ដោយ:ដេប៉ូ/ភ្នំពេញ:មន្ត្រីនាំពាក្យនៃក្រសួងអប់រំយុវជន និង កីឡាបានថ្លែងថាការប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូមបានធ្វើឡើងនាថ្ងៃទី៧ខែធ្នូឆ្នាំ២០២០នេះហើយ ប៉ុន្តែលទ្ធផលរួមនៃការប្រឡងក្រសួងអប់រំបានកំណត់ឱ្យតាមសាលាទាំងអស់នឹងផ្ញើរជូនក្រសួងអប់រំនៅត្រឹមថ្ងៃទី១៤ខែធ្នូឆ្នាំ២០២០ខាងមុខនេះ។
បញ្ជាក់ប្រាប់រស្មីកម្ពុជា នារសៀល ថ្ងៃទី៧ ខែ ធ្នូ ឆ្នាំ ២០២០ នេះ លោក រស់សុវាចាមន្ត្រីនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងថា “ការចេញលទ្ធផលប្រឡងឌីប្លូមមិនមានទម្រង់ដូចការចេញលទ្ធផលបាក់ឌុបទេក្នុងនេះមានន័យថាបាក់ឌុបយើងចេញក្នុងពេលតែមួយ ហើយក្រសួងមានលទ្ធផលរួមក្នុងថ្ងៃតែមួយ ប៉ុន្តែដោយឡែកការចេញលទ្ធផលឌីប្លូមគឺធ្វើឡើងនៅថ្ងៃទី៧ធ្នូ នៅគ្រប់កម្រិតសាលារៀនទាំងអស់នឹងចេញលទ្ធផលជូនសិស្សដែលដែលបានប្រឡងហ្នឹង ប៉ុន្តែក្រសួងមិនទាន់មានលទ្ធផលក្នុងថ្ងៃ៧ធ្នូនេះទេ ហើយក្រសួងបានធ្វើការណែនាំឱ្យសាលាទាំងអស់ផ្ញើរលទ្ធផលមកក្រសួងត្រឹមថ្ងៃទី១៤ខែធ្នូឆ្នាំ២០២០”។
បើតាមលោករស់សុវាចាបានឱ្យដឹងបន្ថែមថា “ក្នុងន័យនេះគឺដោយសារតែការប្រឡងឌីប្លូមយើងរៀបចំឡើងគ្រប់តំណាក់កាលនៃការប្រឡងដោយធ្វើឡើងក្នុងកម្រិតនៃគ្រឹះស្ថានសាលារៀនផ្ទាល់ អញ្ចឹងឥតមានទម្រង់ដូចបាក់ឌុបទេដែលជាការប្រឡងថ្នាក់ជាតិទេ”។
គួរបញ្ជាក់ថាបើតាម លោក រស់ សុវាចា បានឱ្យដឹងនាកន្លងមកថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូ កាលពីថ្ងៃ៣០ វិច្ឆិកា ដល់ ថ្ងៃ០១ ធ្នូ ២០២០ បានបញ្ចប់ទៅដោយរលូនតាមការគ្រោងទុកនៅទូទាំង២៥ខេត្ត-រាជធានី។
លោកថាការប្រឡង ឬឌីប្លូ កន្លងមកគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា មេប្រយោគ បេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធបានអនុវត្តបច្ចេកទេស នីតិវិធីប្រឡង និងវិធានការសុវត្ថិភាពសុខភាពខ្ជាប់ខ្ជាន់។បេក្ខជនអវត្តមានមួយចំនួនតូច ដោយមូលហេតុបុគ្គល។គ្មានហេតុការណ៍ ឬប្រធានស័ក្តអ្វីកើតឡើងគួរឱ្យកត់សម្គាល់ទេ។
មន្ត្រីនាំពាក្យរូបនេះបានឱ្យដឹងផងថា”នាឆ្នាំនេះការប្រឡងឌីប្លូមគឺគ្រឹះស្ថានសិក្សាជាអ្នករៀបចំគ្រប់ដំណាក់កាលនៃការប្រឡងដូចឆ្នាំមុនដែរ ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ យុវជន និងកីឡាទាំង២៥ខេត្ត-រាជធានីតាមការចាំបាច់”។
បើតាម លោក រស់ សុវាចា បានឱ្យដឹងបន្ថែមថា៖ ការប្រឡងឌីប្លូមសម័យប្រឡង ៣០ វិច្ឆិកា ២០២០ បានប្រព្រឹត្តទៅនៅតាមគ្រឹះស្ថានសិក្សាផ្ទាល់ តាម ២៥ ខេត្ត-រាជធានី ដោយមានបេក្ខជនប្រឡងសរុបចំនួនជាង ១៥០០០០នាក់ ក្នុងនេះមានបេក្ខនារី ៨ម៉ឺននាក់ និងមានមណ្ឌលប្រឡងចំនួន ១,៧២៩ ស្នើនឹង ៧,១៤១ បន្ទប់ប្រឡង៕