ប្រែសម្រួល : កញ្ញាដាលីស ៖ ផ្លយ មេវេឌ័រ អតីតម្ចាស់ខ្សែក្រវាត់ពិភពលោក ៥ ប្រភេទទម្ងន់ បានប្រកាសថា ខ្លួននឹងឡើងប្រកួតជាមួយអ្នកលេងយូធូប (Youtuber) ឈ្មោះ ឡូហ្គែន ផូល ក្នុងកម្មវិធីប្រកួត “មិត្តភាពពិសេស” នៅខែកុម្ភៈឆ្នាំ ២០២១ ។
អ្នកប្រដាល់អាម៉េរិក មេវេឌ័រ អាយុ ៤៣ ឆ្នាំបានបញ្ចប់អាជីពរបស់ខ្លួនដោយមិនស្គាល់រសជាតិចាញ់សោះក្នុងការប្រកួតចំនួន ៥០ លើក។
គាត់បានឡើងសង្វៀនចុងក្រោយក្នុងឆ្នាំ ២០១៧ ដោយបានផ្តួលអ្នកប្រដាល់ក្នុងទ្រុងដ៏ល្បីរបស់អង់គ្លេស ខូន័រ ម៉ាកហ្គ្រេហ្គ័រ នៅក្នុងការប្រកួតថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រប្រដាល់។
ផូល អាយុ ២៥ ឆ្នាំធ្លាប់ប្រកួតអាជីពម្តងគត់ ដោយចាញ់អ្នកលេងយូធូបដូចគ្នា ឈ្មោះ ខេអេសអាយ (KSI) នៅខែវិច្ឆិកាឆ្នាំ ២០១៩ ។
មានការប៉ាន់ស្មានថាការប្រកួតនេះត្រូវបានព្រមព្រៀងគ្នាអស់រយៈពេលជាច្រើនខែមកហើយ ហើយផូលជនជាតិអាម៉េរិក ដែលមានអ្នកចុច Subcribe ជាង ២២ លាននាក់នៅលើយូធូបបានបបួលមេវេឌ័រវ៉ៃគ្នាជាច្រើនលើកមកហើយ ដោយអ្នកទាំងពីរថែមទាំងបានជេរប្រមាថគ្នាផ្អើលលើបណ្តាញសង្គមទៀតផង។
កាលពីខែធ្នូឆ្នាំ ២០១៨ មេវេឌ័រត្រូវការពេលតែ ១៤០ វិនាទីដើម្បីផ្តួលអ្នកប្រដាល់ជប៉ុន ថេនស៊ីន ណាស៊ូកាវ៉ា ក្នុងការប្រកួតប្រដាល់មិត្តភាពតម្លៃ ៩ លានដុល្លារ៕
មេវេឌ័រនឹងវ៉ៃជាមួយផូលនៅខែកុម្ភៈឆ្នាំ២០២១