Home ព័ត៌មានជាតិ នយោបាយ សម្តេច​ក្រឡាហ...

សម្តេច​ក្រឡាហោម ស ខេង ចេញ​បទបញ្ជា​ស្តីពី​ការផ្អាក​ការចូល​នៅក្នុង​បរិវេណ​ក្រសួងមហាផ្ទៃ​

ដោយ​: វង្ស សុភាព / ភ្នំពេញ​: សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​បានចេញ​បទបញ្ជា​ស្តីពី​ការផ្អាក​ការ​ចូលមក​បំពេញការងា​រ​ជា​បណ្តោះអាសន្ន ចំពោះ​មន្ត្រីរាជការ​ដែល​បម្រើកា​រងារ​នៅក្នុង​បរិវេណ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។ នេះ​បើ​យោងតាម​បទបញ្ជា​ចុះ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា អនុវត្តតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដោយមាន​ការពិគ្រោះ​ពិភាក្សា​ជាមួយ​ក្រសួងសុខាភិបាល ដើម្បី​បង្ការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​នគរបាលជាតិ និង​មន្ត្រី​ពន្ធនាគារ ដែល​បម្រើ​ការងារ​ក្នុង​បរិវេណ​ទីស្តីការ​ក្រសួងមហាផ្ទៃ ក៏ដូចជា​ការឆ្លង​រីក​រាលដាល​នៅក្នុង សហគមន៍ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្រេច​ចេញ​បទបញ្ជា ដូចខាងក្រោម​៖

១. ផ្អាក​ការចេញ​-​ចូលមក​បំពេញការងា​រ​ជា​បណ្តោះអាសន្ន​ក្នុង​បរិវេណ​ទីស្តីការ​ក្រសួងមហាផ្ទៃ ចំពោះ​មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​នគរបាលជាតិ និង​មន្ត្រី​ពន្ធនាគារ នៅតាម​អគ្គនាយកដ្ឋាន និង​អង្គភាព​នានា ដែលមាន​ទីតាំង​ស្ថិតក្នុង​បរិវេណ​ទីស្តីការ​ក្រសួងមហាផ្ទៃ ចាប់ពី​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២០ នេះ រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។​

២. ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​នគរបាលជាតិ និង​មន្ត្រី​ពន្ធនាគារ ដែល​បម្រើ​ការងារ​នៅតាម អគ្គនាយកដ្ឋាន ឬ​អង្គភាព​នានា ដែលមាន​ទីតាំង​ស្ថិតក្នុង​បរិវេណ ទីស្តីការ​ក្រសួងមហាផ្ទៃ ដែល មិនទាន់បាន​យក​សំណាក​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​រក​វីរុស​កូ​រីដ​១៩ ត្រូវ​រួសរាន់​មក​យក​សំណាក នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០ ក្នុង​បរិវេណ​ទីស្តីការ​ក្រ​សទង​មហាផ្ទៃ​។​

៣.​ក្នុងអំឡុងពេល​នៃ​ការផ្អាក​ការចេញ​-​ចូលមក​បំពេញការងា​រ​ជា​បណ្តោះអាសន្ន​នេះ ថ្នាក់ដឹកនាំ មន្ត្រី រាជការ​ស៊ីវិល មន្ត្រី​នគរបាលជាតិ និង​មន្ត្រី​ពន្ធនាគារ ដែល​បម្រើ​ការងារ​នៅតាម​អគ្គនាយកដ្ឋាន ឬ អង្គភាព​នានា​ដែលមាន​ទីតាំង​ស្ថិតក្នុង​បរិវេណ​ទីស្តីការ​ក្រសួងមហាផ្ទៃ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ ឱ្យបាន​ត្រឹមត្រូវ និង​ហ្មត់ចត់​បំផុត តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល និង ត្រូវ​ណែនាំ​ដល់​ក្រុមគ្រួសារ​របស់ខ្លួន ឱ្យ​អនុវត្ត​វិធានការ​ការពារ​ជំងឺ​កូវ​ដ​១៩ ដើម្បី​រួមគ្នា​បង្ការ​ទប់ស្កាត់ ការឆ្លង​ជំងឺ​នេះ​នៅក្នុង​សហគមន៍​។​

៤. ដើម្បី​ធានា​និរន្តរភាព​ការងារ​របស់​ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​នគរបាលជាតិ និង​មន្ត្រី​ពន្ធនាគារ ដែល​បម្រើ​ការងារ​នៅក្នុង​បរិវេណ​ទីស្តីការ​ក្រសួងមហាផ្ទៃ ត្រូវបំពេញ​ការងារ​ពី ចម្ងាយ​តាមរយៈ​អន​ឡាញ​។​

​អគ្គនាយកដ្ឋាន និង​អង្គភាព​នានា ដែលមាន​ទីតាំង​ស្ថិតក្នុង​បរិវេណ​ទីស្តីការ​ក្រសួងមហាផ្ទៃ ត្រូវ​ចាត់​មន្ត្រី ដែល​មិន​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ជាមួយនឹង “​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​” ពី ០៥ ទៅ ០៧​នាក់ ឱ្យមក​ប្រចាំការ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ហើយ​ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​មន្ត្រី​ប្រចាំ ការ​ទាំងនោះ បញ្ជូនមក​អគ្គលេខាធិកា​រដ្ឋា​ន ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២០ នេះ​។ មន្ត្រី ដែល​ត្រូវបាន​ចាត់​ឱ្យមក​ប្រចាំការ​ទាំងនោះ ត្រូវអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​នូវ​វិធានការ​ការពារ​ជំងឺ​កូ​វីដ ១៩​។ ប្រគល់​ភារកិច្ច​ជូន ឯកឧត្តម​សន្តិ​បណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា នាយក​ខុទ្ទកាល័យ​សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ដឹកនាំ​សម្រប សម្រួល​ការងារ​មន្ត្រី​ប្រចាំការ​នេះ​។​

៥. អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ត្រូវ​ប្រមូល​មកវិញ​នូវ​ប័ណ្ណ​ចេញ​-​ចូល​ទីស្តីការ​ក្រសួងមហាផ្ទៃ ដែល​បាន​ផ្តល់ជូន​យោងតាម​សេចក្តីណែនាំ​លេខ ០៥៣ ស​ណន ចុះ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២០ ហើយ​ត្រូវ​រៀបចំ​ប័ណ្ណ​ចេញ​-​ចូល​ថ្មី ដើម្បី​ផ្តល់ជូន​ចំពោះតែ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ដែល​ត្រូវបាន​ចាត់ ឱ្យមក​ប្រចាំការ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ដូច​បានកំណត់​ក្នុង​ចំណុច​ទី​៤ ខាងលើ​។​

​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​នគរបាលជាតិ និង​មន្ត្រី​ពន្ធនាគារ ដែល​បំពេញការងារ​ក្នុង​បរិវេណ ទីស្តីការ​ក្រសួងមហាផ្ទៃ ត្រូវ​អនុវត្តតាម​បទបញ្ជា​នេះ​ឱ្យបាន​ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព ប្រកបដោយ​ស្មារតី​ទទួល ខុសត្រូវ​ខ្ពស់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular