ដោយៈ ទេពកង្រី/កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ អាជ្ញាធរឃុំមេលំ បានឯកភាព គ្នា ជាមួយប្រជាពលរដ្ឋ បានប្រមូលថវិកា បានជាង ៣៨ លានរៀល ជួលគ្រឿងចក្រ យកមកបុកគ្រឹះ ឲ្យបានរឹងមាំ នៅចំណុចព្រំប្រទល់ជាប់គ្នា រវាងឃុំផ្សារ និងឃុំមេលំ ក្នុងស្រុកបរិបូណ៌ ដើម្បីទប់ស្ទឹង បញ្ចាល់ទឹកចូលប្រឡាយ សម្រាប់នាំយកទឹកពីស្ទឹង ទៅស្រោចស្រពដីស្រែប្រាំង ប្រើប្រាស់អោយបានយូអង្វែងតែម្តង។ អាជ្ញាធរឃុំមេលំ និងប្រជាពលរដ្ឋ បានឯកភាពគ្នាជាឯកច្ឆន្ទនេះ ដោយសារតែពួកគេ ជួបទុក្ខលំបាកនឹង តម្រូវការទឹកជាចាំបាច់ ហើយត្រូវចំណាយថវិកា ប្រមាណ ២ លានរៀល ជារៀងរាល់ឆ្នាំ សម្រាប់ទប់ស្ទឹង បញ្ចាល់ទឹកចូលប្រឡាយ ដើម្បីនាំយកទៅស្រោចស្រពផ្ទៃដីស្រែប្រាំងនោះ។
លោក មកេតសុឃា មេឃុំមេលំ ស្រុកបរិបូណ៌ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថាៈ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋទាំង ពីរឃុំ ដែលនៅជាប់គ្នា តែងតែ ប្រមូលថវិកាគ្នាទិញ សំបកការ៉ុង ទិញឈើធ្វើជាបង្គោលបោះ និងទិញដើមឫស្សីជាដើម ដើម្បីទប់ទឹកបញ្ចូល ទៅតាមប្រឡាយ រួចនាំយកទៅស្រោចស្រព ផ្ទៃដីស្រែប្រាំង ដែលមានជាង ៨០០ ហិកតា នៅក្នុងឃុំ ២ គឺឃុំមេលំ និងឃុំផ្សារ ជាប់ព្រំប្រទល់គ្នា ។ ដោយសារតែកិច្ចការងារនេះ ធ្វើដដែលៗ ជារៀងរាល់ឆ្នាំ បែបនេះហើយ ទើបឆ្នាំនេះ លោកបានសម្របសម្រួលគ្នា ជាមួយប្រជាពលរដ្ឋ ប្រមូលថវិកា ជួលគ្រឿងចក្រ មកបុកគ្រឹះរឹងមាំ សម្រាប់ការប្រើប្រាស់ អោយបានយូរអង្វែងតែម្តង ។
លោកមេឃុំមេលំ បានបញ្ជាក់ថាៈ ការប្រមូល និងរៃអង្គាសគ្នា ជាប្រាក់ បានមកពីភូមិមេលំ បានចំនួន ២៤.៤៦៥.០០០ រៀល និងភូមិកាន់យួរ ប្រមូលថវិកាបាន ១៤.៤៦០.០០០ រៀល សរុបទាំង ២ ភូមិ គឺបានចំនួន ៣៨.៩២៥.០០០ រៀល ។ ថវិកាទាំងនោះ បានជួលគ្រឿងចក្រ មកលើកជាទំនប់ និងបុកគ្រឹះសសរថ្មតែម្ដង ដែលអាចប្រើប្រាស់យូរអង្វែង ។
សូមបញ្ជាក់ថា ផ្ទៃដីជាង ៨០០ ហិកតា នៅផ្នែកខាងក្រោម នៃឃុំមេលំ និងឃុំផ្សារ ប្រសិនបើ ប្រជាពលរដ្ឋ មិននាំគ្នាបញ្ចាល់ទឹកស្ទឹង ឱ្យហូរចូលប្រឡាយទេ គឺស្រែរបស់ប្រជាពលរដ្ឋ មិនអាចបង្ករបង្កើនផល ស្រូវប្រាំងបានឡើយ ដោយហេតុនេះហើយ ទើបពួកគេ តែងសហការគ្នា ទាំងថវិកា និងកម្លាំងពលកម្ម ទប់ទឹករៀងរាល់ឆ្នាំ ។ តែសម្រាប់ឆ្នាំនេះ អាជ្ញាធរឃុំមេលំ ប្រើវិធានការថ្មី ជួលគ្រឿងចក្របុកគ្រឹះ សម្រាប់ការប្រើប្រាស់យូរឆ្នាំតែម្តង៕PC