ដោយៈរិទ្ធិសែន/ពោធិសាត់: ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក ឡាយ វិសិដ្ឋ រួមនិងលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល និងមន្ត្រីកម្មវិធី ASPIRE បានចុះពិនិត្យការដាំដំណាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់របស់កសិករឈ្មោះ ខន ស្រីពេជ្រ រស់នៅភូមិកំពង់ក្តី ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីម្សិលមិញនេះ។
បើយោងតាមការចុះសង្កេតផ្ទាល់ ដល់ទីតាំង ពិនិត្យឃើញថាកសិករ បណ្តុំបន្លែដែលបានដាំដំណាំស្ពៃក្រញាញ់ ក្នុងផ្ទះសំណាញ់ ចំនួន០៤ រងទំហំ ១ម*១៥ម គាត់បានដាំរយៈពេល ១ខែ១៥ថ្ងៃ បានទទួលផល ក្នុង១រង បាន១២០គ.ក្រ សរុប ប្រហែល ៤៨០គ.ក្រ ហើយលក់បានតំលៃ ២.៥០០រៀល/គ.ក្រ មានឈ្មួញមកប្រមូលទិញដល់ផ្ទះផ្ទាល់។
កសិករបានលើកឡើងថា គាត់បានដាំខាត់ណាផ្កា ដំណាំខ្ទឹមយកស្លឹក (ក្នុងផ្ទះសំណាញ់) និងត្រសក់បន្ថែមទៀត ហើយត្រសក់កំពុងតែធ្វើការប្រមូលផលជាបណ្តើៗហើយលក់បានតំលៃ ៣០០០រៀល/១គ.ក្រ ។កសិករក៏សំណូមពរដល់ក្រុមការងារមន្ទីរ ជួយគាំទ្របច្ចេកទេស និងផ្តល់ពូជត្រី កង្កែប ដើម្បីចិញ្ចឹមបន្ថែមទៀត។
ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទលោក ឡាយវិសិដ្ឋ និងក្រុមការងារបានផ្តល់ជាគំនិតយោបល់ លើផ្នែកដំណាំដែលដាំក្នុងផ្ទះសំណាញ់ គួរដាំដំណាំណាដែលមានតំលៃខ្ពស់និងតម្រូវ ការនៅលើទីផ្សារ បច្ចុប្បន្ន ប្រសើរជាជាងដំណាំធម្មតា មិនសូវ មានទីផ្សារ ពីព្រោះផ្ទះសំណាញ់ចំណាយថវិកាអស់ច្រើន។
ចំពោះការធ្វើវារីវប្បកម្ម នាយខណ្ឌរដ្ឋបាលជលផលខេត្តលោក ភុំវិមល និងទទួលសំណើរបស់កសិករ និងពិចារណាផ្តល់ជូនទៅតាមលទ្ធភាពជាក់ស្តែងផងដែរ ៕