ដោយៈ សរិទ្ធ / ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ បានបើករថយន្ត បុកម៉ូតូចំពីចំហៀងពេញទំហឹង បណ្ដាលឲ្យបុរស ជនជាតិខ្មែរម្នាក់ ជាអ្នកបើកម៉ូតូ ខ្ទាតចម្ងាយប្រមាណជាង ១០ ម៉ែត្រ រងរបួសយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៤០នាទីយប់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលេខ៤៣៤ កែងផ្លូវលេខ៩៩ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុនោះ គេឃើញបុរសម្នាក់ ជិះម៉ូតូហុងដា PCX ពណ៌ស បិទស្កុតក្រហម ពាក់ស្លាកលេខភ្នំពេញ 1GO-3168 ធ្វើដំណើរតាមបណ្ដោយ ផ្លូវលេខ៩៩ ក្នុងទិសដៅពីខាងត្បូង ទៅខាងជើង ក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ផ្លូវបំបែកជាបួន ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត ម៉ាកនីស្សាន់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2U-1262 បើកបរដោយជនជាតិចិន និងអ្នករួមដំណើរ ៣ នាក់ទៀត បានធ្វើដំណើរតាមបណ្ដោយ ផ្លូវលេខ៤៣៤ ក្នុងទិសដៅពីខាងកើត ទៅខាងលិច ដោយល្បឿនលឿន ហើយក៏បុកម៉ូតូហុងដា PCX ពីចំហៀង ពេញទំហឹង បណ្ដាលឲ្យអ្នកបើកម៉ូតូ ខ្ទាតចម្ងាយប្រមាណជាង ១០ ម៉ែត្រ បណ្ដាលឱ្យរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យឯកជន ដឹកយកទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ចំណែកម៉ូតូ រងការខូចខាត យ៉ាងដំណំ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ ហើយទាក់ទងទៅនគរបាលចរាចរណ៍ ចុះមកវាស់វែង យករថយន្ត និងម៉ូតូ ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមក្រោយ៕/V