ស្រាវជ្រាវប្រែសម្រួលៈ មេសា
ដើមឡើយ ហ្វាំងឡង់ ជាផ្នែកមួយ នៃ ប្រទេស ស៊ុយអែត ប៉ុន្តែ ស៊ុយអែត ចាញ់ សង្គ្រាម ទឹកដី ហ្វាំងឡង់ ក៏បានធ្លាក់ទៅក្នុងផ្នែកមួយ នៃ ប្រទេស រុស្ស៊ី ហើយដោយសារ រុស្ស៊ី មានបដិវត្តន៍ ទើប ហ្វាំងឡង់ ប្រកាសឯករាជភាពរបស់ខ្លួននៅថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ១៩១៧ ប៉ុន្តែបន្ទាប់មកក៏នៅមានសង្គ្រាមស៊ីវិល និង សង្គ្រាមឈ្លានពានពី រុស្ស៊ី ជាច្រើនទសវត្សរ៍ទៀត ។
ភូមិសាស្ត្រ-ប្រជាសាស្ត្រ
ហ្វាំងឡង់ មានផ្ទៃដី ១៣០.៦៦៦ គីឡូម៉ែត្រក្រឡា ស្ថិតនៅ អឺរ៉ុបខាងជើង មានព្រំដែនជាប់ប្រទេស ស៊ុយអែត និង ប្រទេស រុស្ស៊ី ។ ឆ្នាំ ២០១៩ មានប្រជាពលរដ្ឋជាង ៥ លាននាក់ ភាគច្រើនជាអ្នកកាន់គ្រិស្តសាសនា ភាសាផ្លូវការ គឺភាសា ហ្វាំងឡង់ និង ភាសាស៊ុយអែត រដ្ឋធានី គឺទីក្រុង ហែលស៊ិនគី ។ ទូរស័ព្ទដៃម៉ាក Nokia របស់ ហ្វាំងឡង់ ល្បីល្បាញ ពាស ពេញពិភពលោក ។
ប្រវត្តិសាស្ត្រ
ចាប់ពីដើមសតវត្សរ៍ទី ១២ ស្តេច ស៊ុយអែត បានបង្កើតការត្រួតត្រាលើតំបន់ Crusades ខាងជើង គឺប្រទេស ហ្វាំងឡង់ បច្ចុប្បន្ននេះ ។ នៅក្នុងសតវត្សរ៍ទី ១៨ សង្គ្រាមរវាង ស៊ុយអែត និង រុស្ស៊ី បានផ្ទុះឡើង ២ លើក បណ្តាលឱ្យទឹកដីនោះធ្លាក់ក្រោមការត្រួតត្រារបស់ រុស្ស៊ី ម្តង ។
នៅមានសង្គ្រាម ២ ទៅ ៣ លើកទៀត ក្នុងសតវត្សរ៍ទី ១៨ នោះ រវាង ស៊ុយអែត និង រុស្ស៊ី ដោយយកទឹកដី ហ្វាំងឡង់ ធ្វើជាសមរភូមិ ទីបំផុតពួកអ្នកនយោបាយជនជាតិហ្វាំងឡង់ គិតថាត្រូវតែស្វែងរកស្វ័យភាពសម្រាប់ ហ្វាំងឡង់ ។ ប៉ុន្តែការស្វែងរកឯករាជភាពរបស់ ហ្វាំងឡង់ នាពេលនោះពុំសូវទទួលបានការគាំទ្រឡើយ ។
នៅថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ១៨០៩ ទឹកដី ហ្វាំងឡង់ ត្រូវបានទាហាន រុស្ស៊ី ចូលកាន់កាប់ ។ ទឹកដី ហ្វាំងឡង់ ក្លាយជាតំបន់ស្វ័យយត Grand Duchy របស់ រុស្ស៊ី ហើយនៅឆ្នាំ ១៨១១ រុស្ស៊ី បានបញ្ចូលខេត្ត Vyborg របស់ខ្លួនទៅក្នុងទឹកដី Grand Duchy ហ្វាំងឡង់ ។
នៅអំឡុងទសវត្សរ៍ឆ្នាំ ១៨៦០ មានចលនាជាតិនិយម ហ្វាំងឡង់ ដ៏ខ្លាំងក្លាមួយបានកើតឡើងដែមានឈ្មោះថាចលនា Fennoman ។
គ្រោះទុរ្ភឹក្សយ៉ាងកាចសាហាវមួយបានកើតឡើងនៅទឹកដី ហ្វាំងឡង់ ពីឆ្នាំ ១៨៦៦-១៨៦៨ បានសម្លាប់ប្រជាពលរដ្ឋអស់ ១៥ ភាគរយ បានក្លាយជាគ្រោះទុរ្ភឹក្ស ដ៏កាចសាហាវបំផុតនៅក្នុងប្រវត្តិសាស្ត្រ អឺរ៉ុប ។
ឆ្នាំ ១៩០៦ សិទ្ធិបោះឆ្នោតត្រូវបានអនុម័តនៅក្នុងតំបន់ស្វ័យយត Grand Duchy ហ្វាំងឡង់ ។ ប៉ុន្តែទំនាក់ទំនងរវាង Grand Duchy និង រុស្ស៊ី ប្រែជាជូរចត់បន្ទាប់ពី រុស្ស៊ី ចាត់វិធានការជាច្រើន ដើម្បី រិតបន្តឹងស្វ័យភាពរបស់ ហ្វាំងឡង់ ហើយច្បាប់បោះឆ្នោតដែលសភា ហ្វាំងឡង់ បានអនុម័ត ក្លាយជាគ្មានន័យដោយសារស្តេច ត្សា រុស្ស៊ី មិនអនុម័ត ។
សង្គ្រាមស៊ីវិល-ឯករាជ្យភាព
បដិវត្តន៍នៅ រុស្ស៊ី នាខែ កុម្ភៈ ឆ្នាំ ១៩១៧ ធ្វើឱ្យអំណាចនៅ រុស្ស៊ី ដែលជាអាណាព្យាបាលរបស់ ហ្វាំងឡង់ មានភាពរង្គោះរង្គើ ហើយក៏បង្កើតជាចំណោទជាច្រើនជាពិសេសក្នុងចំណោមពួកអ្នកសង្គមប្រជាធិបតេយ្យ ចំពោះឋានៈរបស់ ហ្វាំងឡង់ ដែលជាផ្នែកមួយរបស់ រុស្ស៊ី ។ ប្រការនេះដោយសារកន្លងមក ស្តេច ត្សា រុស្ស៊ី គឺជាប្រមុខរដ្ឋរបស់ ហ្វាំងឡង់ ប៉ុន្តែបន្ទាប់ពីបដិវត្ដន៍នេះមក គេមិនដឹងថាអ្នកជាអ្នកជំនួសឡើយ ។
ពេលនោះសភា ហ្វាំងឡង់ ដែលគ្រប់គ្រង ដោយពួកអ្នកសង្គមប្រជាធិបតេយ្យ បានបោះឆ្នោតផ្តល់អំណាចខ្ពស់បំផុតទៅឱ្យសភា ។ ប៉ុន្តែប្រការនេះត្រូវបានរដ្ឋាភិបាលបណ្តោះអាសន្នថ្នាក់ខេត្តរបស់ រុស្ស៊ី និង បក្សស្លាបស្តាំនៅ ហ្វាំងឡង់ បដិសេធ ។ រដ្ឋាភិបាលថ្នាក់ខេត្ត រុស្ស៊ី បានរំលាយសភា ហ្វាំងឡង់ ដោយបង្ខំ ដែលពួកសភា ចាត់ទុកថានោះគឺជាទង្វើខុសច្បាប់ ។
ការបោះឆ្នោតថ្មីមួយត្រូវបានធ្វើឡើង ដែលបក្សស្លាបស្តាំបានឈ្នះយ៉ាងប្រកៀកប្រកិត ។ ពួកអ្នកសង្គមប្រជាធិបតេយ្យមួយចំនួននៅតែមិនព្រមទទួលស្គាល់លទ្ធផល នៃ ការបោះឆ្នោតនេះ ហើយនៅតែប្រកាន់ថា ការរំលាយ សភា នាពេលកន្លងមកគឺជារឿងខុសច្បាប់ដដែល ។ ប្រការនេះ នាំឱ្យបក្សនយោបាយទាំង ២ គឺបក្សស្លាបស្តាំ និង បក្សសង្គមប្រជាធិបេយ្យ ដែលមានកម្លាំងប្រហាក់ប្រហែលគ្នា ក្លាយជាអមិត្តនឹងគ្នាយ៉ាងស្រួចស្រាល់ ។
ខែតុលា ឆ្នាំ ១៩១៧ ដដែលនោះ នៅ រុស្ស៊ី មានបដិវត្តន៍ម្តងទៀតដែលធំជាងបដិវត្តន៍កាលពីខែ កុម្ភៈ ។ រំពេចនោះពួកបក្សស្លាបស្តាំ បានចាប់ផ្តើមពិចារណាឡើងវិញ ដើម្បី បិទការផ្ទេរអំណាចប្រតិបត្តិខ្ពស់បំផុតពី រដ្ឋាភិបាល រុស្ស៊ី មក ហ្វាំងឡង់ ខណៈពួកកុម្មុយនិស្ត បានច្បាមយកអំណាចនៅ រុស្ស៊ី ។ ពេលនោះ ពួកបក្សស្លាបស្តាំ ក៏បានប្រកាសឯករាជភាពរបស់ ហ្វាំងឡង់ នៅថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ១៩១៧ ។
