ប្រែសម្រួលៈវាសនា/វ៉ាស៊ីនតោន៖សហរដ្ឋអាម៉េរិកកាលពីថ្ងៃអាទិត្យបានជួបការឆ្លងវីរុសកូរ៉ូណាខ្ពស់បំផុតជាថ្មីនៅ២៤ម៉ោងកន្លងទៅដល់ថ្ងៃទី៣ជាប់គ្នា ចំពេលរុស្ស៊ីក៏រាយការណ៍ការឆ្លងច្រើនបំផុតផងដែរ។
តួលេខរបស់សកលវិទ្យាល័យJohns Hopkins Universityបង្ហាញថាអាម៉េរិកមានអ្នកឆ្លងកូវីដ១៩ជិត២៣០.០០០នាក់និង២.៥២៧នាក់ស្លាប់ដោយជំងឺនេះកាលពីថ្ងៃអាទិត្យទី៦ធ្នូតែមួយ។
សូមបញ្ជាក់ថា អស់ពេល២សប្តាហ៍មកនេះ អាម៉េរិកមានអ្នកស្លាប់ដោយកូវីដ១៩លើ២.០០០នាក់ក្នុងមួយថ្ងៃ ។
ក្នុងពេលជាមួយគ្នា រុស្ស៊ីក៏ជួបកំណើនការឆ្លងមិនធម្មតា គឺនៅថ្ងៃអាទិត្យនេះមានអ្នកឆ្លងកូវីដដល់ទៅ២៩.០៣៩នាក់ ជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតនៅក្នុងប្រទេសនេះ។សរុប រុស្ស៊ីមានអ្នកឆ្លងវីរុសនេះជាង២,៤លាននាក់ និងជាប្រទេសទី៤ដែលមានអ្នកឆ្លងច្រើនបំផុតបន្ទាប់ពីអាម៉េរិក ឥណ្ឌានិងប្រេស៊ីល។
កាលពីសប្តាហ៍មុន ប្រធានាធិបតីរុស្ស៊ីលោកពូទីនបានបញ្ជាអោយចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដោយប្រើវ៉ាក់សាំងផលិតនៅរុស្ស៊ីSputnik Vហើយគ្រូពេទ្យនិងគ្រូបង្រៀនទទួលបានវាមុន ។តាមពិតSputnik Vត្រូវបានចាក់លើបុគ្គលិកវេជ្ជសាស្ត្ររុស្ស៊ីអស់ពេលប៉ុន្មានខែមកហើយទោះជាវាស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយក្តី។
យោធារុស្ស៊ី នៅសប្តាហ៍នេះបានចាប់ផ្តើមចាក់វ៉ាក់សាំងដល់នាវិករបស់នាវាកងទ័ពជើងទឹក ដែលគ្រោងចេញបេសកកម្មណាមួយ។
នៅអង់គ្លេស គេថាព្រះមហាក្សត្រព្រះជន្ម៩៤វស្សានឹងទទួលការចាក់សាំងរបស់ក្រុមហ៊ុនPfizer-BioNTech ដើម្បីការពារទល់នឹងវីរុសកូរ៉ូណានៅប៉ុន្មានសប្តាហ៍ខាងមុខបន្ទាប់ពីនិយតករអង់គ្លេសផ្តល់ការអនុម័តយល់ព្រមអោយប្រើវាជាសាធារណៈ។
ការបញ្ចេញប្រើវ៉ាក់សាំងកូវីដ១៩នៅអង់គ្លេសនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។
មហាក្សត្រិយានី អេលីហ្សាបេត ព្រះជន្ម៩៩វស្សា និងព្រះស្វាមី ព្រះអង្គម្ចាស់ ហ្វីលីព ត្រូវគេរំពឹងថានឹងទទួលបានវ៉ាក់សាំងមុនគេ
អង់គ្លេសបានបញ្ជាទិញវ៉ាក់សាំងសរុប៤០លានដូស ហើយទំនងជានឹងទទួលបាន៨សែនដូស ដំបូងនៅសប្តាហ៍ក្រោយ។
នៅអាស៊ី ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យកំពុងព្រមានអំពីវីរុសកូរ៉ូណានៅកំរិតខ្ពស់បំផុតទី២នៅក្រុងសេអ៊ូល និងតំបន់ជុំវិញក្រោយការឆ្លងហក់ឡើងពី១០០ទៅជាង៥០០ករណីក្នុងមួយថ្ងៃ អស់ពេលប៉ុន្មានសប្តាហ៍មកនេះ។
ការជួបជុំមនុស្សចាប់ពី៥០នាក់ឡើងនឹងត្រូវហាមឃាត់ និងការប្រកួតកីឡាអាជីពត្រូវធ្វើដោយមិនមានអ្នកចូលទស្សនាខណៈបណ្តាហាងនៅបើកសំរាប់តែអ្នកទិញយកទៅហូបក្រៅ។
អ៊ីតាលីក៏កំពុងជួបកំណើននៃការឆ្លងជាថ្មី(ជាង២១.០០០នាក់កាលពីថ្ងៃ៦ធ្នូ) ក្រោយបានស្រកចុះក្នុងការផ្ទុះជំងឺគ្រាដំបូង ខណៈដែលអាម៉េរិកឡាទីន និងតំបន់ការ៉ាអ៊ីប មានកំណើនការឆ្លង១៨ភាគរយក្នុងពេល១សប្តាហ៍៕
បុគ្គលិកតម្កល់សពរុញរទោះដាក់សពមនុស្សចាស់ម្នាក់ដែលស្លាប់ដោយកូវីដ១៩ចេញពីផ្ទះថែទាំមនុស្សចាស់មួយនៅក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញកាលពីថ្ងៃ១៣វិច្ឆិកា។វីរុសកូរ៉ូណា វាយប្រហារមនុស្សចាស់ៗសាជាថ្មីនៅទូទាំងអឺរ៉ុប