ដោយៈ សរិទ្ធ / រតនគិរីៈ នារីម្នាក់ បានធ្វើអត្តឃាត ដោយលេបថ្នាំសម្លាប់ខ្លួន ទាំងវ័យក្មេង ព្រោះតែខឹងឪពុកម្ដាយ ឈ្លោះប្រកែកគ្នា ធ្វើឲ្យខ្មាសអ្នកជិតខាងខ្លាំងពេក។ ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៣០នាទី ទៀបភ្លឺ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ នៅផ្ទះឈ្មោះ គន្ទៀង គុយ ស្ថិតនៅក្នុងភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី។ នេះបើតាមលោក ក្លល ថើង អធិការស្តីទី នគរបាលស្រុកលំផាត់ បានឲ្យដឹង នៅព្រឹកថ្ងៃទី៦ ខែធ្នូ នេះ ។
លោកអធិការស្តីទី នគរបាលស្រុកលំផាត់ បានឱ្យដឹងបន្តថា នារីអត្តឃាតជន ឈ្មោះ គុយ វីណា អាយុ ២៣ ឆ្នាំ ជនជាតិព្រៅ មុខរបរ បុគ្គលិកពេទ្យឯកជន (ពេទ្យស្កាយអ៊ីន នៅខេត្តរតនគិរី) មានទីលំនៅ បច្ចុប្បន្ន ក្នុងភូមិ-ឃុំ កើតហេតុខាងលើ។
លោកបានបន្តទៀតថា កាលពីយប់ ថ្ងៃទី៥ ខែធ្នូ នារីនោះ បានចេញពីធ្វើការ នៅក្នុងខេត្ត មកហូបបាយពេលល្ងាច ជួបជុំសមាជិកក្នុងគ្រួសារ ហើយបានចូលសម្រាករៀងៗខ្លួន ដូចសព្វមួយដង តែនារីនោះ មិនបានចូលសម្រាកនោះទេ នៅសរសេររបាយការណ៍ ប្រចាំថ្ងៃរបស់ខ្លួន។ លុះមកដល់ម៉ោង ប្រហែលជា ៣ ទៀបភ្លឺ ឈានចូលថ្ងៃទី៦ ខែធ្នូនេះ ម្ដាយរបស់នារីនោះ បានឮសម្លេងកន្ត្រាក់ដៃ កន្ត្រាក់ជើង នឹកស្មានថា មានចោរចូលលួចគាស់ផ្ទះ រួចក៏បានដាស់ប្តី ឲ្យងើបមើល ។ ប៉ុន្តែមិនបានឃើញ មានអ្វីគួរឲ្យចម្លែកនោះទេ ក៏ចូលមកក្នុងផ្ទះវិញ ស្រាប់តែឃើញ នារីនោះ ដេកនៅលើក្ដារ មានអាការៈ ដង្ហក់ និងក្អួតចង្អោរ។ ភ្លាមៗនោះ ក្រុមគ្រួសាររបស់នារីនោះ ក៏បានរកឡានអ្នកភូមិ ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យបង្អែកខេត្ត។ ក្រោយពេលទៅដល់ពេទ្យ នារីនោះបានដាច់ខ្យល់ស្លាប់ បាត់ទៅហើយនោះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាល ស្រុកលំផាត់ កម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំល្បាំង២ បានធ្វើកោសល្យវិច័យសព និងសាកសួរប្រមូលព័ត៌មាន នៅកន្លែងកើតហេតុ រួចហើយបានសន្និដ្ឋានថា ករណីនេះ ជាករណីធ្វើអត្តឃាត ដោយខ្លួនឯង លេបថ្នាំសម្លាប់ខ្លួន ពិតប្រាកដមែន ប៉ុន្តែមិនបានស្គាល់ថ្នាំ ដែលនារីអត្តឃាតជន លេបនោះទេ។ បច្ចុប្បន្ន សមត្ថកិច្ច បានធ្វើកំណត់ហេតុ ប្រគល់សព ទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ ទៅតាមប្រពៃណីរបស់ បងប្អូនជនជាតិដើមភាគតិច៕/V
នារីម្នាក់ លេបថ្នាំសម្លាប់ខ្លួន ព្រោះខឹងឪពុកម្ដាយ ឈ្លោះប្រកែកគ្នា
នារីម្នាក់ លេបថ្នាំសម្លាប់ខ្លួន ព្រោះខឹងឪពុកម្ដាយ ឈ្លោះប្រកែកគ្នា