ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តម សេនីយ៍ត្រី សែម គន្ធា ស្នងការរងទទួលផែនការងារ សណ្តាប់ធ្នាប់ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំកម្លាំងនគរបាល នៃការិយាល័យសណ្តាប់ធ្នាប់រាជធានី ដែលឈរ ជើងនៅតាមគោលដៅផ្សារនានា ក្នុងរាជធានីភ្នំពេញ បានចុះអប់រំ និងផ្សព្វផ្សាយ សេចក្តី ណែរនាំរបស់ក្រសួងសុខាភិបាល ឲ្យដល់ប្រជាពលរដ្ឋ នូវវិធានការបង្ការទប់ស្កាត់ កុំឲ្យមានការឆ្លងរាលដាល មេរោគកូវីដ១៩ ដែលកំពុងតែរាតត្បាត ដោយត្រូវពាក់ម៉ាស់ និងលាងដៃជាមួយសាប៊ូ ឬអាល់កុលជាប្រចាំ ។
លោកឧត្តមសេនីយ៍ត្រី សែម គន្ធា បានមានប្រសាសន៍ថាៈ ដោយសារមានការណែនាំ ពីលោកអភិបាលរាជ ធានីភ្នំពេញ ក៏ដូចជា ការណែនាំពីលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ បានណែនាំ ដល់កម្លាំងនគរបាល នៃផែនការងារ សណ្តាប់ធ្នាប់ និងចរាចរណ៍ ចុះអប់រំណែនាំដល់ ប្រជាពលរដ្ឋ ដែលធ្វើដំណើរនៅតាមដងផ្លូវ ក៏ដូចជា នៅតាមទីផ្សារ និងតាមទីសាធារណៈមួយចំនួន ដើម្បីឲ្យចូលរួមអនុវត្តវិធានការ របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់កុំឲ្យឆ្លងវីរុសកូវីដ១៩។ ហើយកម្លាំងរបស់លោកបានផ្សព្វផ្សាយតាមគោលដៅនិមួយៗ ដោយក្នុងនោះមាននៅតាមស្តុប និងតាមផ្សារមួយចំនួន។ ជាពិសេស សូមឲ្យប្រជាពលរដ្ឋ ចូលរួមអនុវត្តវិធានការ របស់ក្រសួងសុខាភិបាល ដើម្បីកុំឲ្យមានការឆ្លងចូល ក្នុងសហគមន៍ ដែលកំពុងតែមានការទប់ស្កាត់ ជាពិសេសពីសំណាក់ ប្រមុខដឹកនាំរាជរដ្ឋាភិបាល។
លោកឧត្តមសេនីយ៍ត្រី សែម គន្ធា បានបញ្ជាក់ថាៈ ចំពោះការផ្សព្វផ្សាយនេះ គឺឃើញមានការចូលរួម ពីប្រជាពលរដ្ឋបានច្រើន ក្នុងការអនុវត្តវិធានការ របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ កុំឲ្យឆ្លងវីរុសកូវីដ១៩។ ហើយកម្លាំងបានចែកជូនម៉ាស់ ដល់ប្រជាពលរដ្ឋ ដែលមិនមានម៉ាស់ពាក់ការពារផងដែរ។
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៧ ខែធ្នូ នេះ បានឲ្យដឹងថាៈ លទ្ធផលធ្វើតេស្ត អ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់ សរុបទាំងអស់ បានចំនួន ១១.៣០៥ សំណាក ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមាន វីរុសកូវីដ-១៩ ថ្មី សរុបចំនួន ៣២ នាក់ ដែលកំពុង សម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមឲ្យអ្នកប៉ះពាល់ ទៅនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ទាំងអស់ អញ្ជើញទៅធ្វើតេស្ត ជាលើកទី២ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ដែលក្រសួង សុខាភិបាល នឹងរៀបចំទីតាំង នៅបរិវេណ ក្រសួងមហាផ្ទៃ សម្រាប់បុគ្គលិក -មន្ត្រីរាជការ ស៊ីវិល និងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ដែលក្រសួងសុខាភិបាល នឹងរៀបចំទីតាំង នៅបរិវេណពហុកីឡាដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប៉ះពាល់ និងនៅតាមមន្ទីរសុខាភិបាល រាជធានី ខេត្ត (ដែលទទួលខុសត្រូវ ក្នុងការរៀបចំទីកន្លែង នៅពេលនោះ សម្រាប់អ្នកពាក់ព័ន្ធនៅតាមខេត្ត)៕PC /V