ្សែ និងគម្រោងស្ថាបនាកែលម្អដងស្ទឹងសៀមរាប ចំណាយថវិកា ១៤៩ លានដុល្លារអាមេរិក។ គម្រោងកែលំអសោភ័ណភាពខេត្តសៀមរាបនេះ នឹងចំណាយពេលសាងសង់ជាងមួយ ឆ្នាំ ដោយគ្រោងបញ្ចប់ នៅដើមខែមករាឆ្នាំ២០២២។ការដ្ឋានសាងសង់ផ្លូវនិងស្ទឹងសៀមរាបនេះដើម្បីឲ្យក្រុងសៀមរាបទាក់ទាញអ្នកទេសចរកាន់តែច្រើនថែមទៀត បន្ទាប់ពីវិបត្តិកូវីដ១៩។
ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានដ៏ធមនេះកាលពីព្រឹកថ្ងៃទី៣០វិច្ឆិកា សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវបទបញ្ជាអន្តរាគមន៍បន្ទាន់ ចំពោះមុខមួយចំនួន ដើម្បីកាត់ផ្ដាច់ចរន្តចម្លងកូវីដ១៩ ចូលទៅក្នុងសហគមន៍ទ្រង់ទ្រាយធំ។ វិធានការទាំងនោះ មានជាអាទិ៍ ការបន្តជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា ត្រូវចូលរួមធ្វើតេស្តរកមេរោគកូវីដ និងការធ្វើចត្តាឡីស័ក ដាក់ខ្លួនឲ្យនៅដាច់ដោយឡែក រយៈពេល ១៤ ថ្ងៃ ព្រមទាំងការផ្តល់ថវិកាពីរម៉ឺនរៀល ក្នុងមួយគ្រួសារ សម្រាប់ប្រជាពលរដ្ឋក្រីក្រ ដែលធ្វើចត្តាឡីស័ក ជាដើម។
បន្ទាប់ពីផ្ទុះករណីឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ថ្ងៃ២៨វិច្ឆិកា ភ្លាមៗ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឲ្យសាលារៀនរដ្ឋទាំងអស់ វ៉ាកងធំ ចាប់ពីថ្ងៃទី៣០វិច្ឆិកា ប៉ុន្តែការប្រឡងឌីប្លូម នៅថ្ងៃទី៣០វិច្ឆិកា និងការប្រឡងបាក់ឌុប នៅថ្ងៃទី២១ ខែធ្នូ នៅបន្តដដែល។ ជាមួយគ្នានោះ ក្រសួងអប់រំ ក៏បានសម្រេចឲ្យសាលារៀនឯកជនទាំងអស់ ឈប់សម្រាករយៈពេល ២សប្តាហ៍ ដើម្បីការពារ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។
កាលពីថ្ងៃទី១ ខែធ្នូ ដំណើរការធ្វើតេស្តរកមេរោគកូវីដ១៩ លើអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានបន្លាយទៅដល់ស្ថាប័នរដ្ឋសភា។ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឲ្យដឹងថា យ៉ាងហោចណាស់ មានថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់របស់រដ្ឋសភា ៣១រូប បានធ្វើតេស្ត កាលពីរសៀលថ្ងៃទី១ ខែធ្នូ។ រីឯលទ្ធផល គឺអវិជ្ជមានទាំងអស់។ យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំកំពូលៗរបស់រដ្ឋសភា រួមមាន សម្តេចហេងសំរិន និងក្រុមគ្រួសារព្រមទាំងអនុប្រធានទាំង២របស់រដ្ឋសភា ក៏ដូចជាតំណាងរាស្ត្រ និងមន្ត្រីរដ្ឋសភាមួយចំនួន ត្រូវធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ហើយបន្តធ្វើតេស្ត ២លើកទៀត តាមការកំណត់របស់ក្រសួងសុខាភិបាល គឺនៅថ្ងៃទី៨ ខែធ្នូ និងចុងក្រោយ នៅថ្ងៃទី១២ ខែធ្នូ។
