ដោយៈ យោធិន/កំពង់ចាមៈ កងកម្លាំងជំនាញ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ នាចុងសប្តាហ៍កន្លងទៅថ្មីៗនេះ បានធ្វើសកម្មភាពរុះរើស្ពានបេឡេ ព្រែកថ្មី ដែលទ្រុឌទ្រោម ហើយចាប់ផ្ដើមស្ថានាស្ពានបេតុង ជំនយសវិញ សម្រាប់ភ្ជាប់ចរាចរណ៍ ពីភូមិខ្ចៅទី១ និងភូមិអូរពពេល ស្ថិតក្នុងឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ។ ស្ពានបេតុងនេះ គ្រោងស្ថាបនាឱ្យរួចរាល់ នាឱកាសចូលឆ្នាំខ្មែរ ២០២១ ខាងមុខនេះ ។
ឧត្តមសេនីយ៍ឯក គង់ អៀង នាយករង នាយកដ្ឋានវិស្វកម្មក្រសួងកាពារជាតិក្នុងឱកាស ដឹកនាំ ក្រុមជំនាញស្ថាបនា ស្ពាន ថ្នល់ខេត្តលេខ២៧០ ចាប់ពីភូមិសាស្ត្រ ស្រុកកងមាស រហូតដល់ចំណុចបំបែក ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្ររកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល បានបញ្ជាក់ថាៈ ស្ពានបេតុងព្រែកថ្មី ខាងលើនេះ មានបណ្តោយប្រវែង ៤០ម៉ែត្រ ទទឹងប្រវែង ១០,៩០ម៉ែត្រ។
ឧត្តមសេនីយ៍ឯក គង់ អៀង ក៏បានណែនាំដល់កងកម្លាំងជំនាញ ស្ថាបនាស្ពានបេតុងព្រែកថ្មី ត្រូវយកចិត្តទុកដាក់ ក្នុងការស្ថាបនាផ្លូវវាង ខណៈដែលស្ពានបេឡេ ត្រូវរុះរើដើម្បីសម្រួល ឲ្យដល់ការធ្វើចរាចរ ឆ្លងកាត់តំបន់ខាងលើនេះ បានជាធម្មតា រហូតដល់ស្ពានបេតុង ត្រូវបានស្ថាបនា រួចរាល់ជាស្ថាពរ ដែលតាមការគ្រោងទុក នាឱកាសចូលឆ្នាំខ្មែរ២០២១ ខាងមុខនេះ។
ដើម្បីសម្រេចឲ្យបាន តាមការគ្រោងទុក ក្នុងការស្ថាបនា ស្ពានបេតុងព្រែកថ្មី និងចាក់ក្រាល កៅស៊ូ កំណាត់ផ្លូវខេត្តលេខ២៧០ ឲ្យបានរួចរាល់ នាពេលចូលឆ្នាំខ្មែរ ខាងមុខនេះ ឧត្តមសេនីយ៍ឯក គង់អៀង បានត្រួតពិនិត្យ យ៉ាងម៉ត់ចត់បំផុត ក្នុងការដាក់ប្រព័ន្ធលូ បង្ហូរទឹកសងខាងផ្លូវ ខណៈដែលផ្លូវមួយខ្សែនេះ រងការលិចលង់ខ្លាំង ដោយអន្លើ ក្នុងរដូវវស្សាជារៀងរាល់ឆ្នាំ៕PC