Home ព័ត៌មានជាតិ សន្តិសុខ នគរបាល​ក្រុង​...

នគរបាល​ក្រុង​ប៉ោយប៉ែត ចុះបង្ក្រាប​ក្រុម​ក្មេង​ទំនើង ឃាត់ខ្លួន៦​នាក់ និង​ដកហូត​ម៉ូតូ៥​គ្រឿង

ដោយៈ ប​.​ជ័យ/បន្ទាយ​មាន​ជ័​យៈ នគរបាល​ក្រុង​ប៉ោយប៉ែត ចុះបង្ក្រាប និង​ឃាត់ខ្លួន​បាន ៦ នាក់ ក្នុងចំណោម ក្រុមក្មេងស្ទាវ​ទំនើង មួយក្រុម ដែល​ចេញ​ធ្វើ សកម្មភាព​លួច យ៉ាង​កក្រើក ក្នុង​ក្រុង​ប៉ោយប៉ែត ដោយ​ដកហូត​ម៉ូតូ បាន ៥ គ្រឿង កាលពី​ម៉ោង ៣ រសៀល​ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ​២០២០ ។

​លោក​វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថាៈ យោងតាម​ពាក្យបណ្ដឹង ទី​១.​ជនរងគ្រោះ ឈ្មោះ គឹម ណាវី ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មុខរបរ លក់ដូរ មាន​ទីលំនៅ ភូមិ​ក្បាលស្ពាន​១ សង្កាត់​ក្រុង​ប៉ោយប៉ែត បាន​បាត់​ម៉ូតូ ម៉ាក​ហុងដា ហ្ស៊ូ​ម័​រអិច ពណ៌​ស​ក្រហម ស្លាក​លេខ បន្ទាយមានជ័យ 1T8455 នៅ​ចំណុច​ភូមិ​ក្បាល ស្ពាន​១​។ ទី​២.​ឈ្មោះ សំ សុជា ភេទ​ប្រុស អាយុ​២៧ ឆ្នាំ បាន​បាត់​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម ពណ៌​ខ្មៅ ស្លាក​លេខ បន្ទាយមានជ័យ 1N1884​។ ទី​៣.​ឈ្មោះ ហាក់ ឆ័ង​ហ៊ុយ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ បាន​បាត់​ម៉ូតូ​ម៉ាក​ហុងដា វេ​វ ពណ៌​ខ្មៅ បិទ​ស្កុ​ត​ពណ៌​ទឹក​បិ​ច ។​ល​។

​លោក​វរសេនីយ៍ឯក សៅ សារឿន បាន​ឲ្យ​ដឹង​បន្តថាៈ ក្រោយពី​បានទទួល​ពាក្យបណ្តឹង ហើយ និង​តាម​បទបញ្ជា​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី នូ ជី​វ័​ន្ត ស្នងការរង​ផែន​ព្រហ្ម​ទ័​ណ្ឌ និង​នគរបាល​ជំនាញ​ក្រុង​ប៉ោយប៉ែត បាន​ដឹកនាំ កំលាំង​នគរបាល​មួយក្រុម ចុះ​ស្រាវជ្រាវ ឈានដល់​ឃាត់ខ្លួន ជនសង្ស័យ ជា​ក្មេងប្រុស​បាន​ចំនួន ៦ នាក់ ក្នុងនោះ​មាន ១-​ឈ្មោះ រឿន ពិ​សិទ្ធ អាយុ​២៥​ឆ្នាំ , ២- ឈ្មោះ​ម៉ៅ មករា ហៅ រា​មីន អាយុ​១៦​ឆ្នាំ , ៣- ឈ្មោះ​តឿន ពាង ហៅ ម៉ឺន ហៅ រើ​ន អាយុ​១៦​ឆ្នាំ , ៤-​ឈ្មោះ​កាន រ៉ង អាយុ​១៦​ឆ្នាំ , ៥.​ឈ្មោះ ហេង ចាន់ថា អាយុ​២៨​ឆ្នាំ និង​៦.​ឈ្មោះ វឿ សូ​វៀត អាយុ​២៦​ឆ្នាំ​។ ទាំង ៦ នាក់ គឺមាន​ជា​ចោរលួច , ជា​អ្នក​ចាំ​ទទួល​ទិញ និង​យកទៅ​កែច្នៃ ហើយ​ពួកគេ រស់នៅក្នុង​ក្រុង ប៉ោយប៉ែត ក្នុងនោះ សមត្ថកិច្ច បាន​ដកហូត​ម៉ូតូ​ចម្រុះ បាន​ចំនួន ៥ គ្រឿង​។​

​ជនសង្ស័យ បាន​ឆ្លើយ​សារភាពថាៈ បក្ខពួក​របស់ខ្លួន បាន​សហការគ្នា​ប្រព្រឹត្ត គឺមាន​អ្នក ចេញ​លួច មាន​អ្នក​ចាំ​ទទួល​ទិញ និង​មាន​អ្នក​យកមក​កែច្នៃ យកទៅលក់​។​

​នគរបាល​ក្រុង បាន​បញ្ជូន​ជនសង្ស័យ​ទាំង ៦ នាក់ មក​ស្នងការដ្ឋាន នគរបាល​ខេត្ត ហើយ​ការិយាល័យ​ជំនាញ​ព្រហ្ម​ទ័​ណ្ឌ បាន​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការខេត្ត ដើម្បី​អនុវត្ត​តាមច្បាប់ ៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular