ដោយៈមុនីរ័ត្ន/ភ្នំពេញ: កិច្ចប្រតិបត្តិកាបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនចូលពីថៃមកកម្ពុជា នៅចំណុចច្រកអន្តរជាតិដូង ភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយចាប់ខ្លួនស្ត្រីជនជាតិថៃម្នាក់ និងរឹបអូសគ្រឿងញៀន៣០គីឡូក្រាម បានធ្វើឡើងកាលពីថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២០។ កិច្ចប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបញ្ជាលោកនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង លោកនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
នារីសង្ស័យដែលឃាត់ខ្លួនឈ្មោះ ផាន់ភុំ រតនា (PHANPHOM RATTANA) ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិថៃ មានទីលំនៅឃុំណងប៊ុន ស្រុកបរៃ ខេត្តត្រាត ប្រទេសថៃ កាន់លិខិតឆ្លងដែនលេខ AB 42743737 ។ ការចាប់ខ្លួននេះសមត្ថកិច្ចដកហូតបានវត្ថុតាង
គ្រឿញៀនប្រភេទមេតំហ្វេតាមីន (ICE) ២៩គ.ក្រ និង ៨៥៧,០២ក្រាម ទូរស័ព្ទ២គ្រឿង លិខិតឆ្លងដែន១ក្បាល និងសៀវភៅធនាគារ២ក្បាល។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចជំនាញយើងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងបន្តតាមនីតិវិធី ៕