ប្រែសម្រួលៈវាសនា/ប៉ារីស៖ពួកអនាធិបតេយ្យដែលចងឈ្នួតក្បាលរាប់សិបនាក់បានចោលវត្ថុដាក់ប៉ូលិសបង្ក្រាបបាតុកម្ម វាយបំផ្លាញទ្វារបង្អួចហាង ដុតរថយន្តនិងរបាំងផ្លូវ ក្នុងអំឡុងពេលមានបាតុកម្មមួយនៅក្នុងរដ្ឋធានីបារាំងកាលពីថ្ងៃសៅរ៍ទី០៥ធ្នូ ដើម្បីតវ៉ាប្រឆាំងនឹងការប្រើអំពើហិង្សារបស់ប៉ូលិស រួមទាំងពង្រាងច្បាប់សន្តិសុខមួយ។
ប៉ូលិសបានបាញ់គ្រាប់បែកផ្សែងតតបនិងដេញពួកបង្កបញ្ហាអោយដកថយបញ្ហាអស់ពេលជិត៣ម៉ោង។ពួកកុបករមួយក្រុមបានវាយបំផ្លាញសាខាធនាគារមួយដោយចាប់គ្រវែងក្រដាសឯកសារទៅលើគំនរភ្លើងនៅខាងក្រៅអាគារ។
វាកត់សំគាល់ចលាចលនៅចុងសប្តាហ៍ទី២ក្នុងទីក្រុងប៉ារីស បង្កឡើងដោយសារកំហឹងនឹងការប្រព្រឹត្តអំពើព្រៃផ្សៃរបស់ប៉ូលិស និងផែនការសន្តិសុខរបស់ប្រធានាធិបតី អេមម៉ានុយអែល ម៉ាក្រុង ដែលពួកបាតុករនិយាយថា នឹងកំហិតសេរីភាពស៊ីវិល។
ការជួបជុំតវ៉ា ក៏កើតមាននៅក្រុងម៉ាសី លីយ៉ុង និងទីក្រុងបារាំងដទៃទៀត។
នៅក្រុងប៉ារីស មនុស្សរាប់ពាន់នាក់បានចាប់ផ្តើមដើរដង្ហែដោយសន្តិវិធី ដោយអ្នកខ្លះគ្រវីបដា ដែលសរសេរថា«បារាំង ទឹកដីរបស់សិទ្ធិប៉ូលិស» និង« ដកចេញច្បាប់សន្តិសុខ» នៅពេលការប៉ះទង្គិចបានផ្ទុះឡើងរវាងប៉ូលិសនិង ពួកអនាធិបតេយ្យ”ប្លុកខ្មៅ”។
បារាំងបានជួបរលកនៃការតវ៉ាប្រឆាំងតាមដងផ្លូវមួយក្រោយរដ្ឋាភិបាលបានបញ្ជូនពង្រាងច្បាប់សន្តិសុខមួយទៅអោយសភាពិភាក្សាអនុម័ត ដែលវានឹងបង្កើនឧបករណ៍ស៊ើបការណ៍ហើយរឹតត្បិតសិទ្ធិចែកចាយរូបភាពប៉ូលិសនៅក្នុងបណ្តាញសង្គមនិងសារព័ត៌មាន។ពង្រាងច្បាប់នេះជាផ្នែកមួយនៃយុទ្ធនាការរបស់លោកម៉ាក្រុងដើម្បីរឹតបន្តឹងច្បាប់និងសណ្តាប់ធ្នាប់មុនការបោះឆ្នោតឆ្នាំ២០២២។រដ្ឋាភិបាលរបស់លោកម៉ាក្រុងក៏តំរូវអោយការការពារកាន់តែប្រសើរឡើងទល់នឹងពាក្យសម្តីសម្អប់ប៉ូលិសតាមអនឡាញ។
តែពង្រាងច្បាប់នេះបាននិងកំពុងបង្កប្រតិកម្មសាធារណៈ៕
ផ្ទុះអំពើហិង្សារវាងប៉ូលិសនិងពួកអនាធិបតេយ្យនៅក្រុងប៉ារីស និងក្រុងដទៃទៀតប្រឆាំងនឹងច្បាប់សន្តិសុខ