ដោយ:ដេប៉ូ/រតនគិរី:ហ្វូស៊ីលដើមឈើថ្មមួយដើម ក្នុងតំបន់ធម្មជាតិដែនជម្រកសត្វព្រៃលំផាត់ខេត្តរតនគិរី ដែលគេជីករកឃើញកាលពីកន្លងមក ពេលនេះក្រុមអ្នកជំនាញធ្វើការជីករកឃើញបន្ថែមមួយម៉ែត្រទៀតហើយគឺវាប្រវែង ១៧ម៉ែត្រដែលកាលពីមុនគេរកឃើញត្រឹមតែ១៦ម៉ែត្រប៉ុណ្ណោះ។ដើមឈើថ្មដែលគេបានរកឃើញនេះមានទាំង ឫស បំណែកស្លឹក សំបកដែលវានៅរក្សាទ្រង់ទ្រាយបានល្អ បើទោះបីមានអាយុកាលរាប់សិបលានឆ្នាំហើយក្តី។
លោក ផុន ខេមរិន ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរីបានបញ្ជាក់ឱ្យដឹងថា កាលពីសប្តាហ៍មុននេះក្រុមការងាររបស់ក្រសួងបរិស្ថានបានចុះទៅធ្វើកំណាយនៅត្រង់ទីទីតាំងដដែលនេះដែលជាកំណាយលើកទី២គឺបានរកឃើញថាកាលពីកំណាយលើកទី១ហ្វូស៊ីលដើមឈើថ្មនេះមានប្រវែងតែ១៦ម៉ែត្រទេប៉ុន្តែកំណាយលើកទី២នេះរកឃើញវាមានប្រវែងកើនឡើង១៧ម៉ែត្រហើយ។
ជាមួយការរកឃើញនេះដែរលោកបានបញ្ជាក់បន្ថែមថាបើតាមការសន្និដ្ឋានគឺនៅមានហ្វូស៊ីលដើមឈើជាច្រើន កន្លែងទៀតនៅក្បែរគ្នានោះមានច្រើនទៀតណាស់ គ្រាន់តែពេលនេះយើងមិនទាន់មានផែនការធ្វើកំណាយបន្តទៀតនៅឡើយ ។
លោក ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរីបានឱ្យដឹងដែរថា ក្រោយការរកឃើញហ្វូស៊ីលដើមឈើក្លាយជាថ្ម ក្រុមការងារបានរៀបចំស្នាក់ការរងដើម្បីការពារនិងអភិរក្សទីតាំងនេះ ហើយគោលដៅរបស់ក្រសួងគឺនឹងរៀបចំទៅជាកន្លែងទេសចរណ៍ បែបធម្មជាតិផងនិងទេសចរណ៍បែបសិក្សាស្រាវជ្រាវទៅលើផ្នែកហ្វូស៊ីលផង។
ដោយឡែកលោក លឹម វ៉ានចាន់ ប្រធានការិយាល័យបេតិភណ្ឌវប្បធម៌នៃនាយកដ្ឋានតំបន់បេតិភណ្ឌ របស់អគ្គនាយកដ្ឋានមូលដ្ឋាននៃក្រសួងបរិស្ថានបានឱ្យដឹងថាហ្វូស៊ីលដើមឈើដ៏កម្រដែលគេបានជីកកកាយរកឃើញនេះ វានៅរក្សាទ្រង់ទ្រាយដើមស្ទើរតែទាំងស្រុង ។
លោកថា”ហ្វូស៊ីលនេះនឹងប្រើប្រយោជន៍សម្រាប់បម្រើវិស័យទេសចរណ៍និងពិសេសអាចនាំយកឱ្យសិស្សានុសិស្សបានសិក្សាស្វែងយល់ពីកំណើតហ្វូស៊ីលនិង មូលហេតុអ្វីដើមឈើទើបបានក្លាយជាហ្វូស៊ីលបែបនេះ។ក្រៅពីនេះគេអាចបង្កើតជាតំបន់ទេសចរណ៍សម្រាប់ភ្ញៀវទេសចរណ៍ចូលកម្សាន្តនៅទីកន្លែងនេះដោយផ្ទាល់ផង”។
ជាមួយគ្នាលោកបានកត់សម្គាល់ដែរថា ក្រុមការងារសង្ស័យថាអាចមានហ្វូស៊ីលដើមឈើផ្សេងទៀតនៅក្បែរកន្លែងដែលគេបានរកឃើញប៉ុន្តែគ្រាន់តែគេមិនទាន់បានជីកកកាយរកប៉ុណ្ណោះ។បច្ចុប្បន្នក្រុមការងារលោកកំពុងផ្តោតលើទីតាំងនេះសិន មុននឹងបន្តពិនិត្យកន្លែងផ្សេងៗទៀត ។
លោក លឹម វ៉ាន់ចាន់បានឱ្យដឹងថាបើតាមអ្នកជំនាញបានវាយតម្លៃជាជំហ៊ានដំបូងហ្វូស៊ីលនេះមានអាយុកាលប្រមាណមួយរយលានឆ្នាំមកហើយ។
លោកបានបន្ថែមទៀតថា សំណាកហ្វូស៊ីលដើមឈើត្រូវបានរកឃើញនៅទីតាំងជាច្រើនផ្សេងទៀតនៅក្នុងដែនជម្រកសត្វព្រៃដដែលនេះ។
លោកបានបញ្ជាក់ថា”បើគិតនៅបរិវេណទីតាំងហ្នឹងមានច្រើន នេះបើតាមគេត្រួតពិនិត្យមើលកន្លងមក។ក្នុងបរិវេណប្រមាណ១០០ទៅ២០០ម៉ែត្រជុំវិញហ្នឹងមានប្រមាណ៣៥ដើម ប៉ុន្តែទាំងអស់នេះគ្រាន់ជាស្នាមវាលេចចេញមកទេ។ចំពោះក្នុងរណ្តៅកំណាយដែលយើងជីក៤ម៉ែត្រគុណម្ភៃម៉ែត្រហ្នឹងដើមឈើមានជាឬសតែម្តងចំនួន២ដើមនិងចំណែកដើមតូចៗហ្នឹងមាន២ទៅ៣ដើមទៀត។អញ្ចឹងមានន័យថាក្នុងរណ្តៅយើងជីករកឃើញហ្នឹងមាន៤ទៅ៥ដើមបាត់ទៅហើយ។ហេតុនេះយើងទើបសន្និដ្ឋានថានៅជិតដីក្បែរគ្នានេះវាមានច្រើនទៀត”។
ទាក់ទិនទៅនឹងការជីករុករកសំណាកហ្វូស៊ីលដើមឈើនេះ លោក លឹម វ៉ាន់ចាន់បានឱ្យដឹងបន្ថែមថាបើយើងចង់ជីករុករកទ្រង់ទ្រាយធំទៅថ្ងៃក្រោយគឺយើងត្រូវពឹងផ្អែកទៅលើបច្ចេកទេសច្រើនបន្ថែមទៀត។ពេលនេះយើងគ្រាន់ជីវរកដំណាក់កាលទី១និងទី២សិន ហើយថ្ងៃខាងមុខយើងនឹងធ្វើការជីករុករកបន្ថែមទៀត៕