នៅក្នុងសប្តាហ៍នេះ អគ្គស្នងការនគរបាលជាតិ បានប្រកាសឲ្យប៉ូលិសចរាចរណ៍ នៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ត្រូវផ្អាកផាកពិន័យលើអ្នកល្មើសច្បាប់ចរាចរណ៍ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៥ ខែធ្នូ។ ការសម្រេចដូច្នេះ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ដោយសារតែរាជធានីភ្នំពេញ និងខេត្តសៀមរាប មានហានិភ័យខ្ពស់។ បើទោះបីជាត្រូវផ្អាកការផាកពិន័យបណ្ដោះអាសន្នមែន ប៉ុន្ដែមន្ដ្រីនគរបាលចរាចរណ៍ទាំងអស់ ត្រូវប្រចាំការ នៅតាមគោលដៅដដែល ដើម្បីជួយសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរ។ ដោយឡែក នៅខេត្តផ្សេងពីរាជធានីភ្នំពេញ និងខេត្តសៀមរាប គឺប៉ូលិសចរាចរណ៍ នៅតែបន្តផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ជាធម្មតា។
កាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ដំរីឈ្មោលតែមួយគត់ នៅប្រទេសប៉ាគីស្ថាន ឈ្មោះ កាវ៉ាន់ ត្រូវបានដឹកតាមយន្តហោះពិសេស មកដល់ខេត្តសៀមរាប។ ការនាំដំរីពីប៉ាគីស្ថាន មកកម្ពុជានេះ បានក្លាយជាព័ត៌មានល្បីល្បាយពេញពិភពលោក ដែលធ្វើឲ្យគេស្គាល់កម្ពុជាកាន់តែច្រើន។ កាវ៉ាន់ ដែលមានអាយុ ៣៦ឆ្នាំ ត្រូវបានបញ្ជូនទៅរស់នៅក្នុងតំបន់ព្រៃអភិរក្ស គូលែន ព្រហ្មទេព ក្នុងទឹកដីខេត្តឧត្តរមានជ័យ។
កាលពីថ្ងៃទី២ ខែធ្នូ ចំថ្ងៃខួបទី៤២ឆ្នាំ ថ្ងៃកំណើតចលនារំដោះជាតិ និងជីវិតប្រជាពលរដ្ឋកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកឡើងវិញនូវព្រឹត្តិការណ៍ជាច្រើន ពាក់ព័ន្ធនឹងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលត្រូវបានបង្កើតដំបូង នៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ ក្រោមគំនិតផ្តួចផ្តើម និងការជ្រុំជ្រែងពីថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ស្ថាបនិករណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា អះអាងថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧មករា ទេនោះ ក៏គ្មានអ្វីៗ ដូចថ្ងៃនេះដែរ។ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»។
ម៉ាសជាង មួយលាន និងសម្ភារៈបរិក្ខារពេទ្យមួយចំនួនទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានដឹកតាមយន្តហោះពិសេស ចាកចេញពីរាជធានីភ្នំពេញ កាលពីម៉ោង ៥ព្រឹក ថ្ងៃទី០២ ខែធ្នូ ដើម្បីយកទៅប្រគល់ជូនរដ្ឋាភិបាលប្រទេសទីម័រខាងកើត ឬទីម័រឡេស្ត។ ម៉ាស និងសម្ភារៈបរិក្ខារពេទ្យ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទាំងនេះ ត្រូវបានពន្យារពេលដឹកជញ្ជូន យកទៅប្រទេសទីម័រ កាលពីព្រឹកថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ដោយសារតែកម្ពុជា ប្រឈមនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ នេះជាលើកទី៣ហើយ ដែលកម្ពុជា ផ្តល់ម៉ាស និងសម្ភារៈបរិក្ខារពេទ្យដល់ប្រទេសជាមិត្ត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។ កាលពីថ្ងៃទី១៦វិច្ឆិកា កម្ពុជាបានផ្តល់ម៉ាសជាង ២លាន និងបរិក្ខារពេទ្យជាច្រើនទៀត ដល់ប្រទេសឡាវ។ នៅថ្ងៃទី២៦ ខែវិចិ្ឆកា កម្ពុជាបានដឹកជញ្ជូនម៉ាសជាង ២លាន និងបរិក្ខារពេទ្យជាច្រើន ជូនដល់ប្រទេសមីយ៉ាន់ម៉ា។
កាលពីថ្ងៃទី៣ ខែធ្នូ ជាខួបលើកទី២២ ទិវាជនមានពិការភាពកម្ពុជា។ ក្នុងសារចូលរួមអបអរសាទរខួប ទិវាជនមានពិការភាព សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវផ្តល់គ្រប់លទ្ធភាពឲ្យជនពិការ អាចបង្ការខ្លួនពីជំងឺកូវីត១៩។ ក្រៅពីនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ជនពិការ ត្រូវអនុវត្តន៍ឲ្យមានប្រសិទ្ធភាពលើវិធានសុខាភិបាល ដូចជារក្សាគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស់ និងការលាងដៃជាមួយជែល ឬអាល់កុល ជាដើម។ ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏នៅតែបន្តទទួចអំពាវនាវឲ្យរួមគ្នាទប់ស្កាត់ការរើសអើង ការប្រមាថ មាក់ងាយ ចំពោះជនពិការផងដែរ។
ក្នុងសម័យប្រជុំពិសេស លើកទី៣១ របស់មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៤ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានលើកឡើងថាជោគជ័យនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត១៩ដាច់ខាតមិនអាចជាប់ពាក់ព័ន្ធនឹងរបៀបវារៈភូមិសាស្ត្រនយោបាយរបស់ប្រទេសណាមួយនោះទេ។ បន្ថែមលើសពីនេះ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានកត់សម្គាល់ថា ប្រទេសទាំងអស់ ត្រូវមានការសម្រេចចិត្តរួមគ្នាមួយ ប្រកបដោយភាពហ្មត់ចត់ ក្រោមយន្តការពហុភាគីនិយម ការគោរពច្បាប់អន្តរជាតិ គោរពអធិបតេយ្យភាពរបស់រដ្ឋនីមួយៗ ដោយមានអង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោក ជាស្នូល។
ក្រសួងសុខាភិបាល បានសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ សម្រេចជ្រើសរើសយកទីតាំងពហុកីឡដ្ឋានជាតិអូឡាំពិក ធ្វើជាកន្លែងយកសំណាក សម្រាប់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ថ្ងៃ២៨វិច្ឆិកា។ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានប្រកាសថា ការធ្វើតេស្ត លើកទី២ លើអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា នឹងធ្វើឡើង នៅថ្ងៃទី៨ ខែធ្នូ នៅពហុកីឡដ្ឋានជាតិអូឡាំពិកនិងនៅក្រសួងមហាផ្ទៃសម្រាប់អ្នកនៅភ្នំពេញ។រីឯតាមបណ្តាខេត្តពាក់ព័ន្ធក៏រៀបចំទីតាំងធ្វើតេស្តលើកទី២ នៅតាមខេត្តទាំងនោះផងដែរ។
កាលពីយប់ថ្ងៃទី៤ ខែធ្នូ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារពិសេសជាសំឡេង ជូនជនរួមជាតិ។ នោះគឺសម្តេចតេជោ បានប្រកាសពីការសម្រេចឲ្យក្រសួងសុខាភិបាល ផ្សព្វផ្សាយនូវអត្តសញ្ញាណរបស់អ្នកជំងឹកូវីដ១៩ ដូចជា រូបថត ឈ្មោះ អាសយដ្ឋាន ជាដើម។ ការធ្វើដូច្នេះ ត្រូវបានសម្តេចតេជោ ពន្យល់ថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលឆាប់រហ័ស និងដើម្បីឲ្យអ្នកពាក់ព័ន្ធនឹងអ្នកជំងឺ បានដឹងច្បាស់ ហើយចេញមកធ្វើតេស្ត និងធ្វើចត្តាឡីស័ក។ ពាក់ព័ន្ធនឹងការធ្វើចត្តាឡីស័ក ក៏ត្រូវបានសម្តេចតេជោ សម្រេចឲ្យក្រសួងសុខាភិបាល អនុវត្តលើគ្រប់អ្នកដំណើរមកពីក្រៅប្រទេស ពិសេសជនបរទេស ដែលជាពាណិជ្ជករ ឬអ្នកជំនាញការបរទេសទាំងអស់ ដោយពីមុន ជនបរទេសទាំងនោះ រង់ចាំលទ្ធផលតេស្តតែ២ថ្ងៃទេ គឺបើមិនមានផ្ទុកកូវីដ អាចទៅប្រកបការងារនៅកម្ពុជាបានហើយ។ ប៉ុន្តែចាប់ពីថ្ងៃទី១២ ខែធ្នូតទៅ ការអនុវត្តបែបនេះ ត្រូវលុបចោល ពោលគឺជនបរទេសទាំងអស់ រាប់ទាំងពលរដ្ឋខ្មែរ ដែលមកពីក្រៅប្រទេស ត្រូវតែធ្វើចត្តាឡីស័ក ពេញលេញ រយៈពេល ១៤ថ្ងៃ។ ការសម្រេចដូច្នេះ ដោយសារតែករណីព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានេះ ត្រូវសម្តេចប៉ាន់ស្មានថា អាចមកពីជនបរទេស ចូលមកកម្ពុជា ហើយធ្វើចត្តាឡីស័ក មិនបានពេញលេញនេះឯង។
កាលពីព្រឹកថ្ងៃទី៥ ខែធ្នូ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី សរុបចំនួន ១០នាក់ទៀត។ ក្នុងនោះ ៦នាក់ ជាបុគ្គលិកហាង Pedro នៅផ្លូវព្រះមុនីវង្ស ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ថ្ងៃ២៨វិច្ឆិកា។ រីឯ ៤នាក់ទៀត ជាអ្នកដំណើរមកពីក្រៅប្រទេស។ ក្រៅពីនោះ ក៏មានអ្នកជាសះស្បើយម្នាក់ដែរ។
គិតពីថ្ងៃទី២៩វិច្ឆិកាដល់ថ្ងៃទី៣ខែធ្នូក្រសួងសុខាភិបាលបានធ្វើតេស្តរកមេរោគកូវីដ១៩លើអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានសរុបចំនួន ១០១៤៧នាក់។ ក្នុងចំនួននេះ មានអ្នកវិជ្ជមានវីរុសកូវីដ១៩ សរុបចំនួន ២៩នាក់ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
នៅព្រឹកថ្ងៃទី៥ខែធ្នូក្រសួងសុខាភិបាលបានចាប់ផ្តើមផ្សព្វផ្សាយផ្លូវការជាលើកដំបូងពីអត្តសញ្ញាណច្បាស់លាស់របស់អ្នកជំងឺកូវីដ១៩ ដោយមានឈ្មោះ អាយុ និងអាសយដ្ឋានស្នាក់នៅ ជាដើម។
ក្រសួងសុខាភិបាល ក៏បានប្រកាសថា មកដល់ម៉ោង ៧ព្រឹកថ្ងៃទី៥ ខែធ្នូ នៅទូទាំងប្រទេសកម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៤៥នាក់។ ក្នុងនោះ ៣០៥នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ៤០នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យរដ្ឋ ( ៣៤នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង ៦នាក់ នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ )។
នៅរសៀលថ្ងៃទី៥ខែធ្នូនេះដែរក្រសួងសុខាភិបាលប្រកាសថាបុគ្គល២នាក់គឺឈ្មោះឆែមសូនីតានិងឈ្មោះតាំងសេវិនអាប់គឺជាប្រភពដំបូងនៃការចម្លងចូលព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាដែលអាចជាករណីនាំចូលតាំងពីខែតុលាឆ្នាំ២០២០មកម្ល៉េះ៕សរន