Home ព័ត៌មានជាតិ សង្គម ពលរដ្ឋ​នៅ​ក្រ...

ពលរដ្ឋ​នៅ​ក្រុង​ខេមរភូមិន្ទ គោរព​វិធានការ​ទប់ស្កាត់ ជំងឺ​កូ​វីដ​បាន​តិចតួច​

ដោយៈ សុ​ផានី​តា/កោះកុងៈ ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ រស់នៅក្នុង​ក្រុង​ខេមរភូមិន្ទ មិនទាន់បាន​ចូលរួម គោរព​វិធានការ ទប់ស្កាត់​ជំងឺ​កូ​វីដ ១៩ នៅមានកម្រិត​នៅឡើយ ក្នុងនោះ អ្នក​គោរព​អនុវត្ត នៅតែ​បន្ត រីឯ​អ្នក​មិន​គោរព នៅតែ​បំពាន ពុំ​គិតពី​សុវត្ថិភាព នៃ​ការឆ្លង​រីក​រាលដាល ដូច​ពាក្យចាស់​បុរាណ បាន​ពោលថា ” បើ​មិនទាន់​ឃើញ​ក្ដារ​មឈូស មិនទាន់​ស្រក​ទឹកភ្នែក​ទេ ” ។​

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្តេច​តេ​ជោ ហ៊ុន សែន បង្ហាញ​ក្តី​ព្រួយបារម្ភ​ពី​សុវត្ថិភាព ពី​សុខុមាលភាព របស់​ពលរដ្ឋ ជា​ចម្បង ដោយ​ថែមទាំង​បាន​បញ្ជា​បន្ទាន់​ដល់​អភិបាល រាជធានី ខេត្ត​ទាំងអស់ តាមដាន​ពិនិត្យ ឱ្យបាន​ហ្មត់ចត់ ចំពោះ​ទីផ្សារ​លក់ទំនិញ ភោជនីយដ្ឋាន និង​ហាង​លក់ដូរ​ផ្សេង កន្លងទៅ​ថ្មីៗ​នេះ​។ ងាកមើល ក្រុមមន្ត្រី​រាជការ និង​ពលរដ្ឋ មួយចំនួន នៅក្នុង​ក្រុង​ខេមរភូមិន្ទ ឯណោះ​វិញ ឃើញថា ការចូលរួម​គោរព ទៅតាម​វិធាន​ការណែនាំ របស់​រដ្ឋាភិបាល​កម្ពុ​ជា មិនទាន់​ល្អ​ខ្ជាប់ខ្ជួន​នោះ តាមរយៈ ពាក់​ម៉ាស់​មុខ រក្សា​គម្លាត​ឆ្ងាយ​ពីគ្នា និង​មាន​អាល់កុល​ដប ជាប់​ខ្លួន​ជាប្រចាំ​ពេលចេញ តាម​ទីសាធារណៈ​។​

​លោក ប៊ុន​ថា ជា​អ្នក​ហាត់​កីឡា និង​អ្នកស្រី តុ​ប សុខ​ឃៀង ជា​អ្នកលក់​ការ៉េម នៅតាម សួនច្បារ នៅមុខ​អគារ​រដ្ឋបាល ខេត្តកោះកុង យល់ថា ពលរដ្ឋ​មួយចំនួនធំ ហាក់​លែង​បារម្ភ ពី​ការឆ្លង​រីក​រាល​ជំងឺ​កូ​វីដ ដោយ​ទំនងជា​ពួកគាត់ យល់ថា បញ្ហា​កើតមាន តែ​នៅ​រាជធានី ភ្នំពេញ និង​ខេត្ត​គោលដៅ​ដទៃទៀត​ប៉ុណ្ណោះ ហើយ​ភ្លេច​គិតថា ជំងឺ​នេះ នៅតែ​បង្ក​ការ​ភ័យ ខ្លាច ស្ទើរ​គ្រប់​វេលា​។​

​ក្រុម​ពលរដ្ឋ​ដដែល បានឱ្យដឹង​ល្ងាច​ថ្ងៃទី​៦ ធ្នូ ទៀតថាៈ មែនទែនទៅ ពលរដ្ឋ និង​មន្ត្រីរាជការ គោរព​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​តែ​ព​លេ​មាន​កម្មវិធី​វេទិកាសាធារណៈ ឬ​កិច្ចប្រជុំ​ការងារ តែប៉ុណ្ណោះ​។ ដើម្បី​ចៀសវាង​កត្តា​រីក​រាលដាល​ក្នុង​សហគមន៍​កាន់តែ​ធ្ងន់ធ្ងរ​បង្ក​គ្រោះ មហន្តរាយ​ដល់​ប្រទេសជាតិ​ទាំងមូល​តែម្តង ពួកគាត់​ទទូច​ដល់​ពលរដ្ឋ​ដែល​មិនទាន់​អនុវត្ត សូម​បង្កើន​ការចូលរួម​គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​រដ្ឋាភិបាល​ឡើង វិញ​ឱ្យ​គ្រប់ៗ​គ្នា​។

​តប​នឹង​បទបញ្ជា​ផ្ទាល់មាត់​របស់​សម្តេច​តេ​ជោ លោក សំ ឃិត​វៀន អភិបាលរង​ខេត្តកោះកុង បាន​អះអាងថា​នៅ​ម៉ោង​៩​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ លោក​នឹង​ដឹកនាំ​មន្ត្រី​មន្ទីរជំនាញ អាជ្ញាធរ​រដ្ឋបាល និង​កម្លាំង​មាន​សមត្ថកិច្ច​ចុះ​តាម​ទីផ្សារ និង​ហាង​លក់ដូរ​ទំនិញ​ក្នុង​គោលបំនង​អប់រំ​ណែនាំ បូក​វិធានការ​ក្តៅ​ចំពោះ​ម្ចាស់​ផ្សារ ឬ​ម្ចាស់​ហាង​ណាមួយ​បំពាន​នឹង​បទបញ្ជា​ប្រកាស ណាមួយ​។​

​លោក​អភិបាលរង​ខេត្តកោះកុង កាលពី​យប់​ថ្ងៃទី​៥ ខែធ្នូ ធ្លាប់​ចុះ​ធ្វើ​កិច្ច​ជាថ្មី ចំពោះ​ម្ចាស់ ក្លិប​កម្សាន្ត សប្បាយ KTV ព្រមទាំង​ភោ​ជី​យ​ដ្ឋា​ន​ជាច្រើន ក្នុង​ក្រុង​ខេមរភូមិន្ទ​ពី​ការផ្អាក ដំណើរការ អាជីវកម្ម​ជា​បណ្តោះអាសន្ន រួចរាល់​ហើយ​ដែរ​។​

​ទោះបីជា​មានការ​លើកឡើង បែបនេះ​ក្តី គេ​នៅ​មិនទាន់​អាជ្ញាធរខេត្ត ចុះ​តាម​ការនិយាយ របស់ខ្លួន​នោះទេ ពោលគឺ​បានត្រឹមតែ អោយ​រថយន្ត​ចាក់​សារ អប់រំ​ណែនាំ ទប់ស្កាត់​ជំងឺ​កូ​វីដ នៅតាម​ដងផ្លូវ និង​មុខ​ផ្សារ​ដងទង់​ប៉ុណ្ណោះ ។​

​បញ្ហា​នេះ លោក ឈេ​ង សុវណ្ណ​ដា អភិបាលក្រុង​ខេមរភូមិន្ទ បាន​និយាយថាៈ ព្រឹក​នេះ ដោយ​រវល់​ប្រជុំ ទើប​ពុំទាន់​មាន​វិធានការ​បាន ប៉ុន្តែ​រសៀល​ថ្ងៃទី​៧ ធ្នូ​នេះ នឹង​ដឹកនាំ​ចុះ រឹតបន្តឹង ការអនុវត្ត​វិធានការ​អនាម័យ សុខភាព ជូន​សាធារណជន​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular