ដោយៈម៉េងឆៃ/ ភ្នំពេញៈ ក្នុងសារសំឡេងពិសេស ជូនជនរួមជាតិ កាលពីយប់ថ្ងៃទី៤ ខែធ្នូ ក្រៅពីប្រកាសអនុញ្ញាតឲ្យក្រសួងសុខាភិបាល បញ្ចេញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ រួមទាំងការរឹតបន្តឹងការធ្វើចត្តាឡីស័ក ឲ្យបានពេញលេញ និងហ្មត់ចត់បន្ថែមទៀត សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានដាក់ការសង្ស័យជាបឋមថា ការផ្ទុះរីករាលដាលជំងឺកូវីដ១៩ ឆ្លងតគ្នា ពីម្នាក់ទៅម្នាក់នេះ អាចមានប្រភពចេញពីជនបរទេស ចូលកម្ពុជា ដែលមិនបានធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ ហើយអាចនឹងមានទំនាក់ទំនងជាមួយក្រុមគ្រួសាររបស់លោក ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ។
សម្ដេចប្រមុខរាជរដ្ឋាភិបាល បានចាត់តាំងឱ្យក្រុមអ្នកជំនាញ សិក្សាផ្ទៀងផ្ទាត់ ចំពោះករណីនេះ។ យ៉ាងណាក៏ដោយ សម្ដេចតេជោ បានប្រកាសថា ការធ្វើចត្តាឡីស័ក រយៈពេល ២ថ្ងៃ សម្រាប់ជនបរទេស ជាធុរជន ឬអ្នកជំនាញ នឹងត្រូវបានផ្អាក ដោយតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃវិញ។ ការតម្រូវឲ្យគ្រប់ជនបរទេស រាប់ទាំងអ្នកដំណើរ ចូលមកកម្ពុចា ត្រូវធ្វើចត្តាឡីស័ក ឲ្យពេញលេញ គ្រប់ ១៤ថ្ងៃ។ រាជរដ្ឋាភិបាលទុកពេល ៧ថ្ងៃ មុននឹងអនុវត្តវិធានការនេះ។ ពោលគឺវិធានការចត្តាឡីស័ក លើអ្នកដំណើរទាំងអស់ ចូលមកកម្ពុជា ត្រូវអនុវត្តចាប់ពីថ្ងៃទី១២ ខែធ្នូតទៅ។
ក្នុងសារពិសេសជាសំឡេងជូនជនរួមជាតិ កាលពីយប់ថ្ងៃទី៤ ខែធ្នូ សម្ដេចតេជោ នាយកដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសម្រេចឱ្យបញ្ចេញអត្តសញ្ញាណអ្នក ដែលត្រូវបានរកឃើញថា មានជំងឺកូវីដ១៩ ដើម្បីធានាប្រសិទ្ធភាពនៃការស្វែងរកអ្នកពាក់ព័ន្ធ។
ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានទទូចឱ្យអ្នកឆ្លងជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាទាំងអស់ ត្រូវផ្ដល់ព័ត៌មានឱ្យអស់ ជាក់លាក់ មកកាន់មន្ត្រីសុខាភិបាល ដើម្បីឈានទៅផ្ដាច់ឬសគល់នៃព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ សម្ដេចសង្កត់ធ្ងន់ថា បើគ្មានចម្លើយច្បាស់លាស់ទេ បញ្ហានឹងកាន់តែធ្ងន់ធ្ងរ រកទីបញ្ចប់មិនបាន។
នៅព្រឹកថ្ងៃទី៥ ខែធ្នូ ក្រសួងសុខាភិបាល បានប្រកាសថា គិតពីថ្ងៃទី២៩វិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ ក្រសួងសុខាភិបាល បានធ្វើតេស្តរកមេរោគកូវីដ១៩ លើអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានសរុបចំនួន ១០១៤៧នាក់។ ក្នុងចំនួននេះ មានអ្នកវិជ្ជមានវីរុសកូវីដ១៩ សរុបចំនួន ២៩នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
នៅព្រឹកថ្ងៃទី៥ ខែធ្នូនេះ ក្រសួងសុខាភិបាល ក៏បានចាប់ផ្តើមផ្សព្វផ្សាយលើកដំបូងពីអត្តសញ្ញាណច្បាស់លាស់របស់អ្នកជំងឺកូវីដ១៩ ដោយមានឈ្មោះ អាយុ និងអាសយដ្ឋានស្នាក់នៅ ជាដើម។
ក្រសួងសុខាភិបាល ក៏បានប្រកាសថា មកដល់ម៉ោង ៧ព្រឹកថ្ងៃទី៥ ខែធ្នូ នៅទូទាំងប្រទេស រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៤៥នាក់។ ក្នុងនោះ ៣០៥នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ៤០នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យរដ្ឋ ( ៣៤នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង ៦នាក់ នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ )។
បើមើលតាមប្រវត្តិដើមចមនៃអ្នកឆ្លងជំងឺកូវីដ១៩ ដែលបានរកឃើញ ២៩នាក់ហើយនេះ គឺជាការឆ្លងតគ្នា ពីម្នាក់ ទៅម្នាក់ ផ្តើមចេញពីក្រុមគ្រួសារលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ ហើយអ្នកប៉ះពាល់ ជួបនឹងក្រុមគ្រួសាររបស់លោកឆែមសាវុធ ក៏បានចម្លងបន្តទៅបងប្អូន សមាជិកក្រុមគ្រួសារ មិត្តភក្តិថែមទៀត។ ក្នុងនោះ ការឆ្លងរាលដាល ក៏បានចូលដល់បុគ្គលិកធនាគារ និងពិសេសនៅហាងលក់ទំនិញ Pedro ដល់ទៅ ៧នាក់ហើយ។
ដូច្នេះអ្នក ដែលបានប៉ះពាល់ ជួបជាមួយអ្នកឆ្លងជំងឺកូវីដ១៩ ដែលក្រសួងសុខាភិបាល បានប្រកាសទាំង ២៩នាក់ សូមបន្តចេញមកធ្វើតេស្ត ហើយអ្នកធ្វើតេស្តរួចហើយ ដែលមានលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ ឬមិនមានជំងឺកូវីដទេ ក៏ទាមទារឲ្យធ្វើចត្តាឡីស័ក ដាក់ខ្លួនឲ្យនៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ការធ្វើចត្តាឡីស័ក ក្នុងរយៈពេល ១៤ថ្ងៃនេះ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវ ពេញលេញ តាមការណែនាំរបស់ក្រសួងសុខាភិបាលនូវវិធានសំខាន់ៗ រួមមាន៖ ១. នៅក្នុងផ្ទះដាច់ដោយឡែកគ្រប់ពេលជារៀងរាល់ថ្ងៃ ក្នុងរយៈពេល ១៤ ថ្ងៃ២. តាមដានរោគសញ្ញានៃជំងឺ ៣. នៅដាច់ដោយឡែកពីសមាជិកគ្រួសារ ៤. ប្រើសម្ភារៈដោយឡែកពីសមាជិកគ្រួសារ ៥. លាងដៃជាមួយសាប៊ូ និងទឹកស្អាតឲ្យបានញឹកញាប់ ៦. ខ្ទប់មាត់ច្រមុះ នៅពេលក្អក ឬកណ្តាស់ ៧. បរិភោគអាហារដែលចម្អិនបានល្អ ៨. អនាម័យក្នុងកន្លែងរស់នៅ និងរក្សាអារម្មណ៍នឹងនរ ៩. បញ្ចប់ការអនុវត្តចត្តាឡីស័ក និង១០. ទំនាក់ទំនងក្នុងករណីចាំបាច់ និងបន្ទាន់ ទៅកាន់លេខទូរស័ព្ទ ១១៥។
ក្នុងករីណអ្នកមិនមានកន្លែងធ្វើចត្តាឡីស័កនៅផ្ទះឲ្យបានត្រឹមត្រូវ ដូចជា អ្នកនៅផ្ទះតូច មានសមាជិកគ្រួសារច្រើន ឬក៏នៅផ្ទះជួល ទាល់តែទាល់ជើងតែឯង ពិបាកក្នុងការផ្គត់ផ្គង់ម្ហូបអាហារ ជាដើម សូមអ្នកទាំងនោះ ទាក់ទងក្រសួងសុខាភិបាល និងអាជ្ញាធររាជធានីខេត្ត ដែលអ្នករស់នៅ ហើយទៅធ្វើចត្តាឡីស័ក នៅមណ្ឌល ទីកន្លែង ដែលក្រសួង និងអាជ្ញាធររៀបចំឲ្យ។៕សរន