Home ព័ត៌មានជាតិ នយោបាយ ប្រធានគណបក្សន...

ប្រធានគណបក្សនគរប្រជាធិបតេយ្យ ប្រកាសដកខ្លួនឈប់ពាក់ព័ន្ធទំនាស់ដីធ្លីនៅបឹងជង្រុក ខេត្តបន្ទាយមានជ័យ

(ភ្នំពេញ)៖ លោក ចាន់ យ៉េត ប្រធានគណបក្សនគរប្រជាធិបតេយ្យ និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានប្រកាសថា ខ្លួននិងសហការី ឈប់ពាក់ព័ន្ធនឹងទំនាស់ដីធ្លីនៅតំបន់បឹងជង្រុក និង៦៧១ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យទៀតហើយ ចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះតទៅ។

ការប្រកាសដកខ្លួនរបស់លោក ចាន់ យ៉េត បន្ទាប់ពីលោកបានឃើញទំនាស់ដ៏រ៉ាំរ៉ៃនៅតំបន់បឹងជង្រុក និង៦៧១ ត្រូវបានដោះស្រាយបញ្ចប់ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

នៅក្នុងលិខិតបំភ្លឺជាសាធារណៈមួយដែល ទទួលបាននៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ លោក ចាន់ យ៉េត បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ស្វែងរកការអន្តរាគមន៍របស់លោកឱ្យទទួលយកនូវគោលនយោបាយដោះស្រាយរបស់សម្តេចតេជោ ហ៊ុន សែន។ លោក ចាន់ យ៉េត បានអំពាវនាវយ៉ាងដូច្នេះ «ខ្ញុំសូមឱ្យប្រជាពលរដ្ឋចំនួន ២៣០គ្រួសារ ដែលមានអ្នកតំណាងឈ្មោះ សុខ ផាត និង ឆៃ និង មុត តាំង សូមបន្តទទួលយកតាមការព្រមព្រៀងគ្នានៃដំណោះស្រាយបែបឈ្នះឈ្នះ ដែលមាន ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដោះស្រាយបញ្ចប់វិវាទទាំងស្រុង ហើយកំពុងបន្តអភិវឌ្ឍមូលដ្ឋាននោះ ដូចដែលបងប្អូនធ្លាប់បានផ្តិតមេដៃព្រមព្រៀងទទួលយករួចហើយដែរ នាពេលកន្លងមក»។

លោក ចាន់ យ៉ត បានអះអាងថា ប្រសិនបើទៅថ្ងៃក្រោយរូបលោក និងសហការី ព្រមទាំងក្រុមការងារគណបក្សនគរប្រជាធិបតេយ្យ នៅតែមានការពាក់ព័ន្ធក្នុងកិច្ចការងារនៅមូលដ្ឋានបឹងជង្រុក និង៦៧១ រូបលោក និងសហការី ព្រមទាំងក្រុមការងារទាំងអស់គ្នា នឹងទទួលខុសត្រូវចំពោះមុខច្បាប់។

បើទោះបីជាយ៉ាងណា លោក ចាន់ យ៉េត ក៏បានប្រកាសចូលរួមដោះស្រាយ និងអភិវឌ្ឍន៍នៅតំបន់នោះដែរ បើសិនក្រុមការងារខុទ្ទកាល័យសម្ដេចតេជោ និងក្រុមការងារខេត្តបន្ទាយមានជ័យ ត្រូវការឱ្យរូបលោកចូលរួមសហការក្នុងផ្នែកណាមួយ ដើម្បីជួយជំរុញដល់ដំណើរការដោះស្រាយរបស់ក្រុមការងារ ខុទ្ទកាល័យសម្ដេចតេជោ និងក្រុមការងារខេត្តបន្ទាយឋានជ័យ។

សូមបញ្ជាក់ថា តំបន់បឹងជង្រុក និង៦៧១ នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានកើតជម្លោះរ៉ាំរ៉ៃអស់រយៈពេលជាង ២០ឆ្នាំមកហើយ។ តែពេលថ្មីនេះ តាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដោយមានការចូលទៅដោះស្រាយដោយផ្ទាល់របស់លោក ប៉ាន់ខែម ប៊ុនថន ទំនាស់នៅតំបន់នោះត្រូវបានបិទបញ្ចប់។

បន្ទាប់ពីបានដោះស្រាយបញ្ចប់ទំនាស់ហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចទម្លាក់ថវិកាទៅអភិវឌ្ឍន៍នៅតំបន់នោះ បង្កើតហេដ្ឋារចនាសម្ព័ន្ធ សំណង់រដ្ឋបាលជាដើម ដើម្បីបម្រើជាប្រយោជន៍ដល់ការរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសរសើរដល់មន្ត្រីខុទ្ធកាល័យរបស់សម្តេចផងដែរ ដែលបានប្រើនយោបាយឈ្នះឈ្នះ ដោះស្រាយបញ្ចប់បញ្ហានោះក្រៅប្រព័ន្ធតុលាការ ហើយគ្រប់ភាគីទទួលដោយស្នាមញញឹម៕PL


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular