ប្រែសម្រួល : កញ្ញាដាលីស/វ៉ាស៊ីនតោន ៖ រដ្ឋាភិបាលឥណ្ឌូនេស៊ីបាននិយាយថា វ៉ាក់សាំងកូវីដ១៩ចំនួន១,២ លានដូស ផលិតដោយក្រុមហ៊ុនជីវវេជ្ជសាស្ត្រចិន Sinovac Biotechបានមកដល់ប្រទេសនេះហើយកាលពីយប់ថ្ងៃអាទិត្យទី៦ធ្នូ។
ប្រធានាធិបតីចូកូ វីដូដូបាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា វ៉ាក់សាំងចំនួន ១,៨ លានដូសទៀតរំពឹងមកដល់នៅដើមខែមករា។
លោកវីដូដូនិយាយថា “យើងពិតជាអរគុណខ្លាំងណាស់ សូមអរគុណព្រះ វ៉ាក់សាំងឥឡូវនេះអាចរកបានហើយ ដូច្នេះយើងនឹងអាចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩បានភ្លាមៗ”។
រដ្ឋាភិបាលកំពុងរង់ចាំវ៉ាក់សាំងពីក្រុមហ៊ុន Sinovac ចំនួនរាប់លានដូសទៀតដែលនឹងមកដល់ក្នុងទម្រង់ជាវត្ថុធាតុដើម ដែលនឹងកែច្នៃបន្តដោយក្រុមហ៊ុនឱសថរដ្ឋ PT Bio Farma។
ទោះយ៉ាងណា លោកវីដូដូនិយាយថា ការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ពីទីភ្នាក់ងារត្រួតពិនិត្យចំណីអាហារនិងឱសថរបស់ប្រទេសនៅតែត្រូវការសម្រាប់ការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ។
ឥណ្ឌូនេស៊ីបានសហការរួចហើយជាមួយក្រុមហ៊ុន Sinovac ក្នុងការសាកល្បងវ៉ាក់សាំងរបស់ខ្លួននៅដំណាក់កាលទី៣ ដោយការធ្វើតេស្តត្រូវបានធ្វើឡើងលើអ្នកស្ម័គ្រចិត្តចំនួន ១.៦២០នាក់នៅទីក្រុងបានដុងនៃខេត្តជ្វាខាងលិចចាប់តាំងពីខែសីហា។ រដ្ឋាភិបាលក៏កំពុងស្វែងរកភាពជាដៃគូជាមួយក្រុមហ៊ុនផលិតឱសថចិនចំនួនពីរផ្សេងទៀតដែរ គឺ Sinopharm និង CanSino Biologics៕
វ៉ាក់សាំងកូវីដចំនួន១,២លានដូសរបស់ក្រុមហ៊ុន Sinovac បានមកដល់ឥណ្ឌូនេស៊ីកាលពីថ្ងៃអាទិត្យ