Home ព័ត៌មានជាតិ សង្គម អាជ្ញាធរ​ខណ្ឌ...

អាជ្ញាធរ​ខណ្ឌទួលគោក​ដាក់​វេន​ប្រចាំការ​ជាប្រចាំ​ល្បាត​ឃ្លាំមើល​ទីតាំង​ហាង​ខារ៉ាអូខេ និង​ហាង​ម៉ាស្សា មិនឱ្យ​លួច​បើក​ដំណើរការ​ជាដាច់ខាត​

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: ដោយ​អនុវត្ត​ទៅតាម​ការណែនាំ​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​ការចុះ​បិទ​ទីតាំង​លួច​បើក​ខារ៉ាអូខេ និង​ហាង​ម៉ាស្សា នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ទួ​គោក អាជ្ញាធរ​ខណ្ឌទួលគោក ដឹកនាំ​ដោយ​លោក​ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក​បាន​ចុះ​ល្បាត​ឃ្លាំមើល​ជាប្រចាំ​ចំពោះ​ទីតាំង​ទាំងនេះ គឺ​បើ​មាន​សកម្មភាព​លួច​បើក​គឺ​កម្លាំង​ចុះ​បិទ​អាជីវកម្ម​តែម្តង ដើម្បី​ចូលរួម​បង្ការ​និង​ទប់ស្កាត់​ជម្ងឺ​កូ​វីដ​-១៩​ទាំងអស់គ្នា ខណៈ​ជំងឺ​នេះ​បាននិងកំពុង​រាលដាល​ចូល​សហគមន៍​ហើយ​នោះ ហើយក៏​មិនទាន់​ដឹងថា ត្រូវ​បញ្ចប់​នៅពេលណា​នោះដែរ​។​

​ជាក់ស្តែង​នា​រាត្រី​ថ្ងៃទី​៥​និង​ទី​៦​ខែធ្នូ ឆ្នាំ​២០២០​នេះ អាជ្ញាធរ​ខណ្ឌទួលគោក និង​អាជ្ញាធរ​សង្កាត់ បានដាក់​វេន​ប្រចាំការ​ជាប្រចាំ លើ​ការចេញ​ល្បាត​ឃ្លាំមើល​ទី​តាំងហាង​ខារ៉ាអូខេ និង​ហាង​ម៉ាស្សា​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​របស់ខ្លួន ដោយ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ដាក់ចេញ​ជា​វិធានការ​តឹងរឹង​បំផុត​ចំពោះ​អាជីវកម្ម ក្លឹប​កម្សាន្ត និង​ខារ៉ាអូខេ​ណា ដែល​បន្ត​លួច​បើក​ដំណើរការ​។ បាន​បន្ត​ចុះ​អនុវត្តន៍​ស្រាវជ្រាវ​មិនឱ្យ​មាន ជាដាច់ខាត​នៅក្នុង​មូលដ្ឋាន គឺជា​ការទទួលខុសត្រូវ​ខ្ពស់បំផុត ចំពោះ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋនៅក្នុង​ដែន​សមត្ថកិច្ច ស្រប​ពេលដែល​បញ្ហា​ជំងឺ​កូ​វីដ​-១៩​នេះ កំពុង​រាលដាល​ដល់​ស​ហគ​មន៍​។​

​មន្ត្រីរដ្ឋបាល​ខណ្ឌទួលគោក​បានឱ្យដឹងថា​៖​ផ្ទះ​ម៉ាស្សា មាន​៥​ទីតាំង នៅក្នុង​សង្កាត់​ទឹកល្អក់​ទី​៣​ក្នុងនោះ​រួមមាន​៖ ១-​ផ្ទះ​ម៉ាស្សា​ស្នាដៃ​នារី​ខ្មែរ ដែល​ស្ថិតនៅ​ផ្លូវ​២១៨ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក​។ ២-​ផ្ទះ​ម៉ាស្សា​ស្នាដៃឯក ដែល​ស្ថិតនៅ​ផ្លូវ​២១៨ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក​។ ៣- ផ្ទះ​ម៉ាស្សា​ស្ចំ​ប៉ី ដែល​ស្ថិតនៅ​ផ្លូវ​២១៨ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក​។ ៤-​ផ្ទះ​ម៉ាស្សា​១២០០០​រៀល ដែល​ស្ថិតនៅ​ផ្លូវ​២៦១ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក​។ ៥-​ផ្ទះ​ម៉ាស្សា​៧៧៧៧ ដែល​ស្ថិតនៅ​ផ្លូវ​២៦៥​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក​។​

​ចំពោះ​ទីតាំង​ទាំងនេះ ត្រូវបាន​អាជ្ញាធរ​ខណ្ឌទួលគោក ដឹកនាំ​ដោយ​លោក​ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ដាក់បទបញ្ជា​ឱ្យ​ចុះ​បិទ​ជា​បណ្តោះអាសន្ន​ហើយ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular