Home ព័ត៌មានជាតិ សុខាភិបាល ថ្នាក់ដឹកនាំ ...

ថ្នាក់ដឹកនាំ តំណាងរាស្ត្រ មន្ត្រី​រដ្ឋសភា ពាក់ព័ន្ធ​ព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា ត្រូវធ្វើ​តេស្ត​លើក​ទី​២ នៅ​ថ្ងៃ ៨ ធ្នូ​ស្អែក​នេះ​

ដោយៈ សុផល​/​ភ្នំពេញៈ ថ្នាក់ដឹកនាំ តំណាងរាស្ត្រ និង​មន្ត្រី​រដ្ឋសភា ពាក់ព័ន្ធ​ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា ត្រូវធ្វើ​តេស្ត​លើក​ទី​២ នៅ​ថ្ងៃ ៨ ធ្នូ​ស្អែក​នេះ​។ នេះ​បើតាម លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​របស់​រដ្ឋ​សភា បានឱ្យដឹង​នៅ​ថ្ងៃទី​៧ ធ្នូ​នេះ​។​

​សូមជម្រាបថា ក្នុងការ​ធ្វើតេស្ត​លើកដំបូង កាលពី​ថ្ងៃ​២​ធ្នូ សម្តេច ហេង សំរិន ប្រធាន រដ្ឋសភា ថ្នាក់ដឹកនាំ​រដ្ឋសភា តំណាងរាស្ត្រ និង​មន្ត្រី​រដ្ឋសភា​ទាំងអស់ ព្រមទាំង​ក្រុមគ្រួសារ របស់​ពួកគាត់​ផង បាន​អវិជ្ជមាន​មេរោគ​កូ​វីដ​១៩​។​

​ថ្នាក់ដឹកនាំ​ដែល​បាន​ចូលរួម​ធ្វើតេស្ត រក​មេរោគ​កូ​វីដ​១៩​នេះ រួមមាន សម្តេច ហេង សំរិន​, លោក ងួន ញិ​ល អនុប្រធាន​ទី​១ រដ្ឋសភា លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​ទី​២ រដ្ឋសភា​, ប្រធាន​គណៈកម្មការ​ទាំ​ង​១០ នៃ​រដ្ឋសភា​, សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​, លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សម្តេចចៅហ្វា​វាំង គង់ សំអុល ផងដែរ​។​

​ទោះជា​យ៉ាងនេះ​ក្តី សម្តេច​ប្រធានរដ្ឋសភា ព្រមទាំង​ថ្នាក់ដឹកនាំ និង​តំណាងរាស្ត្រ​ទាំងអស់ នឹង​នៅតែ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក ក្នុង​រយៈពេល ១៤ ថ្ងៃ ស្របតាម​វិធានការ​របស់​ក្រសួង​សុខា ភិ​បាល ដើម្បី​ចូលរួម​ទប់ស្កាត់ ការចម្លង​មេរោគ​កូ​វីដ​១៩ នៅក្នុង​សហគមន៍​កម្ពុជា​។

​ការធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ ទៅលើ​ថ្នាក់ដឹកនាំ តំណាងរាស្ត្រ និង​មន្ត្រី​រដ្ឋសភា​ព្រមទាំង ក្រុមគ្រួសារ បានធ្វើ​ឡើង បន្ទាប់ពី​មាន​តំណាងរាស្ត្រ​ម្នាក់ គឺ លោក ឡូយ សុផាត បាន​ប្រាស្រ័យ​ទាក់ទង​ទៅនឹង លោក ឆែម សាវុធ ដែល​ត្រូវបាន​រកឃើញ​មាន​ផ្ទុកមេរោគ កូ​វីដ​១៩​។ ទោះជា​យ៉ាងនេះ​ក្តី ក្នុងការ​ធ្វើតេស្ត​ទៅលើ លោក ឡូយ សុផាត​ក៏​ទទួលបាន លទ្ធផល អវិជ្ជមាន​កូ​វីដ​១៩ ផងដែរ​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular