ដោយ: អង្គរតូច/សៀមរាប: រដូវរំហើយមកដល់វាលស្រែពោរពេញដោយស្រូវ បានប្តូរពីបៃតងទៅជាពណ៌មាសឆ្អិនឆ្អៅ នៅក្នុងរមណីយដ្ឋានអង្គរយ៉ាងស្រស់ស្អាត។ ប្រជាកសិករក៏កំពុងមមាញឹកក្នុងការប្រមូលផលស្រូវ បើទោះជាហត់នឿយ តែទឹកមុខពោរពេញទៅដោយស្នាមញញឹម។
បច្ចុប្បន្ន បច្ចេកវិទ្យាក្នុងវិស័យកសិកម្មបានរីកចម្រើន ទំនើបជាខ្លាំងក៏ពិតមែន ហើយកសិករបានផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងមនុស្ស សត្វ ពាហនៈ មកប្រើម៉ាស៊ីនដើម្បីបង្កបង្កើនផល។ ក៏ប៉ុន្តែអ្នកភូមិក្នុងតំបន់អង្គរ នៅតែបន្តរក្សាបាននូវប្រពៃណីប្រវាស់ដៃគ្នាច្រូតកាត់ តាមទម្លាប់ដែលមានតាំងយូរណាស់មកហើយ ហើយការប្រវាស់ដៃគ្នានេះ ក៏មានតាំងពីដក ស្ទូង ភ្ជួររាស់ និងដឹកជញ្ជូនផងដែរ។
ការប្រវាស់ដៃគ្នាច្រូតកាត់ គឺបង្ហាញពីសាមគ្គីភាពក្នុងសហគមន៍ ដែលចេះជួយគ្នាទៅវិញទៅមក ចំណាយតិច សប្បាយរីករាយ និងច្រូតកាត់បានស្អាតល្អជាងប្រើម៉ាស៊ីន។
លោកឡុង កុសល អ្នកនាំពាក្យអង្គាភអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី៧ខែធ្នូនេះ បានថ្លែងថា ការប្រកាន់ខ្ជាប់នូវទំនាមទម្លាប់បុរាណកាល របស់អ្នក ស្រុកនៅតំបន់អង្គរនេះ អង្គភាពអាជ្ញាធរជាតិអប្សរា សូមសម្តែងនូវការកោត សរសើរ និងគាំទ្រចំពោះការថែរក្សាបាននូវសាមគ្គីភាពក្នុងការច្រូតកាត់ ការប្រើឧបករណ៍បុរាណ រួមទាំងទំនៀមទម្លាប់របស់អ្នកស្រុកអង្គរទាំងការរស់នៅ ពិធីបុណ្យ និងជំនឿផ្សេងៗឱ្យនៅតែរស់រវើក មានជីវិតដល់សព្វថ្ងៃ៕