Home ព័ត៌មានជាតិ សន្តិសុខ បទល្មើស​ធនធាន...

បទល្មើស​ធនធានធម្មជាតិ នៅ​កោះកុង ជាង ៧៣៣ ករណី ត្រូវ​មន្ត្រី​ជំនាញ​បរិស្ថាន​បង្ក្រាប​

ដោយៈ សុ​ផានី​តា/កោះកុងៈ ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស ខេត្តកោះកុង បាន​ចុះ​ល្បាត​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ធនធានធម្មជាតិ បាន​សរុប​ចំនួន ៧៣៣ ករណី ស្មើនឹង ១.០៨៣ លើក ព្រមទាំង​កសាង​សំណុំរឿង បញ្ចូនទៅ​តុលាការ បាន​ចំនួន ៨៣ ករណី ក្នុង​រយៈពេល ១១ ខែ ឆ្នាំ​២០២០​នេះ​។​

​លោក ម៉ន ផល្លា ប្រធាន​មន្ទីរ​បរិស្ថាន ខេត្តកោះកុង បានឱ្យដឹង​ថ្ងៃទី​៧ ខែវិច្ឆិកា នេះ​ថាៈ យុទ្ធនាការ​បង្ក្រាប​បទ​ល្មើស ធនធានធម្មជាតិ ក្នុង​តំបន់​ការពារ ធម្មជាតិ​ខេត្ត បាន​ដកហូត វត្ថុតាង ចំនួន ៥០០ ករណី កសាង​សំណុំរឿង បញ្ចូនទៅ​សាលាដំបូង​ខេត្ត ចំនួន ៨៣ ករណី ដោយមាន​បណ្តឹង​អញ្ញាតជន ចំនួន ៦៩ ករណី និង​បណ្តឹង​ជនសង្ស័យ ១៤ ករណី ពិន័យ​អន្តរការណ៍ ចំនួន ៣១ ករណី ហើយ​ធ្វើ​កិច្ចសន្យា​អប់រំ បាន​ចំនួន ១១៩ ករណី​។​

​បើតាម​លោក ម៉ន ផល្លា ក្រៅពី​ការបង្ក្រាប​ជាក់ស្តែង គឺ​មន្ត្រី​ជំនាញ​របស់លោក បាន​បោះ​ស្លាក​សញ្ញា​ហាមឃាត់ ការកាប់​រាន​ដីព្រៃ ចំនួន ៤១៣ ស្លាក​។ ឈើប្រណិត​ចំនួន ១.០៦១ ម៉ែត្រ​គុណ​និង ២៣ កំណាត់ ប្រភេទ​ឈើ​លេខ​១ និង​លេខ​២ មាន ១៦.៧៤៩ ម៉ែត្រ និង​គ្រើល ០,១១២ ម៉ែត្រត្រីគុណ រថយន្ត ម៉ូតូ ទូក រទេះ រណារយន្ត ១០៩ គ្រឿង អន្ទាក់​សត្វ ចំនួន ៤.២១៤ ខ្សែ មង​ចាប់​សត្វ​ស្លាប ៣.៧២៥ ម៉ែត្រ លប​កន្ទុយ​កណ្តុរ ៥២ ខ្សែ កាំភ្លើង​កែច្នៃ ចំនួន​៦​ដើម និង​ឧបករណ៍​ឆក់ ចំនួន​៧​គ្រឿង​។​

​រីឯ​សត្វព្រៃ​ដែល​ឃាត់​បាន ត្រូវបាន​ដោះលែង ចំនួន ៩៩ ក្បាល រួមមាន​៖ ពស់ថ្លាន់ ៣​ក្បាល ពង្រូល​៣​ក្បាល កន្ត្រង​១​ក្បាល មាន់ព្រៃ​១​ក្បាល អណ្តើ​ត​៣០​ក្បាល សំពោច​២​ក្បាល កន្ធាយ​១​ក្បាល សត្វ​ស្លាប​៤៧​ក្បាល ស្វា​៣​ក្បាល ហើយ​ក៏បាន​បំផ្លាញចោល​នូវ​សាច់ សត្វព្រៃ ដែល​រឹបអូស​បាន ចំនួន ៨២៦ គីឡូក្រាម​។​

​គួរ​កត់សំគាល់ថា ខេត្តកោះកុង មាន​តំបន់ការពារធម្មជាតិ ចំនួន​១០ លើ​ផ្ទៃដី ៩៨៨.៩៦៧ ហិកតា ដោយ​មិន​បូក​បញ្ចូល​ផ្ទៃដី ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​ទេ​។ មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ចំនួន ១១០ នាក់ ស្ត្រី​៦​នាក់ និង​មាន​ស្នាក់ការ ចំនួន​២៥​កន្លែង​។​

​ទាក់ទិន​នឹង​ការបង្ក្រាប​បទល្មើស ធនធានធម្មជាតិ ក្នុង​មូលដ្ឋាន​ខេត្តកោះកុង ត្រូវបាន​លោក ស្រ៊ុន ដា​រិ​ទ្ធ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន កោតសរសើរ ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ម​ន្ត្រី ឧ​ទ្យា​នុ​រក្ស និង​សហគមន៍​នៃ តំបន់ការពារធម្មជាតិ ក្នុងការ​ការពារ និង​អភិរក្ស​ធនធាន ធម្មជាតិ ក្នុង​តំបន់​ឧទ្យាន​ជាតិ ជួរ​ភ្នំក្រវាញ​ខាងត្បូង បាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់ ជំនាន់​ទៅមុខ​។​

​រដ្ឋលេខាធិការ ក្រសួងបរិស្ថាន​រូបនេះ យល់ថា ទោះបី​ជាមាន​ការចុះ​ទប់ស្កាត់ និង​បង្ក្រាប ទាំងយប់ ទាំង​ថ្ងៃ ពី​សំណាក់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​សមាជិក នៃ​សហគមន៍ តំបន់​ការពារ ធម្មជាតិ ក៏​បទល្មើស​ធនធានធម្មជាតិ ទ្រង់ទ្រាយ​តូច ដូច​ជាការ​លបលួច​កា​ប់​ឈើ ការទន្ទ្រាន​រាន​យក​ដី ធ្វើជា​កម្មសិទ្ធិ​ការ​បរបាញ់ និង​ការដាក់ អន្ទាក់​សត្វព្រៃ​នៅតែ​បន្ដ កើតមាន នៅក្នុង​តំបន់​ព្រៃ​ឡង់ ដែល​ចាំបាច់​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​បន្ត ទៀត​។​

​កត្តា​ផ្សេងៗ​ដែល​ជំរុញឱ្យមាន បទល្មើស​ទាំងនេះ ក្នុងនោះ​រួមមាន កត្ដា​ជីវភាព​របស់ ប្រជា​សហគមន៍ ដែល​ធ្លាប់តែ​ពឹង​អាស្រ័យ ទៅលើ​ផល អនុផល​ព្រៃឈើ និង​ការទាក់ទាញ និង​ញុះញង់​ពី សំណាក់​ក្រុម​ឈ្មួញ​ទុច្ចរិត គួបផ្សំ​នឹង​ចំនួន​មន្ដ្រី​ឧ​ទ្យា​នុ​រក្ស ដែល​បាន​ឈរជើង នៅក្នុង​តំបន់​នោះ នៅមានកម្រិត​នៅឡើយ​។ ដូច្នេះ​កម្លាំង​មាន​សមត្ថកិច្ច​នៃ​រាជរដ្ឋាភិបាល កម្ពុជា មានការ​តាំងចិត្ត​ខ្ពស់ ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​យ៉ាង​ម៉ឺងម៉ាត់​ប្រឆាំងនឹង​បទល្មើស ធនធានធម្មជាតិ ដែល​កើតឡើង ស្របតាម​ច្បាប់​នានា​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular