ដោយៈ សុខុម / ស្ទឹងត្រែងៈ គេនៅតែឃើញ រថយន្តប៉ាកុង ដឹកឈើហ៊ុបធំៗ ចូលទៅក្នុងក្រុមហ៊ុនមួយ ស្ថិតនៅក្នុងស្រុកបុរី អូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ កន្លងមក រថយន្តប្រភេទនេះ ត្រូវបានគណៈកម្មាធិការបង្ការ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិថ្នាក់ជាតិ ដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា ដុតកំទេចចោលអស់ហើយ។
នៅស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ក្រុមហ៊ុនមួយនេះ បានកំពុងតែធ្វើអាជីវកម្ម ឈួសឆាយព្រៃឈើ ក្រោមលេស យកដីកែច្នៃ ធ្វើកសិកម្ម និងបានយករថយន្តប៉ាកុងធំៗ ដឹកឈើទាំងយប់ ទាំងថ្ងៃ ចូលក្រុមហ៊ុន។
តាមប្រភពព័ត៌មាន បានប្រាប់ថា ពីមុន ក្រុមហ៊ុននេះ ឈ្មោះថា សៀម៉ុន ខេមបូឌា តែបច្ចុប្បន្ន ឈ្មោះ អង្គរ ផ្លាយវួត ដោយសារតែក្រុមហ៊ុន សៀម៉ុន ក្ស័យធន ទើបលក់អោយក្រុមហ៊ុន អង្គរ ផ្លាយវួត ធ្វើអាជីវកម្ម។
បច្ចុប្បន្ន ក្រុមហ៊ុននេះ បានកំពុងតែធ្វើសកម្មភាព ផ្ទុយពីគោលការណ៍ច្បាប់ ដែលបានកំណត់ ដូចជា ដឹកជញ្ជួនឈើ ពីខាងក្រៅ ចូលក្នុងក្រុមហ៊ុន ពុះជ្រៀកឈើ ដាក់ចូលរថយន្ត ដោយពុំទាន់បានធ្វើការវាស់វែង ដល់គល់នោះទេ។
បើយើងទៅដល់មុខក្រុមហ៊ុន នឹងឃើញមានរថយន្ត ប៉ាកុងដឹកឈើ ពីខាងក្រៅ ចូលក្នុងក្រុមហ៊ុន ដែលរថយន្តប្រភេទនេះ ត្រូវបានគណៈកម្មាធិការថ្នាក់ជាតិ បង្កានិងបង្ក្រាបបទល្មើស ធនធានធម្មជាតិ ដុតកម្ទេចចោលអស់ហើយ កាលពីកន្លងមក។
គេរំពឹងថា នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការជាតិ ទប់ស្កាត់ បង្ក្រាបបទល្មើស ធនធានធម្មជាតិថ្នាក់ជាតិ នឹងបើកការស៊ើបអង្កេត ក្រុមហ៊ុន អង្គរ ផ្លាយវួត (angkor plywood) ដែលស្ថិតនៅភូមិណាអូង ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ឡើងវិញ។ ពីព្រោះថា រថយន្តប្រភេទប៉ាកុង ត្រូវបានដុតកម្ទេច អស់ហើយ ពាក់ព័ន្ធនឹងការដឹកជញ្ជូនបទល្មើស ហេតុអ្វីក៏នៅតែមានទៀត៕/V