Home ព័ត៌មានជាតិ វប្បធម៌ ក្រុមអ្នកជំនា...

ក្រុមអ្នកជំនាញជួសជុលបង្កាន់ដៃនាគនៅផ្នែកខាងលិចនៃប្រាសាទព្រះវិហារ

ដោយ:បាយ័ន/ព្រះវិហារ:  កិច្ចការអភិរក្ស និងជួសជុលបង្កាន់ដៃនាគ នៅផ្នែកខាងលិចនៃប្រាសាទព្រះវិហារ ត្រូវបាននាយកដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារកំពុងអនុវត្ដការងារជួសជុលនិងកែលម្អ។នេះគឺជាការបញ្ជាក់ពីនាយកដ្ឋានរមណីយ ដ្ឋាន និងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារ  នៅថ្ងៃទី៦ខែធ្នូ។

    ប្រភពដដែលបានឲ្យដឹងថា បង្កាន់ដៃនាគមានប្រវែង ៣០ម៉ែត្រ នៅអមសងខាងស្ពានហាលនិងបានជួសជុលបង្កាន់ដៃនាគនៅស្ពានហាលគោបុរៈទី២ប្រាសាទព្រះវិហារ បានកែលម្អ និងជួសជុលបង្កាន់ដៃនាគនៅផ្នែកខាងកើតកាលពីឆ្នាំ២០១៧កន្លង ទៅរួចហើយ។

    អាជ្ញាធរជាតិព្រះវិហារ បានបញ្ជាក់ទៀតថា យើងកំពុងអនុវត្ដនៅផ្នែកខាងលិចនាពេលនេះ ។យើងសម្រេចបានការងារមួយចំនួនដូចជា សម្រង់ប្លង់បច្ចេកទេសបង្កាន់ដៃនាគសម្រាប់ការងារអភិរក្ស និងជួសជុល , ស្វែងរកបំណែកខ្លួននាគ និងបង្គោលផ្កាឈូកស្ពានហាល, ចុះបញ្ជី និងរៀបចាំឯកសារជួសជុលបង្គោលផ្កាឈូកស្ពានហាល ,ធ្វើកំណាយបុរាណវិទ្យាចំនួន០២រណ្ដៅត្រង់ក្បាលនាគ និងកន្ទុយនាគដើម្បីស្វែងយល់ពីស្ថានភាពខូចខាតគ្រឹះ , ស្ដារដីចាក់ចង្អួរនៅចន្លោះស្ពានហាល និងបង្កាន់ដៃនាគដើម្បីឲ្យលេចចេញនៅស្ថានភាពដើម និងតួនាទីបុរាណឡើងវិញ។

    អាជ្ញាធរជាតិព្រះវិហារ បានបន្តថា នៅក្នុងអំឡុងពេលស្ដារដីនេះបានប្រទះឃើញព្រះកេសទេវរូបភេទប្រុស មួយមានកម្ពស់៣០ស. ទទឹង២០ស . និងកម្រាស់២១ស. ដែលត្រូវបានវាយបំផ្លាញ ។ព្រះកេសនេះរូវបានយកទៅរក្សាទុកនៅសារមន្ទីធម្មជាតិសកលសម្ដេចតេជោហ៊ុនសែនព្រះវិហារ ។ក្រុមការងារកំពុងអនុវត្ដបន្ដការងារជួសជុលគ្រឹះបង្កាន់ដៃនាគដែលស្រុត ជួសជុលថ្មបែក ហើយត្រូវរៀបចូលទីតាំងដើមវិញនៅក្នុងខែធ្នូនេះ៕

រូបភាព: នាយកដ្ឋានរមណីយដ្ឋាន និងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារ ជួសជុលបង្កាន់ដៃនាគនៅផ្នែកខាងលិចនៃប្រាសាទព្រះវិហារ៕បាយ័ន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular