ដោយ: ប.ខុន / ភ្នំពេញ: ផលត្រីចាប់បានតាមគន្លងដាយកាលពីក្នុងខ្នើតកន្លងទៅបើប្រៀប ធៀបខែដូចគ្នាទៅនឹងឆ្នាំមុន ឃើញថា ឆ្នាំនេះល្អជាងទាំងត្រីធំនិងត្រីប្រហុក និង សង្ឃឹមថាត្រីប្រហុកអាចចាប់បានច្រើននៅក្នុងខ្នើតខែបុស្ស(ចុងខែធ្នូ)។ នេះបើ តាមលោកម៉ូត ហូរសាន់អ្ណកធ្វើអាជីវកម្មនេសាទតាមគន្លងដាយជួលពីរដ្ឋនៅរាជធានីភ្នំពេញ។
អ្នកធ្វើអាជីវវកម្មនេសាទខាងលើនិយាយឱ្យដឹងទៀតថា ត្រីដែលចាប់បាន នៅក្នុងខ្នើតកន្លងទៅ ត្រីធំៗមានមិនច្រើនទេតែលក់បានថ្លៃត្រីសម្រាប់ធ្វើប្រហុក ក៏លក់បានថ្លៃដែរ។ ពេលនេះ ទឹកទន្លេនៅខ្ពស់ត្រីសម្រាប់ធ្វើប្រហុកអាចធំធាតុ ថែមទៀតនិងអាចចាប់បានច្រើននៅពេលខាងមុខដោយសារគន្លងដាយជាច្រើន នៅឆ្នាំនេះទាំងនៅក្នុងខេត្តកណ្តាលក៏ដូចនៅភ្នំពេញត្រូវបានគេទុកទំនេចោល។ ដាយដែលបានធ្វើអាជីវកម្មមានចំនួនតិច អាចចាប់ត្រីបានច្រើនមិនមែនដោយ សារត្រីច្រើនទេ។
លោក ងិន ឌី នាយខណ្ឌរដ្ឋបាលជលផលរាជធានីភ្នំពេញ បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៧ខែធ្នូឆ្នាំ២០២០ថា ផលត្រីដែលចាប់បាននៅតាមគន្លងដាយឆ្នាំ២០១៩ គឺ៨តោនប្រហាកប្រហែលនឹងត្រីចាប់បាននៅក្នុង២០២០នេះដែរ។ ត្រីចាប់បានកន្លងទៅត្រូវបានគេរាយការណ៍មកថាលក់បានថ្លៃ។ គន្លងដាយចំនួន១២ នៅក្នុងចំណោមគន្លងដាយចំនួន២២ នៅរាជធានីភ្នំពេញឆ្នាំនេះ មិនមានអ្នកជួលទេ ដោយសារទឹកទន្លេមានកម្ពស់ទាបខ្លាំងពេក កាលពីពាក់កណ្តាលរដូវវស្សា។ ត្រីសម្រាប់ធ្វើប្រហុក អាចនឹងចាប់បាននៅក្នុងខ្នើតខែក្រោយ បើផ្អែកទៅតាមស្ថានភាពទឹកទន្លេនៅសល់។
លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៦ខែធ្នូថា ទឹកទន្លេមេគង្គនៅចតុមុខ និងទឹកបឹងទន្លេសាបនៅក្រគរ កំពង់លួង មានកម្ពស់ទាបជាងកម្ពស់ទឹកមធ្យម ច្រើនឆ្នាំ តែខ្ពស់ជាងកម្ពស់ទឹកឆ្នាំ២០១៩រយៈពេលដូចគ្នានេះ។ នៅចតុមុខកាល ពីថ្ងៃទី៦ខែធ្នូ ទឹក មានកម្ពស់៣.៨២ម៉ែត្រខ្ពស់ជាងថ្ងៃទី៥ខែធ្នូ ១.២៩ម៉ែត្រ ។ នៅ ក្រគរ កំពង់លួងទឹកមានកម្ពស់៤.៨២ម៉ែត្រ ១.៤៩ម៉ែត្រ៕