ដោយៈចាន់តូ/កណ្តាល: នារីម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿនទៅបុករថយន្តកំពង់បត់ឆ្លងផ្លូវ កាលពីវេលា ម៉ោង៦និង១០នាទីយប់ថ្ងៃសៅរ៏ ទី៥ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចមុខ សិប្បកម្មធ្វើសរសគ្រឹះ តាមបណ្តោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ១៦ និង១៧ នៅខាងលិចផ្សារផ្លាហ្សាគៀនស្វាយប្រមាណ៥០ម៉ែត្រ នៅក្នុងភូមិធំ ឃុំភូមិធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ សេក ស៊ូហៃឡា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ជាបុគ្គលិកម៉ាត២៥០០មុខមន្ទីពេទ្យរុស្ស៊ី ស្នាក់នៅបន្ទប់ជួលជិតស្ពានថ្មនៅខាងមុខមន្ទីពេទ្យរុស្ស៊ី ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មានស្រុកកំណើតនៅភូមិប្រធាតុ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាម្ចាស់ម៉ូតូ និងជាអ្នកឌុប។ ឯនារីរងគ្រោះឈ្មោះ ស៊ឹម ល័ក្ខ ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ជាបុគ្គលិកម៉ាតមួយកន្លែង ស្នាក់នៅជិតនារីរងគ្រោះខាងលើ មានស្រុកកំណើតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាអ្នកជិះពីក្រោយ។ ចំណែកអ្នកបើករថយន្តមិនត្រូបានស្គាល់អត្តសញ្ញាណនៅឡើយ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងរថយន្តម៉ាក FUSO ក្បាលពណ៌សលាយខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A.3903 ជាប្រភេទរថយន្តស្ទូច ដឹកដែកពុម្ពចាក់សសរគ្រឹះបើកតាមបណ្ដោយផ្លូវជាតិលេខ ១ទិសដៅពីលិចមកកើត ខណ:មកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេង ស្រាប់តែមាននារី២នាក់ខាងលើ បើកម៉ូតូម៉ាក MSX ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1DE.1515 តាមបណ្តោយផ្លូវជាតិលេខ១ទិសដៅពីកើតមកលិចយ៉ាងលឿនបុក ចំដែកពុម្ពចាក់សសរគ្រឹះដែល លយចេញពីរថយន្តប្រវែង ៤ម៉ែត្របណ្ដាលឲ្យបោកក្បាលត្រូវនឹងពុម្ពចាក់សសរគ្រឹះដួលម៉ូតូ និងស្លាប់នារី ម្នាក់ ភ្លាមៗនៅកន្លែងកើតហេតុ។ ចំណែកម្នាក់ទៀតរងរបួសមធ្យមបែកមុខបែកមាត់។ ដោយឡែករថយន្តបានបើកចូលក្នុងសិប្បកម្មចាក់សរសគ្រឹះទុក រថយន្តចោលតៃកុងបានបើកទ្វាររត់បាត់ស្រមោល។
ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកដល់វាស់វែងបានយក រថយន្តនិងម៉ូតូទៅរក្សាទុកនៅស្រុកកៀនស្វាយរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ហើយសាកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិដឹកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