ដោយៈ ជាសីហៈ/ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទូលជួប លោក ម៉ាយឃើល តាន (Michael Tan) ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា ដែលបានចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកបានបញ្ចប់ បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។
លោក លី ធុជ បានថ្លែងថា នាជំនួបកាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ខ្ញុំបានអនុញ្ញាតឲ្យ លោកឯកអគ្គរដ្ឋទូត សឹង្ហបុរីប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិ នៅកម្ពុជា។
នាឱកាសនោះលោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់ប្រជាជន និងរាជរដ្ឋាភិបាល កម្ពុជា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការ និងគាំទ្រចំពោះបេសកកម្មការទូតរបស់ លោក នៅកម្ពុជានាពេលកន្លងមក។ ឯកអគ្គរដ្ឋទូត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការងារបោសសម្អាតមីននៅកម្ពុជា ដែលបានចូលរួមផ្តល់នូវដីសុវត្ថិភាពដល់ប្រជាពលរដ្ឋ គាំពារដល់សុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។
លោក លី ធុច ក៏បានថ្លែងអំណរគុណដល់ប្រទេសសិង្ហបុរី ដែលបានការចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា លើកិច្ចសហប្រតិបត្តិការ កសាងធនធានមនុស្ស ការអភិវឌ្ឍ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាដើម ជាពិសេសបានចូលរួមផ្តល់នូវការដឹកនាំ គ្រប់គ្រង និងគាំទ្រយ៉ាង សកម្មដល់មជ្ឈមណ្ឌល ARMAC ៕PC