ដោយៈសរិទ្ធ/ឧត្តរមានជ័យៈ ស្ត្រីជនជាតិចិនម្នាក់ ជាបុគ្គលិកចុងភៅនៅសណ្ឋាគារអូរស្មាច់ បានលោតពីជាន់ទី២ បង្កការភ្ញាក់ផ្អើលកាលពីម៉ោង៥ទៀបភ្លឺ នៅ សណ្ឋាគារអូរស្មាច់ ស្ថិតនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ស្ត្រីរងគ្រោះ ត្រូវបានបញ្ជូន តាមរថយន្តសាម៉ុយយកមកសង្គ្រោះ នៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ខេត្តសៀមរាប។ ប៉ុន្តែអកុសល បញ្ជូនបានដល់ពាក់កណ្តាលផ្លូវ ក្នុងស្រុកពួក ខេត្តសៀមរាប ដោយស្ត្រីរងគ្រោះមានអាការៈធ្ងន់ធ្ងរ ទើបមិនអាចជួយសង្គ្រោះបាន។
លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាន នគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ស្ត្រីរងគ្រោះ មាន ឈ្មោះ លី យី (LI YI) កាន់លិខិតឆ្លងដែន លេខ EJ១៤៨៧១៥០ ចូលមក ប្រទេសកម្ពុជា តាមច្រកអន្តរជាតិអូរស្មាច់ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ មានមុខរបរ បុគ្គលិកចុងភៅ នៅសណ្ឋាគារ អូរស្មាច់ មានទីតាំងស្ថិតនៅភូមិ អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
តាមការសាកសួរមិត្តប្រុសរបស់នារីខាងលើ ឈ្មោះ ZHANG FENGBO កើតថ្ងៃទី០៥ ខែធ្នូ ឆ្នាំ១៩៩២ ជាជនជាតិចិន កាន់លិខិតឆ្លងដែន លេខ EC១២១៧៩៥៣ បានឱ្យដឹងថាពួកគេទាំងពីរនាក់ ស្នាក់នៅបន្ទប់លេខ២៣០៥ ក្នុងសណ្ឋាគារអូរស្មាច់ ខេត្តឧត្តរមានជ័យនេះ នៅវេលាម៉ោងប្រហែល ០២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ បានឈ្លោះប្រកែកគ្នា រហូតដល់វេលាម៉ោង០៥ទៀបភ្លឺថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ឈ្មោះ LI YI ក៏បានលោតពីលើអាគារជាន់ទី២ ។
ផ្អែកតាមការស្រាវជ្រាវរបស់ សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត គង់ រិទ្ធី គ្រូពេទ្យ អមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ ទ្រុតលលាដ៍ក្បាល (ធ្លាក់ទីខ្ពស់)។ ក៏ប៉ុន្តែ រូបថតរបស់សាកសព ស្ត្រីរងគ្រោះ ជាំភ្នែកម្ខាង ហាក់ដូចជាត្រូវគេវាយ ។
យ៉ាងណាក៏ដោយ សាកសពស្ត្រីរងគ្រោះ ត្រូវបានរៀបចំបញ្ជូនទៅតម្កល់ទុកបណ្តោះ អាសន្ន នៅវត្តស្ទឹងមានជ័យ ក្នុង រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូតចិន៕