ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្ដេចតេជោ និងកម្លាំងសមត្ថកិច្ចដែលពាក់ព័ន្ធបានចុះស្រាវជ្រាវរកអ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍ថ្ងៃទី ២៨ វិច្ឆិកា នៅក្នុងហាងលក់សម្ភារៈប្រើប្រាស់ និងសម្លៀកបំពាក់ZANDO សាខាបឹងកេងកង ផ្លូវលេខ ៦៣ កែងផ្លូវ ៣២២ ភូមិ ៨ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ នៅឱសថស្ថានច័ន្ទពេញវង់
ផ្ទះលេខ៣៥២អឺ០ ផ្លូវ២៧៤ ក្រុមទី២ ភូមិ១ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង និងនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ អគារលេខ ៦៦៥–៦៦៧ មហាវិថីព្រះមុនីវង្ស ភូមិ៧ សង្កាត់បឹងកេងកងទី៣ខណ្ឌបឹងកេងកង។
ការចុះស្រាវជ្រាវនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៥ ខែធ្នូ នេះ។
ជាលទ្ធផល: នៅហាងលក់សម្ភារៈប្រើប្រាស់ និងសម្លៀកបំពាក់ ZANDO ក្រុមគ្រូពេទ្យបានយកសំណាកមនុស្សចំនួន ២៩នាក់ (ស្រី ១២នាក់ និងបុរស ១៧នាក់) ដើម្បីធ្វើតេស្តពិនិត្យរកមេរោគកូវីដ–១៩។ ចំពោះបុគ្គលិកដែលបានយកសំណាករួច គឺឲ្យទៅធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។
ចំណែកទីតាំងខាងលើត្រូវបានក្រសួងសុខាភិបាលតម្រូវឲ្យផ្អាកដំណើរការជាបណ្ដោះអាសន្ន។
នៅឱសថស្ថានព្រះច័ន្ទពេញ : រកឃើញបុគ្គលិកដែលប៉ះពាល់ នឹងត្រូវយកសំណាកដើម្បីធ្វើតេស្តរកមេរោគកូវីដ–១៩ មានចំនួន ១៥នាក់ (ស្រី ០៨នាក់)។ឱសថស្ថាននេះ ត្រូវបានក្រសួងសុខាភិបាលឲ្យផ្អាកជាបណ្ដោះអាសន្ន ដោយរងចាំលទ្ធផលធ្វើតេស្តរកមេរោគកូវូដ–១៩ពីក្រសួងសុខាភិបាល ទើបអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ។
ចំពោះបុគ្គលិកដែលបានយកសំណាក រួចគឺឲ្យបន្ត ដំណើរការលក់ដូរធម្មតា និងឱ្យ បន្តតាមដានសុខភាពដោយខ្លួនឯង។
នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ : រកឃើញបុគ្គលិកប៉ះពាល់មានចំនួន២៨នាក់ (ស្រី១១នាក់) ។ ធ្វើតេស្តបានចំនួន ២៥នាក់ (ស្រី ០៨នាក់ )និងអត់បានធ្វើតេស្តចំនួន ៣នាក់(ស្រី)។
ក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យ ទៅផ្ទះដោយតាមដានសុខភាពដោយខ្លួនឯង និងរង់ចាំលទ្ធផលតេស្តនៅថ្ងៃស្អែក។
សរុបជារួមរកឃើញអ្នកប៉ះពាល់ទាំង ៣ទីតាំងខាងលើមានចំនួនសរុបចំនួន ៦៩នាក់ ក្នុងនោះស្រី២៨នាក់៕សរន