ប្រែសម្រួល : កញ្ញាដាលីស/ញូវដេលី ៖ ចិញ្ចៀនដែលមានរាងដូចផ្កាដ៏ប្រណីតមានពេជ្រតូចៗចំនួន ១២.៦៣៨ គ្រាប់បានជាប់ឈ្មោះនៅក្នុងសៀវភៅឯតទគ្គកម្មពិភពលោកហ្គីនណេសប៉ុន្តែអ្នកច្នៃប្រឌិតជនជាតិឥណ្ឌាមិនទាន់មានផែនការលក់ចិញ្ចៀនមិនគួរឱ្យជឿរបស់ខ្លួននៅឡើយទេ។
មានឈ្មោះថា The Marigold ឬ “ចិញ្ចៀននៃភាពរុងរឿង” ចិញ្ចៀនមួយវង់នេះមានទម្ងន់ជាង ១៦៥ ក្រាម។
លោក ហាស៊ីត បានសាល់ អាយុ ២៥ ឆ្នាំ ដែលបានពណ៌នាការច្នៃប្រឌិតរបស់គាត់ថាជាគម្រោងក្នុងក្តីសុបិន បាននិយាយថា “វាអាចពាក់បាននិងមានផាសុកភាព”។
លោកបានសាល់និយាយថា គាត់បានទទួលគំនិតនេះកាលពី ២ ឆ្នាំមុន នៅពេលដែលគាត់កំពុងសិក្សាអំពីការរចនាម៉ូតគ្រឿងអលង្ការនៅទីក្រុងស៊ូរ៉ាត់ភាគខាងលិចប្រទេសឥណ្ឌាដែលជាមជ្ឈមណ្ឌលពេជ្ររបស់ប្រទេស។
លោកបានសាល់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “គោលដៅរបស់ខ្ញុំគឺត្រូវតែមានពេជ្រជាង ១០.០០០ គ្រាប់ជានិច្ច។ខ្ញុំបានគ្រវាត់ចោលម៉ូតនិងគំនិតរាប់មិនអស់ចូលក្នុងធុងសំរាមអំឡុងប៉ុន្មានឆ្នាំមកនេះរហូតដល់ចេញម៉ូតចុងក្រោយនេះបានសម្រេច”។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនរបស់គាត់បាននិយាយថា ផ្កាតូចៗនីមួយៗក្នុងការរចនាចិញ្ចៀនម៉ូតផ្កា ៨ ស្រទាប់គឺមានលក្ខណៈពិសេសដាច់គេ។
លោកបានសាល់និយាយថា គាត់បានទាត់ចោលសំណើជាច្រើនពីអ្នកទិញនិងថា “យើងគ្មានគម្រោងលក់វាឥឡូវនេះទេ។ វាជាមោទនភាពសម្រាប់យើង។ វាមានតម្លៃមិនអាចកាត់ថ្លៃបាន”៕
ចិញ្ចៀនដាំពេជ្រ១២.៦៣៨ គ្រាប់ ជាប់ក្នុងសៀវភៅឯតទគ្គកម្មពិភពលោកហ្គីនណេស