ដោយៈ ទេព មង្គល- គ្រញូង / បាត់ដំបងៈ កម្លាំងនគរបាល ការិយាល័យទី៥ នៃមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ សហការជាមួយនគរបាល ប្រឆាំងគ្រឿងញៀន ខេត្តបាត់ដំបង បានបង្ក្រាបបទល្មើសគ្រឿងញៀន ១ករណី ដោយបានឃាត់ខ្លួន ស្ត្រីជនជាតិថៃម្នាក់ ពាក់ព័ន្ធនឹងការចរាចរ ជួញដូរមេតំហ្វេតាមីន ចំនួន ៣០ កញ្ចប់ធំ។
ការបង្ក្រាបបទល្មើសគ្រឿងញៀននេះ បានត្រូវធ្វើឡើង នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ នៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយមានការសម្រប សម្រួល ពីលោក គី ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ។
មន្ត្រីនគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានប្រាប់រស្មីកម្ពុជាថាៈ ស្ត្រីជនជាតិថៃម្នាក់នោះ ឈ្មោះ ផានភុំ រតនា (Phanphom Rattana) អាយុ ៣១ ឆ្នាំ ហៅហ្វា មានលំនៅ នៅឃុំណងប៊ុន ស្រុកបរ៉ៃ ខេត្តត្រាត ប្រទេសថៃ កាន់លិខិតឆ្លងដែនលេខ AB 4274373 ។ នៅពេលឃាត់ខ្លួនស្ត្រីជនជាតិថៃនេះ សមត្ថកិច្ច បានដកហូតវត្ថុតាង រួមមាន ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ៣០ កញ្ចប់ធំ ទម្ងន់ ២៩.៨៥៧,០២ ក្រាម ទូរស័ព្ទដៃ សៀវភៅធនាគារ។
ប្រភពដដែលនេះ បានបញ្ជាក់ថាៈ សមត្ថកិច្ចជំនាញ ការិយាល័យ ក៥ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានកំពុងស្រាវជ្រាវបន្ត និងរៀបចំកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីផ្តន្ទាទោស តាមច្បាប់ នៅថ្ងៃស្អែកទី៦ ខែធ្នូ ឆ្នាំ២០២០ នេះ៕/V
មេតំហ្វេតាមីន ៣០ កញ្ចប់ធំ ត្រូវប៉ូលិសរឹបអូសបាន ពីស្ត្រីថៃម្នាក់
មេតំហ្វេតាមីន ៣០ កញ្ចប់ធំ ត្រូវប៉ូលិសរឹបអូសបាន ពីស្ត្រីថៃម្នាក់
មេតំហ្វេតាមីន ៣០ កញ្ចប់ធំ ត្រូវប៉ូលិសរឹបអូសបាន ពីស្ត្រីថៃម្នាក់