ប្រែសម្រួល : កញ្ញាដាលីស ៖ ការខិតខំដើម្បីទប់ទល់នឹងវីរុសកូរ៉ូណាកំពុងធ្វើឡើងនៅទូទាំងពិភពលោកនៅឆ្នាំនេះ ដោយឥឡូវទទួលបានភាពរឹងមាំនិងភាពបន្ទាន់ខ្លាំងឡើង នៅពេលដែលវីរុសរាលដាលពាសពេញទ្វីបលោក។
នៅសហរដ្ឋអាម៉េរិក ជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុតក្នុងជំងឺរាតត្បាតនេះ ដោយមានចំនួនអ្នកឆ្លងនិងអ្នកស្លាប់ខ្ពស់បំផុតនៅលើពិភពលោក វេជ្ជបណ្ឌិត ម៉ុនសេហ្វ ស្លាវវីបានជួយប្រទេសជាតិក្នុងការនាំមកនូវវ៉ាក់សាំងកូវីដ១៩ទៅកាន់ទីផ្សាររបស់ខ្លួនឱ្យបានឆាប់បំផុត។
អ្នកអភិវឌ្ឍវ៉ាក់សាំងចូលនិវត្តន៍រូបនេះ ដែលបានចំណាយពេលជិត៣ ទសវត្សរ៍នៅឯក្រុមហ៊ុនឱសថយក្សអង់គ្លេស GlaxoSmithKline ដើម្បីស្រាវជ្រាវវ៉ាក់សាំងការពារជំងឺគ្រុនចាញ់បានកាន់តួនាទីជាប្រធានទីប្រឹក្សាវិទ្យាសាស្ត្រនៃប្រតិបត្តិការពន្លឿនការបង្កើតវ៉ាក់សាំងកូវីដរបស់អាម៉េរិកកាលពីខែឧសភា។
គោលបំណងសំខាន់នៃគំនិតផ្តួចផ្តើមនេះគឺដើម្បីពន្លឿនការរកឃើញបង្កើតនិងចែកចាយវ៉ាក់សាំងកូវីដ១៩។
លោកស្រីវេជ្ជបណ្ឌិត អេលីអាស ហ្សឺហ៊ូនី អតីតនាយកវិទ្យាស្ថានសុខភាពជាតិ បានប្រាប់សារព័ត៌មាន USA Today ថា “យើងមិនអាចរកនរណាប្រសើរជាងលោកម៉ុនសេហ្វនោះឡើយ។ តាមទស្សនៈរបស់ខ្ញុំ បើមាននរណាម្នាក់នៅទីនោះអាចផលិតវ៉ាក់សាំងបាន គឺមានតែ ម៉ុនសេហ្វ ស្លាវវី”។
វេជ្ជបណ្ឌិតស្លាវវីអាយុ៦១ ឆ្នាំកើតនៅម៉ារ៉ុក ត្រូវបានគេពណ៌នាថាជាមេដឹកនាំរវល់បំផុត ដែលមានក្រមសីលធម៌ការងារហ្មត់ចត់បំផុត ដែលត្រូវការគេងត្រឹម ៤ ម៉ោងក្នុងមួយយប់ប៉ុណ្ណោះ។
គាត់បានទៅមើលកន្លែងសាកល្បងព្យាបាលនិងកន្លែងផលិតចំនួន ១២ ដើម្បីស្វែងយល់ពីដំណើរការអភិវឌ្ឍវ៉ាក់សាំងកូវីដ១៩ ចាប់តាំងពីគាត់បានទទួលយកតួនាទីថ្មី។
ក្នុងការទទួលយកការងារនេះ គាត់ត្រូវបោះបង់ចោលមុខតំណែងរបស់គាត់នៅក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនជីវបច្ចេកវិជ្ជារបស់អាម៉េរិក Moderna និងក្រុមហ៊ុនផ្សេងទៀត ដែលអាចនឹងបង្កជម្លោះផលប្រយោជន៍។
គាត់និយាយថា គាត់រកចំណូលបានតែ ១.០០១ ដុល្លារក្នុងរយៈពេល ៦ ខែចាប់តាំងពីគាត់បានចូលរួមក្នុងទីភ្នាក់ងាររបស់រដ្ឋាភិបាល ប៉ុន្តែទទូចថាគាត់កំពុងមាន “សន្ទុះទឹកចិត្តពុះកញ្ជ្រោល”ខណៈដែលមិត្តរួមក្រុមរបស់គាត់ទាំងអស់រួមដៃគ្នាក្នុងបេសកកម្មតែមួយដើម្បីបង្កើតវ៉ាក់សាំង ដែលមានសុវត្ថិភាពនិងប្រសិទ្ធភាពនៅក្នុងរយៈពេលដ៏ខ្លីបំផុត។
លោកនិយាយថា “គ្មាននរណាម្នាក់មានរបៀបវារៈផ្សេងគ្នានោះទេ”។
នៅអឺរ៉ុប សាស្ត្រាចារ្យនៅសកលវិទ្យាល័យអក់ស្វតលោកស្រី សារ៉ា ហ្គីលបឺត កំពុងដឹកនាំក្រុមស្រាវជ្រាវជាមួយក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZenecaដែលកំពុងអភិវឌ្ឍវ៉ាក់សាំងតម្លៃថោកបំផុតនៅលើពិភពលោក។
វ៉ាក់សាំងពិសោធន៍ ដែលប្រសិទ្ធភាពរបស់វាត្រូវបានគេរាយការណ៍ថាមានកម្រិតខ្ពស់រហូតដល់ជាង៩០ ភាគរយដែលបង្កើតឡើងផ្អែកលើការស្រាវជ្រាវរបស់សាស្ត្រាចារ្យហ្គីលបឺតនិងអ្នកដទៃទៀតលើវ៉ាក់សាំងនានា គឺ ផ្អែកលើវីរុសមួយ ដែលបង្កឱ្យកើតជំងឺផ្តាសាយទូទៅចំពោះសត្វស្វា។
នៅក្នុងអាជីពការងារនៅអក់ស្វត លោកស្រីសាស្ត្រាចារ្យហ្គីលបឺត អាយុ ៥៨ ឆ្នាំ បានបង្កើតក្រុមស្រាវជ្រាវផ្ទាល់ខ្លួនរបស់លោកស្រីដើម្បីបង្កើតវ៉ាក់សាំង ដែលអាចការពារប្រឆាំងនឹងជំងឺផ្តាសាយគ្រប់ប្រភេទ បានដឹកនាំការសាកល្បងវ៉ាក់សាំងការពារជំងឺអេបូឡា និង បានធ្វើការអភិវឌ្ឍវ៉ាក់សាំងសម្រាប់ជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ា។
BBC បានរាយការណ៍សប្តាហ៍មុនថា មិត្តភក្តិនិងអ្នកស្រាវជ្រាវបានពណ៌នាលោកស្រីថាជាមនុស្សអភិរក្សនិងមានមនសិការខ្ពស់ជាមួយនឹង “ក្តីស្រឡាញ់ការងារពិតប្រាកដ”។
ដោយមើលឃើញពីភាពបន្ទាន់នៃការស្វែងរកវ៉ាក់សាំងកូវីដ១៩ លោកស្រីបានធ្វើការងារតាំងពីព្រឹកព្រលឹមរហូតដល់យប់ជ្រៅ ដែលពេលខ្លះផ្ញើអ៊ីមែលនៅម៉ោងគេដេកទៀតផង។
សាស្ត្រាចារ្យហ្គីលបឺតបាននិយាយកាលពីដើមឆ្នាំថា “តាំងពីដំបូងមក យើងមើលឃើញវាជាការប្រណាំងប្រជែងប្រឆាំងនឹងវីរុស មិនមែនជាការប្រណាំងប្រជែងនឹងក្រុមហ៊ុនអភិវឌ្ឍវ៉ាក់សាំងផ្សេងនោះទេ។ យើងធ្វើការនៅសាកលវិទ្យាល័យហើយយើងមិនស្ថិតនៅទីនេះដើម្បីរកលុយនោះទេ”។
នៅទ្វីបអាហ្វ្រិក លោក គ្រីស្ទាន ហាបភី អ្នកជំនាញខាងហ្សែនដែលទទួលការបណ្តុះបណ្តាលនៅសាកលវិទ្យាល័យហាវើដ ដែលជានាយកមជ្ឈមណ្ឌលឧត្តមភាពអាហ្វ្រិកសម្រាប់ហ្សែនជំងឺឆ្លង (Acegid) កំពុងស្ថិតនៅជួរមុខនៃការស្រាវជ្រាវជំងឺកូវីដនៅទ្វីប ដែលគេរំពឹងថានឹងទទួលបានវ៉ាក់សាំងក្រោយគេ។
Acegid ដែលមានទីតាំងនៅសាកលវិទ្យាល័យ Redeemer នៅភាគនិរតីប្រទេសនីហ្សេរីយ៉ា គឺ ជាមន្ទីរពិសោធន៍ដំបូងគេនៅទ្វីបអាហ្វ្រិក ដែលរៀបលំដាប់ហ្សែនវីរុសកូរ៉ូណា។
ក្រុមអ្នកស្រាវជ្រាវរបស់មណ្ឌលនេះបានបង្កើតវ៉ាក់សាំងកូវីដ១៩ផ្អែកលើ DNA ទុកជាពិសេសសម្រាប់ទ្វីបអាហ្វ្រិក ប៉ុន្តែពួកគេប្រឈមមុខនឹងកង្វះមូលនិធិ នេះបើយោងតាមសម្ព័ន្ធវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យខូនែល។
ទោះបីជាមានការឆ្លងកូវីដ១៩តិចតួចនៅក្នុងទ្វីបអាហ្វ្រិកធៀបនឹងកន្លែងផ្សេងទៀតក៏ដោយ គឺ ប្រហែលជា ២ លានករណីទល់នឹងចំនួនសរុបទូទាំងពិភពលោក ៦៥ លានករណី លោកសាស្ត្រាចារ្យហាបភីបានសង្កត់ធ្ងន់ថា វាមានសារៈសំខាន់ណាស់ក្នុងការបង្កើតវ៉ាក់សាំងសម្រាប់មនុស្សនៅទ្វីបអាហ្វ្រិក ដោយសារភាពចម្រុះនៃហ្សែនរបស់ពួកគេ និង ភ្នាក់ងារបង្កជំងឺផ្សេងៗជាច្រើនកំពុងចរាចរនៅក្នុងទ្វីបនេះ។
គាត់និយាយថា”ហ្សែនជនជាតិអាហ្វ្រិកគឺខុសពីប្រជាជននៅលោកខាងជើង”ដោយពន្យល់ថាវាជាហេតុផលមួយក្នុងចំណោមហេតុផលនានាដែលវ៉ាក់សាំងពីមុនៗសម្រាប់ជំងឺដទៃទៀតដែលផលិតនៅលោកខាងលិច ជាធម្មតា មិនមានប្រសិទ្ធភាពសម្រាប់ប្រជាជនអាហ្វ្រិកទេ។
គាត់បន្តថា “ប្រសិនបើអ្នកចង់បង្កើតវ៉ាក់សាំងសម្រាប់ជនជាតិអាហ្វ្រិក អ្នកត្រូវចាប់ផ្តើមពីទ្វីបអាហ្វ្រិកនិងយល់ពីរបៀបដែលវ៉ាក់សាំងឆ្លើយតបនឹងជំងឺ”។
គំនិតផ្តួចផ្តើមជាសកលហៅថា Covax ក៏ត្រូវទទួលស្គាល់ស្នាដៃផងដែរសម្រាប់ការងាររបស់ពួកគេដើម្បីឱ្យទទួលបានវ៉ាក់សាំងថោកស្មើភាពគ្នា មិនថាអ្នកមានឬអ្នកក្រ៕
ពីឆ្វេងទៅស្តាំ ៖ លោកវេជ្ជបណ្ឌិត ម៉ុនសេហ្វ ស្លាវវី លោកស្រីវេជ្ជបណ្ឌិត សារ៉ា ហ្គីលបឺត និងលោកវេជ្ជបណ្ឌិត គ្រីស្ទាន ហាបភី