Home ព័ត៌មានអន្តរជាតិ ចិន​៖ វា​អាស្...

ចិន​៖ វា​អាស្រ័យ​លើ​អាម៉េរិក​នៅក្នុង​ការសំរេច​ចិត្ត​ត្រឹមត្រូវ​ដើម្បី​ទាក់ទង​ជាមួយ​ចិន​

​ប្រែ​សម្រួលៈ​វាសនា​/​ប៉េកាំង​៖ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក​ម៉ៃ ផ​ម​ផេវ បាន​និយាយថា សហរដ្ឋ​អាម៉េរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​បក្ស​កុំម្មុយនីស្ត​ចិន​ណា​ដែល​ជាប់​ពាក់​​ព័ន្ធ​នឹង​សកម្មភាព​បង្ខិតបង្ខំ​មួយចំនួន​។​

​ថ្លែង​ទៅ​កាន់​ក្រុម​មេដឹកនាំ​ធុរកិច្ច​មកពី​បណ្តា​ក្រុមហ៊ុន​អាម៉េរិក​កាលពី​ថ្ងៃ​ចន្ទ​ទី​០៧​ធ្នូ រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី បាន​និយាយថា វា​អាស្រ័យ​លើ​អាម៉េរិក​ក្នុងការ​ធ្វើ​ការសំរេចចិត្ត​ត្រឹមត្រូវ​ស្តីពី​​ទំនាក់ទំនង​ចិន​-​អាម៉េរិក​នាពេល​អនាគត​។​

​លោក​វ៉ាង បាន​និយាយថា លោក​សង្ឃឹម​និង​មានជំនឿថា គោលនយោបាយ​របស់​អាម៉េរិក​ស្តី​អំពី​ចិន​នៅ​ទីបំផុត​នឹង​«​វិល​មក​រក​តថភាព​និង​ហេតុផល​និយម​»​ដោយ​ប្រទេស​ទាំង​ពីរ​គួរ​បន្ត​ការចរចា​​នៅ​គ្រប់​កំរិត​។​

​ប្រមុខ​ការទូត​ចិន​រូបនេះ​បាន​សង្កត់ធ្ងន់ថា អាម៉េរិក​គួរ​គោរព​បទដ្ឋាន​អន្តរជាតិ និង​នៅ​អោយ​ឆ្ងាយ​ពី​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​។​

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​កាលពី​ថ្ងៃ​សុក្រ​បានប្រកាសថា​អាម៉េរិក​បាន​ដាក់​ទណ្ឌកម្ម​ពួក​មន្ត្រី​បក្ស​កុំម្មុយនីស្ត​ចិន​ណា​ដែល​ត្រូវបាន​ចោទប្រកាន់​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​បង្ខិតបង្ខំ​។​លោក​បាន​ពន្យល់​ថា​សកម្មភាព​ខូច ត្រូវបាន​ប្រើ​សំរាប់​បង្ខិតបង្ខំ​និង​បំភ័យ​មេដឹកនាំ​ប្រទេស​តូចតាច សហគមន៍​ចិន​នៅ​ក្រៅប្រទេស ព្រមទាំង​ក្រុម​បញ្ញវន្ត​និង​សង្គម​ស៊ីវិល​នៅ​អាម៉េរិក​រួមទាំង​នៅក្នុង​ប្រទេស​​ដទៃទៀត​។​

​មុននេះ ក្រសួងការបរទេស​អាម៉េរិ​កបាន​សំរេច​បញ្ចប់ក​ម្ម​វិធី​ផ្លាស់ប្តូរ​វប្បធម៌​ជាមួយ​ចិន​ចំនួន​៥ ដោយ​បាន​ពណ៌នា​ពួកវា​ថា​ជា​ឧបករណ៍​ឃោសនា​អំណាច​ទន់​របស់​ចិន​ប៉េកាំង​។​

​សូមបញ្ជាក់​ថា សហរដ្ឋ​អាម៉េរិក​និង​ចិន​មាន​បញ្ហា​ទំនាក់ទំនង​នឹង​គ្នា​ចាប់តាំងពី​ឆ្នាំ​២០១៧ នៅពេល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្ត្រ​សន្តិសុខ​ជាតិ​របស់​ខ្លួន ដោយ​ពណ៌នា​ចិន​ថា​ជា​​ការ​គំរាម​ធំ​មួយ​ចំពោះ​ផលប្រយោជន៍​អាម៉េរិក​នៅក្នុង​ពិភពលោក​។​

​ទំនាក់ទំនង​នេះ​កាន់តែ​ជូរចត់​ឡើង​កាលពី​រដូវក្តៅ ឆ្នាំ​២០១៨ នៅពេល​រដ្ឋាភិបាល​អាម៉េរិក​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​តំលៃ​៥០​ពាន់​លាន​ដុល្លារ ក្នុង​បំណង​ធ្វើអោយមាន​តុល្យភាព​ពាណិជ្ជកម្ម​ជាមួយ​ចិន​។​​ទណ្ឌកម្ម​របស់​អាម៉េរិក​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​Huawei វា​កាន់តែ​បញ្ឆេះ​ទំនាក់ទំនង​ទ្វេភាគី ហើយ​ប្រទេស​ទាំង​២​បានធ្វើការ​វាយ​ពន្ធ​ពិន័យ​គ្នា​ទៅវិញទៅមក​។​ការប្រឈមមុខ​គ្នា​អំពី​សេដ្ឋកិច្ច​ប៉ះ​​ពាល់​ដល់​ការទូត​។​

​ឆ្នាំនេះ ទំនាក់ទំនង​រវាង​ប្រទេស​មហាអំណាច​ផុត​លេខ​ទាំង​២ បាន​ធ្លាក់ចុះ​ដល់​ចំណុច​ទាប​បំផុត នៅពេល​អាម៉េរិក​ចោទប្រកាន់​ចិន​ប៉េកាំង​យ៉ាង​ចំហ​និង​គ្មាន​ភស្តុតាង​ថា ចិន​ជា​ប្រភព​ចម្លងជំងឺ​កូវី​ដ​១៩​ទៅកាន់​ផ្នែក​ផ្សេងៗ​នៃ​ពិភពលោក​៕

​អ្នកការទូត​ចិន វ៉ាង យី សង្ឃឹមថា គោលនយោបាយ​អាម៉េរិក​អំពី​ចិន នឹង​ងាក​មក​រក​ការពិត​និង​ភាពសមហេតុ​ផល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular