ដោយ: គង់ហេង/ កំពង់ចាម: ប្រព័ន្ធលូបង្ហូររំដោះទឹកកខ្វក់ចេញពីក្រុងកំពង់ចាម ដែលស្ថាបនាដោយខាងមន្ទីរសាធារណការ និងដឹកជញ្ជួនខេត្តកំពង់ចាម គឺសម្រេចបានចំនួន ៨០ភាគរយ ពោលគឺនៅសល់ការងារសង់អណ្តូងចំនួន មួយ និងការងារជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតពីការសាងសង់សំណង់មួយនេះប៉ុណ្ណោះ។
ប៉ុន្តែនៅក្នុងដំណើរដឹកនាំចុះត្រួតពិនិត្យសំណង់ការដ្ឋាននៅព្រឹកថ្ងៃទី ៧ ខែធ្នូលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាមបានផ្តាំផ្ញើដល់មន្ត្រីជាក្រុមបច្ចេកទេស ពិសេសខាងមន្ទីរសាធារណការ និងដឹកជញ្ជួនខេត្តនេះដែលជាអ្នកអនុវត្តគម្រោងស្ថាបនាប្រព័ន្ធលូនេះ ត្រូវគោរពតាមបទបច្ចេកទេសឱ្យបានត្រឹមត្រូវ។ ដើម្បីធានានូវគុណភាពសំណង់រឹងមាំ និងជៀសវាងការបាក់ស្រុត ឬហូរច្រោះដែលអាចបង្កឱ្យខូចខាតដល់សំណង់ថ្មី។
លោក និល ប៊ុនលី ប្រធានការដ្ឋានសាងសង់សំណង់លូខាងលើបានប្រាប់កាសែតរស្មីកម្ពុជានៅថ្ងៃទី ៧ធ្នូនេះដែរថា បច្ចុប្បន្នសំណង់ប្រព័ន្ធរំដោះទឹកកខ្វក់ចេញពីក្នុងក្រុងកំពង់ចាម គឺស្ថាបនាបានចំនួន ៨០ភាគរយហើយ។ ដោយការងារនៅសេសសល់ចំនួន ២០ ភាគរយទៀតនោះមាន ការងារសង់អណ្តូងចំនួនមួយ និងការងារជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីការស្ថាបនាសំណង់ប្រព័ន្ធលូនេះ។
គួររំលឹកថា ប្រព័ន្ធរំដោះទឹកកខ្វក់ចេញពីក្រុងកំពង់ចាមបានចាប់ផ្តើមស្ថាបនា កាលពីចុងខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ។ ក្រោយពីប្រព័ន្ធលូនេះ ដែលបានសង់កាលពីសម័យអាណានិគមន៍និយមបារាំង បានបាក់ស្រុតអស់សួនច្បារប្រណីត និងធ្លាក់ម៉ូតូមួយគ្រឿងដែលម្ចាស់បានជិះឆ្លងកាត់តំបន់គ្រោះថ្នាក់នោះ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ១៣ កញ្ញា។ ប៉ុន្តែមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្សឡើយ៕