ប្រែសម្រួលៈវាសនា/តូក្យូ៖ បន្ទាប់ពីពន្លឺមួយឆ្នូតបានហោះកាត់ផ្ទៃមេឃពេលរាត្រី សំណាកវត្ថុធាតុមកពីអាចម៍ផ្កាយដ៏សែនឆ្ងាយមួយបានមកដល់ផែនដីកាលពីដើមថ្ងៃអាទិត្យទី៦ធ្នូ ក្រោយពីវាត្រូវបានទម្លាក់ចេញពីយានស្រាវជ្រាវជប៉ុនHayabusa-2នៅលើអូស្ត្រាលីខាងត្បូង។
ពួកអ្នកវិទ្យាសាស្ត្រសង្ឃឹមថា សំណាកវត្ថុធាតុដ៏មានតំលៃនេះ អាចជួយផ្តល់ពន្លឺអំពីប្រភពនៃជីវិតនិងការកកើតចក្រវាល។
ប្រអប់ផ្ទុកសំណាកនេះ បានចូលក្នុងបរិយាកាសផែនដីនៅម៉ោង២និង៣០នាទី ព្រឹកម៉ោងនៅជប៉ុន ដោយបង្កជាដុំភ្លើងមួយឆ្នូតក្នុងផ្ទៃមេឃពេលជិតភ្លឺ ហើយធ្លាក់នៅវាលខ្សាច់អូស្ត្រាលីខាងត្បូងមុនត្រូវបានរើសយកដោយក្រុមអ្នកជំនាញការ។
មន្ត្រីនៅមន្ទីរស្រាវជ្រាវជប៉ុនបាននិយាយថា «ក្រោយធ្វើដំណើរអស់៦ឆ្នាំ នៅទីបំផុតវាបានមកដល់ផែនដីវិញ»។
ប្រអប់ផ្ទុកសំណាកនេះបានផ្តាច់ខ្លួនចេញពីយានHayabusa-2កាលពីថ្ងៃសៅរ៍ នៅពេលយានស្រាវជ្រាវប៉ុនទូរទឹកកកដែលបានចេញដំណើរពីផែនដីនៅឆ្នាំ២០១៤ បានស្ថិតនៅចម្ងាយ២២០.០០០គីឡូម៉ែត្រពីផែនដី។
សំណាកវត្ថុធាតុនេះត្រូវបានយកមកពីអាចម៍ផ្កាយRyugu នៅចម្ងាយប្រមាណ៣០០លានគីឡូម៉ែត្រពីផែនដី ក្នុងបេសកកម្ម២ដំណាក់កាលរបស់យានHayabusa-2កាលពីឆ្នាំទៅ។វារួមមានធូលីលើផ្ទៃអាចផ្កាយ និងវត្ថុធាតុនៅក្រោមផ្ទៃរបស់វា។
ពួកអ្នកវិទ្យាសាស្ត្រនៅ មជ្ឈមណ្ឌលមួយនៃកងទ័ពអាកាសអូស្ត្រាលីបានតាមដានការទម្លាក់ខ្លួនរបស់ប្រអប់សំណាកនេះយ៉ាងដិតដល់ ។វត្ថុធាតុដែលប្រមូលបានមកនេះត្រូវគេជឿថាមិនមានការប្រែប្រួលទេចាប់តាំងពីការកកើតចក្រវាលមក។
ភពធំៗជាង ដូចជាផែនដី បានឆ្លងកាត់ការផ្លាស់ប្តូរប្រែប្រួលខ្លាំង រួមានការឡើងក្តៅនិងការធ្វើអោយកក ដែលនាំដល់ការប្រែប្រួលសមាសធាតុនៅលើផ្ទៃនិងក្រោមផ្ទៃរបស់វា ។តែបើនិយាយអំពីភពតូចជាង ឬអាចម៍ផ្កាយតូចជាង សារធាតុទាំងនេះមិនរលាយ ដូច្នេះពួកអ្នកវិទ្យាសាស្ត្រជឿថា សារធាតុតាំងពី៤,៦ពាន់លានឆ្នាំមុន ស្ថិតនៅទីនោះ។
អ្នកវិទ្យាសាស្រ្តជប៉ុនប្រមូលយកសំណាកអាចម៍ផ្លាយនៅអូស្ត្រាលីខាងត្បូង
ពួកអ្នកវិទ្យាសាស្ត្រកំពុងចង់ដឹងថាតើ សំណាកវត្ថុធាតុនេះមានផ្ទុកធាតុទ្រទ្រង់ជីវិតដែរឬអត់ ដែលនឹងជួយបង្កើតជីវិតនៅលើផែនដីយើង៕
យានស្រាវជ្រាវHayabusa-2របស់ជប៉ុន ទម្លាក់ប្រអប់ផ្ទុកសំណាកចូលក្នុងបរិយាកាសផែនដីលើអូស្ត្រាលីខាងត្បូងកាលពីដើមថ្ងៃអាទិត្យ មុនអ្នកវិទ្យាសាស្ត្រនាំគ្នាទៅយកវា
ពួកអ្នកវិទ្យាសាស្រ្តជប៉ុនអបអរនៅពេលយានផ្ទុកសំណាកអាចម៍ផ្កាយចូលមកដល់បរិយាកាសផែនដីកាលពីថ្ងៃអាទិត្យ