ដោយៈ រ៉ាម៉ន/ភ្នំពេញៈ នាយប់ថ្ងៃអាទិត្យ ទី៦ ខែធ្នូ ឆ្នាំ២០២០ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌប្ញស្សីកែវ បានដឹកនាំ កងកម្លាំង និងមន្ត្រី នៃគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌប្ញស្សីកែវ បានចុះត្រួតពិនិត្យ ទីតាំងភោជនីយដ្ឋាន អាហារដ្ឋាន និងអតីត ទីតាំងខារ៉ាអូខេ ប្រែក្លាយជា ភោជនីយដ្ឋាន ចំនួន ១៣ កន្លែង ស្ថិតនៅក្នុងសង្កាត់ទួល សង្កែទី១ សង្កាត់ស្វាយប៉ាក សង្កាត់គីឡូម៉ែត្រលេខ៦ និងសង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ ។
មន្ត្រីរដ្ឋបាលខណ្ឌ បានឱ្យដឹងថាៈ ការចុះត្រួតពិនិត្យ ទីតាំងទាំងនោះ បានធ្វើឡើង តាមប្រសាសន៍ ដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា , សេចក្តីណែនាំរបស់ ក្រសួងសុខាភិបាល និងសេចក្តីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ។
ប្រភពបានបញ្ជាក់ថាៈ ជាលទ្ធផល ទីតាំងភោជនីយដ្ឋាន អាហារដ្ឋាន និងអតីតទីតាំង ខារ៉ាអូខេ ប្រែក្លាយជាភោជនីយដ្ឋាន មួយចំនួន បានបិទផ្អាកអាជីវកម្ម មួយចំនួនទៀត បានបើកដំណើរការ ជាធម្មតា តាមកការណែនាំ របស់រដ្ឋបាលខណ្ឌ ដោយឡែក ទីតាំងអតីតខារ៉ាអូខេ អាត់ ជួង ដែលប្រែក្លាយ ជាភោជនីយដ្ឋាន ក្រុមការងារ បានចុះធ្វើ កំណត់ហេតុ ជាលើកទី២ អំពីបញ្ហាការរក្សាគម្លាតសុវត្ថិភាព របស់អតិថិជន និងបានអប់រំ ណែនាំដល់ អាហារដ្ឋាន ត្បាល់កូនកាត់ ផងដែរ។
ក្នុងឱកាសនោះដែរ គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌប្ញស្សីកែវ បានណែនាំដល់ ម្ចាស់ទីតាំង ភោជនីយដ្ឋាន អាហារដ្ឋាន និងអតីតទីតាំងខារ៉ាអូខេ ប្រែក្លាយជាភោជនីយដ្ឋាន ត្រូវតែអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ ក្រសួងសុខាភិបាល និងសេចក្តីណែនាំ របស់ រដ្ឋបាលរាជធានីភ្នំពេញ ហើយម្ចាស់ទីតាំង អាជីវកម្មទាំងអស់នោះបានធ្វើកិច្ចសន្យា ជាមួយ រដ្ឋបាលខណ្ឌប្ញស្សីកែវថា នឹងអនុវត្តឱ្យបានត្រឹមត្រូវ តាមការណែនាំ របស់អាជ្ញាធរ ដើម្បីចូលរួមបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ ១៩ និងចូលរួមបញ្ចប់ អោយបាននូវ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នៅភូមិសាស្ត្រខណ្ឌ និងរាជធានីភ្នំពេញ៕PC