ក្រោយមក រដ្ឋាភិបាល និង ប្រជាពលរដ្ឋ ហ្វាំងឡង់ ប្រារព្ធទិវាឯករាជ្យជាតិរបស់ពួកគេ ដើម្បី រំឭកដល់ថ្ងៃដែល ពួកបក្សស្លាបស្តាំ ប្រកាសឯករាជភាពរបស់ ហ្វាំងឡង់ កាលថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ១៩១៧ នោះឯង ។
ប៉ុន្តែនៅថ្ងៃទី ២៧ ខែ មករា ឆ្នាំ ១៩១៨ ក៏ចាប់ផ្តើមមានសង្គ្រាម ២ កើតឡើង គឺពួកបក្សស្លាបស្តាំ បានដកហូតអាវុធពីកងទ័ព រុស្ស៊ី នៅតំបន់ Pohjanmaa ហើយបក្សសង្គមប្រជាធិបតេយ្យ បានដឹកនាំធ្វើរដ្ឋប្រហារបណ្តេញរដ្ឋាភិបាល ស ក៏បង្កើតបានជាសង្គ្រាមស៊ីវិល យ៉ាងជូរចត់ ។
ដោយទទួលបានការគាំទ្រពី អាល្លឺម៉ង់ ពួករដ្ឋាភិបាល ស ដែលកំពុងនិរទេសខ្លួន ( បន្ទាប់ពីបក្សសង្គមប្រជាធិបតេយ្យបណ្តេញ ) ក៏ឈ្នះលើពួកក្រហម ( កុម្មុយនិស្ត នៅហ្វាំងឡង់ ដែលមាន សហភាព សូវៀត នៅពីក្រោយខ្នង ) ហើយបានចាប់មនុស្សរាប់ពាន់នាក់ដែលគេសង្ស័យថាជាពួកក្រហម ទៅឃុំឃាំងក្នុងជំរុំនានា ហើយនៅទីទាំងនោះពួកក្រហម ត្រូវបានកាត់ទោសប្រហារជីវិត ផ្តាច់បាយ និង កើតជំងឺ ស្លាប់រាប់ពាន់នាក់ ។ សត្រូវរវាងពួក ក្រហម និង ពួក ស បានធ្លាក់ក្នុងសភាពកាន់តែជ្រាលជ្រៅល្វឹងល្វើយមហិមាកាប់សម្លាប់គ្នាអូសបន្លាយរហូតមក ។
បន្ទាប់ពីចង់បានជាប្រទេសរាជានិយមមួយខណៈមក ទីបំផុតប្រទេស ហ្វាំងឡង់ ក៏បានសម្រេចចិត្តបង្កើតជាសាធារណៈរដ្ឋ ដោយមានលោក Kaarlo Juho Ståhlberg ត្រូវបានបោះឆ្នោតជាប្រធានាធិបតីដំបូងគេ នៅឆ្នាំ ១៩១៩ ។ ព្រំដែនរវាងប្រទេស ហ្វាំងឡ់ង និង រុស្ស៊ី ត្រូវបានកំណត់ដោយសន្ធិសញ្ញា ឆ្នាំ ១០២០ ។
សាធារណរដ្ឋប្រជាធិបតេយ្យ ហ្វាំងឡង់ មើលមិនឃើញអំពីគំនិតប៉ុនប៉ងធ្វើរដ្ឋប្រហារពីសំណាក់ សូវៀត ឡើយ ក៏បន្តធ្វើសកម្មភាពប្រឆាំងពួកកុម្មុយនិស្ត ក្នុងប្រទេស ដែលគាំទ្រដោយ សូវៀត ជាហេតុធ្វើឱ្យទំនាក់ទំនងរវាង សូវៀត និង ហ្វាំងឡង់ មានភាពតានតឹង ។ ប៉ុន្តែទំនាក់ទំនងរវាង អាល្លឺម៉ង់ ជាមួយ ហ្វាំងឡង់ ត្រូវបានធ្វើឱ្យត្រជាក់បន្ទាប់ពីពួក ណាស៊ីស ឡើងកាន់អំណាចនៅ អាល្លឺម៉ង់ ។
មន្ត្រីយោធាត្រូវបានបង្វឹកនៅប្រទេស បារាំងង ហើយទំនាក់ទំនងជាមួយ អឺរ៉ុប និង ស៊ុយអែត ត្រូវបានពង្រឹង ។
ទីបំផុតនៅទី ៣០ វិច្ឆិកា ឆ្នាំ ១៩៣៩ កងទ័ព សហភាព សូវៀត ( ដែលជាអ្នកគាំទ្រពួកក្រហម នៅ ហ្វាំងឡង់ ) បានចាប់ផ្តើមបើកការវាយលុកលុយកប្រទេស ហ្វាំងឡង់ ដែលគេហៅថា “សង្គ្រាមនារដូវរងា“ ។ ប៉ុន្តែក៏ត្រូវបានបញ្ចប់ទៅវិញនៅឆ្នាំ ១៩៤០៕